អន្តរជាតិ
សារឆ្នាំថ្មី៖ មេដឹកនាំតៃវ៉ាន់បោះដៃរកចិន ត្រៀមចរចា
01, Jan 2021 , 5:19 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថតពី Xinhua និងការិយាល័យមេដឹកនាំតៃវ៉ាន់
ប្រធានាធិបតីចិន ស៊ី ជិនភីង និងមេដឹកនាំតៃវ៉ាន់ Tsai Ing-wen ។ រូបថតពី Xinhua និងការិយាល័យមេដឹកនាំតៃវ៉ាន់
ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានបោះដៃទៅរកចិនក្នុងសារអបអរឆ្នាំថ្មី។ ក្នុងសុន្ទរកថាថ្ងៃទី៣១ ខែធ្នូ លោកស្រី Tsai និយាយថា តៃវ៉ាន់ត្រៀមខ្លួនជជែកជាមួយចិនប្រកបដោយអត្ថន័យ បើសិនភាគីទាំងពីរទុកការខ្វែងគំនិតគ្នាដោយឡែក។


ទំនាក់ទំនងឆ្លងច្រកតៃវ៉ាន់ មិនល្អឡើយតាំងពីលោកស្រី Tsai Ing-wen ឡើងកាន់ជាប្រធានាធិបតីតៃវ៉ាន់នៅឆ្នាំ២០១៦ ដោយលោកស្រីមាននិន្នាការខ្លាំងរកការប្រកាសឯករាជ្យ។ តៃវ៉ាន់ រងសម្ពាធខ្លាំងពីសំណាក់ចិនដីគោកទាំងការទូត និងយោធា។ ជារឿយៗ យន្តហោះចម្បាំងចិនហោះទៅកៀកដែនកោះនេះ ខណៈនាវាចម្បាំង ពិសេសនាវាដឹកយន្តហោះផងនោះ តែងបើកកាត់ច្រកសមុទ្រខណ្ឌចែកទឹកដីចិនទាំងពីរ។ 

ថ្លែងសុន្ទរកថាមុនឆ្លងឆ្នាំថ្មី លោកស្រី Tsai និយាយថា ឆ្នាំកន្លងមក សកម្មភាពកងទ័ពចិនក្បែរតៃវ៉ាន់ បានបង្កការគំរាមដល់សន្តិសុខ និងស្ថិរភាពនៅតំបន់ឥណ្ឌ-ប៉ាស៊ីហ្វិក។ លោកស្រីប្រកាសថា តៃវ៉ាន់បន្តប្រកាន់ខ្ជាប់គោលការណ៍របស់ខ្លួនដដែលក្នុងទំនាក់ទំនងជាមួយចិន។ បន្ថែមពីលើនោះ សកម្មភាពរបស់ចិន ក៏មិនបានរារាំងមេដឹកនាំតៃវ៉ាន់ បោះដៃរកចិនដើម្បីចូលតុចរចាដែរ។

«ដរាបណាអាជ្ញាធរប៉េកាំង តាំងចិត្តលុបបំបាត់ការបង្ករឿង ហើយជំរុញទំនាក់ទំនងឆ្លងច្រកសមុទ្រតៃវ៉ាន់ ដោយអនុវត្តតាមគោលការណ៍ទៅមក សុចរិតភាព យើងមានឆន្ទៈជំរុញឲ្យមានកិច្ចសន្ទនាដ៏មានអត្ថន័យ។» លោកស្រី Tsai បញ្ជាក់បែបនេះក្នុងសុន្ទរកថារបស់ខ្លួននៅថ្ងៃទី៣១ ខែធ្នូ។

បច្ចុប្បន្ន ចិន និងតៃវ៉ាន់គ្មានបណ្ដាញទំនាក់ទំនងផ្លូវការឡើយ ក្រោយចិនកាត់ផ្ដាច់នៅឆ្នាំ២០១៦ ពេលលោកស្រី Tsai ចូលកាន់តំណែង។ ចិនដាក់លក្ខខណ្ឌឲ្យតៃវ៉ាន់ទទួលខ្លួនជាផ្នែកមួយរបស់ចិនសិន ទើបអាចភ្ជាប់ទំនាក់ទំនងឡើងវិញបាន តែលោកស្រី Tsai មិនព្រម។ មេដឹកនាំតៃវ៉ាន់ រំពឹងថា ពេលជំងឺកូវីដ-១៩ផុតរលត់ទៅ ការផ្លាស់ប្ដូររវាងទឹកដីទាំងពីរ អាចចាប់ផ្ដើមឡើងវិញ ហើយអាចបន្ធូរបន្ថយការយល់ឃើញខុសគ្នាផងដែរ។

គេមិនឃើញមានការឆ្លើយតបរបស់ចិនឡើយ។ ក្នុងសុន្ទរកថាអបអរឆ្នាំថ្មី ប្រធានាធិបតី ស៊ី ជិនភីង ក៏មិនបាននិយាយអ្វីទាក់ទងតៃវ៉ាន់ដែរ៕
 

Tag:
 តៃវ៉ាន់
  ចិន
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com