ជាតិ
ទោះគ្មានពិធីពិសេស តែខេត្តជាប់សមុទ្រមានអ្នកទៅលេងរាប់ម៉ឺននាក់ នាថ្ងៃឆ្លងឆ្នាំ
01, Jan 2021 , 5:05 pm        
រូបភាព
ដោយ:
ខេត្តកំពត, កែប និងព្រះសីហនុ ទទួលបានភ្ញៀវទេសចរជិត ១៦មុឺននាក់ ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២១ ។ ក្នុងនោះខេត្តកំពតទទួលបាន ៧ម៉ឺននាក់, កែបជាង ៥ម៉ឺននាក់, និងព្រះសីហនុជាង ៣ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍ភ្ញៀវទេសចរក្នុងខេត្តនីមួយៗ ។

 
ទោះមិនមានការរៀបចំកម្មវិធីឆ្លងឆ្នាំ នៅតាមខេត្តនាទិសនិរតី ប៉ុន្តែភ្ញៀវទេសចរនៅតែមានចំនួនគួរឲ្យកត់សម្គាល់មួយផងដែរ។ ក្នុងនោះខេត្តកំពត នៅតែឈរជាខេត្តដែលមានទេសចរទៅកម្សាន្តច្រើនក្នុងចំណោមខេត្តជាប់មាត់សមុទ្រ នាឱកាសឆ្លងឆ្នាំ២០២១នេះ។
 
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ភ្ញៀវទេសចរជាង ៧ម៉ឺននាក់នេះគឺបានបែងចែកជាពីរ គឺទេសចរដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងអំឡុងពេលថ្ងៃប្រមាណ ២ម៉ឺននាក់។ ទេសចរប្រមាណ ៥ម៉ឺននាក់ទៀត ដើរកម្សាន្តក្នុងពេលរាត្រីឆ្លងឆ្នាំ។


 
លោក សយ ស៊ីណុល បន្ថែមដូច្នេះថា៖ « តំបន់ទេសចរណ៍ ដែលមានភ្ញៀវទៅកម្សាន្តច្រើនជាងគេ គឺតំបន់ទឹកឈូរ និង តំបន់ភ្នំបូកគោ។ សណ្ឋាគារ និងផ្ទះសំណាក់ ទាំងអស់មានភ្ញៀវទេសចរ ស្នាក់នៅពេញទាំងអស់ និងមានទេសចរខ្លះគាត់សម្រាក ដោយការបោះតង់តាមរីសត »។
ដោយឡែកសម្រាប់ខេត្តកែបវិញ មានទេសចរចំនួន ៥១ ១៦៨នាក់។ ទេសចរជាតិចំនួន ៥០ ៩៦៨ និងទេសចរអន្តរជាតិ ២០០នាក់។ បើតាមលោក សោម ចិន្ដា ចំនួនទេសចរនេះមានការថយចុះ ៧៦,៤១ភាគរយ។
 
សម្រាប់ខេត្តព្រះសីហនុវិញ លោក តាំង សុចិត្តគ្រឹស្នា បានលើកឡើងថា ខេត្តព្រះសីហនុ បានទទួលទេសចរសរុបចំនួន ៣៦ ៨៤៨នាក់ ក្នុងនោះមានទេសចរអន្តរជាតិចំនួន ១ ៥៧០នាក់។ សម្រាប់ភ្ញៀវទេសចរ ដែលទៅកម្សាន្តតាមកោះនានាមានចំនួន ២ ១៣៣នាក់។
ជារួមទោះមានភ្ញៀវទេសចរ ក្នុងចំនួនច្រើនបែបនេះ តែវិធានសុវត្ថិភាព នៅតែត្រូវបានអនុវត្តតាមរមណីយដ្ឋាននានា ដូចជាការពាក់ម៉ាស់ លាងដៃ និងការវាស់កម្ដៅជាដើម។ ដោយឡែកសម្រាប់ការរក្សាគម្លាតវិញនៅ មានការខ្វះចន្លោះព្រោះមាន ចំនួនភ្ញៀវទេសចរច្រើនពេក ពិបាកគ្រប់គ្រង៕
 




 

Tag:
 ឆ្លងឆ្នាំ
  កំពត
  កែប
  ព្រះសីហនុ
 ទេសចរណ៍
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com