ជាតិ
សួនផ្កា «ដំណក់ទឹកភ្លៀង» នៅចំការសំរោងពីរ ដែលមានសម្រស់ប្រៀបដូចព្រិល
01, Jan 2021 , 11:59 pm        
រូបភាព
ភ្នំពេញ៖ សួនផ្កា «ដំណក់ទឹកភ្លៀង» កំពុងបញ្ចេញសម្រស់ដូចព្រិល នៅលើផ្ទៃដីប្រមាណ១ហិកតា ដែលកំពុងមានការទាក់ទាញខ្លាំង ក្នុងទឹកដីភូមិចំការសំរោងពីរ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចចូលថតរូបកម្សាន្ត ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៦ល្ងាច ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ហើយត្រូវចំណាយ ៦ ០០០រៀល ក្នុងម្នាក់ដើម្បីចូល។


 
សួនផ្កា «ដំណក់ទឹកភ្លៀង» មានទីតាំងស្ថិតនៅក្នុងភូមិចំការសំរោងពីរ ខេត្តបាត់ដំបង ដែលមានចម្ងាយ១គីឡូម៉ែត្រ ពីទីរួមខេត្ត ដោយធ្វើដំណើរចេញពីរង្វង់មូលដៃ៨ ចំណាយពេល ៥នាទី។ ផ្កាដែលមានពណ៌ ស មានសម្រស់ដូចជាព្រិលក្រាលលើដី កំពុងបង្អួតភាពស្រស់ត្រកាលនៅលើដីខេត្តបាត់ដំបង។ ភ្ញៀវទេសចរអាចចូលទស្សនា និងថតរូបលេងកម្សាន្តស្អាត ចាប់ពីម៉ោង ៧ព្រឹក រហូតដល់ ៦ល្ងាច ដោយបើកដំណើរការ ពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ ដោយភ្ញៀវទេសចរម្នាក់ត្រូវចំណាយ ៦ ០០០រៀល ដើម្បីអាចចូលក្នុងសួន។  



លោក វៀច គង់ហ៊ុយ មានអាយុ៣៦ឆ្នាំ ជាម្ចាស់សួនផ្កា ដំណក់ទឹកភ្លៀង បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរស័ព្ទថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តដាំផ្កាមួយប្រភេទនេះ ព្រោះផ្កានេះមានពណ៌ស ហើយនៅពេលវារីក មើលទៅដូចជាព្រិលក្រាលលើដី ហើយខ្ញុំពិតជាស្រលាញ់ផ្កាពណ៌សនេះមែនទែន។ ផ្កានេះខ្ញុំដាំនៅចុងខែ កក្កដា ហើយវារីកនៅខែធ្នូ ឆ្នាំ២០២០នេះ បើគិតទៅវាត្រូវការពេល ៤ខែកន្លះ ទើបរីកស្អាត »។
 
ម្ចាស់សួនផ្កា ដំណក់ទឹកភ្លៀង បន្ថែមថា ៖«ម្យ៉ាងទៀត ខ្ញុំមានហាងដេគ័រផ្កាសម្រាប់ពិធីផ្សេងៗ ដូច្នេះការដាំផ្កាដោយខ្លួនឯងនឹងជួយកាត់បន្ថយការចំណាយ ដោយការនាំចូលផ្កាពីបរទេសដែលវាមានតម្លៃថ្លៃ ហើយណាមួយសម្រស់ផ្កានេះ ក៏ជួយលើកមុខខេត្តមាត់ខេត្តផងដែរ»។
 
គួរបញ្ជាក់ផងដែរថា ក្រៅពីផ្កា ដំណក់ទឹកភ្លៀង សួនផ្កានេះក៏មានផ្កាឈូករ័ត្នផងដែរ ដែលមានពណ៌លឿង ស និង ក្រហម។ សួនផ្កា ដំណក់ទឹកភ្លៀង ក៏គ្រោងនឹងបិទនៅកណ្តាលខែ មករា ឆ្នាំ២០២១ ដោយសារដល់ពេលត្រូវប្រមូលផលផ្កា និងដាំសាជាថ្មី៕






 ប្រភព៖​ Battam

Tag:
 Thmeythmey25
  សួនផ្កាដំណកទឹកភ្លៀង
  ខេត្តបាត់ដំបង
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com