កីឡាជាតិ
ជាតិ
ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ចិន នៅ​ថ្ងៃ​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​
02, Jan 2021 , 7:59 am        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ចិន ដើម្បី​អបអរ​ក្នុង​ថ្ងៃ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែល​គ្រោង​បញ្ចប់​ការសាងសង់​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១ ខាងមុខនេះ​។ ក្នុង​ថ្ងៃនោះ ក៏មាន​ការរៀបចំ​សាកល្បង​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។

 
​បើ​ពុំមាន​ការប្រែប្រួល​ទេ​កីឡដ្ឋាន​បាល់ទាត់​ស្តង់ដា​អន្តរជាតិ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​នៅ​អំឡុង​ខែឧសភា ឆ្នាំ​២០២១ ខាងមុខនេះ​។ បើតាម​ការវាយតម្លៃរ​ប​ស់លោក ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ មកទល់ពេលនេះ ការសាងសង់​សម្រេចបាន​ជាង​៨០​ភាគរយ​ហើយ​។​
 
​ក្រោយ​សាងសង់​រួចរាល់​១០០​ភាគរយ ពហុ​កីឡដ្ឋាន ដែល​សាងសង់​ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន​មួយ​នេះ អាច​នឹង​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០២១​តែម្តង​ក្នុងករណី​បញ្ចប់​ការសាងសង់​តាម​ការគ្រោងទុក​។ ប៉ុន្តែ​ប្រសិនបើ​ការសាងសង់​ត្រូវបាន​អូសបន្លាយ នោះ​ការសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ក៏ត្រូវ​អូសបន្លាយ​ពេលវេលា​ផងដែរ​។ 


សកម្មភាពក្រុមកីឡាករជម្រើសជាតិកម្ពុជាប្រកួតជាមួយចិន ក្នុងវគ្គជម្រុះ AFC U23 Championship នៅពហុកីឡដ្ឋានជាតិ កាលពីឆ្នាំ២០១៧ 

​ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានលើកឡើង​ពី​ផែនការ​ជាច្រើន ដែល​ត្រូវធ្វើ​ក្នុង​ថ្ងៃ​សម្ពោធ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។ ក្រៅពី​កិច្ចការ​ពាក់ព័ន្ធ​វិធី​សម្ពោធ ក៏មាន​ការសម្តែង និង​ប្រកួត​កីឡា ដើម្បី​អបអរ​ក្នុង​ថ្ងៃនោះ​ផងដែរ​។ 
 
​បន្ថែម​លើ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម នឹង​សហការ​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏ដូចជា​ភាគី​ចិន រៀបចំ​ការប្រកួត​បាល់​ទាត់​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ជាមួយ​ក្រុម​ម​ជម្រើស​ជាតិចិន ដើម្បី​អបអរ​ក្នុង​ថ្ងៃ​សម្ពោធ​សមិទ្ធផល ដែលជា​ជំនួយឥតសំណង​របស់​ចិន​មក​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក វ៉ា​ត់ ចំរើន​។ 
 
​ក្រៅពី​ការប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ គណៈកម្មការ CAMSOC អាច​នឹង​រៀបចំ​សាកល្បង​នូវ​ពិធី​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម ដើម្បី​ទុកជា​បទពិសោធ​មុន​ឈានដល់​ការបើក​ការប្រកួត​ផ្លូវការ​នៅ​ឆ្នាំ​២០២៣​។ ការធ្វើ​បែបនេះ វា​ក៏​ជា​យន្តការ​មួយ​ជួយ​ឲ្យ​កម្ពុជា​អាច​ស្វែងរក​ចំណុច​ខ្វះខាត​របស់ខ្លួន​មក​កែលម្អ ដើម្បី​ឲ្យ​ការបើក​ការប្រកួត​ផ្លូវការ​ទទួលបាន​ជោគជ័យ​ផងដែរ​។​
 
​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​សាងសង់ឡើង​ក្នុង​គោលបំណង ដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជា​ប្រវត្តិសាស្ត្រ​នូវ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ និង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេងៗ​ទៀត​នៅក្រោយ​ឆ្នាំ​២០២៣​។  
 
​កីឡដ្ឋាន​លំដាប់​អន្តរជាតិ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ចិន សាងសង់​លើ​ផ្ទៃដី​ជាង​១៦​ហិកតា ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង​១៥៨​លាន​ដុល្លារ ដែលជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ប្រមាណ​៦​ម៉ឺន​នាក់ និង​អាច​ជ​ម្លៀ​ង​ទស្សនិកជន​ត្រឹមតែ​៧​នាទី​ក្នុងករណី​មាន​ហេតុការណ៍​មិន​ប្រក្រតី​កើតឡើង​។​
 
​សមិទ្ធផល​ទី​ពីរ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃទី​៤ មេសា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ រួមមាន​មជ្ឈមណ្ឌល​អាង​ហែល​ទឹក មជ្ឈមណ្ឌល​កីឡា​ក្នុង​សាល​, ទីលាន​បាល់បោះ​, និង​អគារ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​៕
 
 
 

Tag:
 វ៉ា​ត់ ចំរើន​
  ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ
© រក្សាសិទ្ធិដោយ thmeythmey.com