លោក Dwayne Johnson ដែលគ្រប់គ្នាស្គាល់ថា «The Rock» នៅតែរក្សាតំណែងជាតារាសម្ដែងហូលីវូដដែលមានចំណូលច្រើនផុតគេលើពិភពលោក សម្រាប់ពេល២ឆ្នាំផ្ទួនគ្នាហើយ ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes ។
ចន្លោះពីខែមិថុនា ឆ្នាំ២០១៩ និងខែមិថុនា ឆ្នាំ២០២០ អតីតអត្តពលិកកីឡាកាស WWE លោក Johnson រកចំណូលសរុបរហូតដល់ ៨៧,៥លានដុល្លារ ក្នុងនោះ ២៣,៥លានដុល្លារ បានមកពីការចូលសម្តែងក្នុងភាពយន្តថ្មីរបស់ Netflix ចំណងជើងថា «Red Notice»។ នេះបើតាម Forbes ។ បន្ថែមពីនេះ លោក ក៏កាក់កបនឹងជំនួញលក់សំលៀកបំពាក់លោកផងដែរ ដែលហៅថា «Project Rock»។
ទោះបីបន្តគ្រងតំណែងដដែលក៏ពិតមែន ចំណូលលោក បានថយចុះតិចតួច បើធៀបនឹងឆ្នាំ២០១៩ ដែលលោករកបាន៨៩,៤លានដុល្លារ។ តារាសម្តែងមាឌធំក្រអាញរូបនេះ ឈរលើតារាងរបស់ Forbes លើកដំបូងក្នុងឆ្នាំ២០១៦ ដោយកាលនោះលោករកបាន៦៤,៥លានដុល្លារ។
តាមពីក្រោយគឺ លោក Ryan Reynolds ដែលចូលរួមសម្តែងជាមួយលោក Johnson ក្នុងភាពយន្ត «Red Notice» ដែលនឹងចាក់បញ្ចាំងនាឆ្នាំ២០២១ខាងមុខ។ តារាសម្តែងអាមេរិក-កាណាដា Ryan Reynolds រកចំណូលបាន ៧១,៥ពាន់លានដុល្លារ ក្នុងនោះ២០លានដុល្លារពីរឿង Red Notice និង២០លានដុល្លារទៀត ពីរឿង Six Underground របស់ Netflix ។ លោកក៏មានរឿងទី៣ជាមួយ Netflix ផងដែរ ដែលកំពុងថត។
តារាហូលីវូដម្នាក់ទៀត គឺ Mark Wahlberg ដែលឈរនៅចំណាត់ថ្នាក់ទី៣ ជាមួយចំណូល ៥៨លានដុល្លារ។ ចំណូលនេះ គឺបានមកពីថតរឿងថ្មី ចំណងជើង Spencer Confidential ក៏ដូចជាតួនាទីលោកក្នុងការផលិតភាពយន្តឯកសារ ២ ចំណងជើង រួមមាន McMillions និង WahlStreet ។
លោក Bem Affleck ដែលសម្តែងជា Batman កាលពីប៉ុន្មានឆ្នាំកន្លងទៅ មុននឹងរបូតតំណែងនេះទៅ Robert Pattinson ឈរនៅលេខ ៤ ជាមួយចំណូល៥៥លានដុល្លារ។ ចំណូលនេះ គឺមកពីការសម្តែងក្នុងភាពយន្តខ្នាតធំ ចំណងជើង The Way Back និង The Last Thing He Wanted ។
មកដល់លំដាប់លេខ៥ គឺជាតារាសាច់ដុំម្នាក់ទៀត ឈ្មោះ Van Diesel ដែលបន្តរកលុយបាន៥៤លានដុល្លារ បើទោះជាកាលបរិច្ឆេទបញ្ចាំងរឿង Fast and Furious 9 ត្រូវពន្យារពេលដល់ឆ្នាំ២០២១។ ចំណូលមួយផ្នែកធំរបស់លោក សម្រាប់ឆ្នាំនេះ គឺបានមកពីការចូលរួមរបស់លោកក្នុងភាពយន្តគំនូរចីវចល របស់ Netflix ចំណងជើងថា Fast and Furious Spy Races ។
តារាសម្តែងដែលស្ថិតនៅតារាង Top Ten ផ្សេងទៀត គឺមានដូចជា តារាសម្តែងជនជាតិឥណ្ឌា Akshay Kumar (៤៨,៥លានដុល្លារ), តារាសម្ដែងអាមេរិក Lin-Manuel Miranda (៤៥,៥លានដុល្លារ), តារាអាមេរិក Will Smith (៤៤,៥លានដុល្លារ), តារាអាមេរិក Adam Sandler (៤១លានដុល្លារ) និងតារាចិន Jackie Chan (៤០លានដុល្លារ)៕