COVID-19
អន្តរជាតិ
ដូច​រដ្ឋសភា​ដែរ ព្រឹទ្ធសភា​អាមេរិក​ទាត់ចោល​សិទ្ធិ​វ៉េតូ​របស់លោក ត្រាំ លើ​កញ្ចប់​ថវិកា​ការពារជាតិ​
02, Jan 2021 , 11:11 am        
រូបភាព
ប្រធានក្រុមមតិភាគច្រើនព្រឹទ្ធសភាអាមេរិក លោក Mitch McConnell ។ របថត AFP
ប្រធានក្រុមមតិភាគច្រើនព្រឹទ្ធសភាអាមេរិក លោក Mitch McConnell ។ របថត AFP
​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃទី​១ ខែមករា បាន​បោះឆ្នោត​ទាត់ចោល​ការប្រើ​សិទ្ធិ​វ៉េតូ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើ​កញ្ចប់​ថវិកា​ការពារជាតិ​។ លោក ត្រាំ បាន​បដិសេធ​មិន​ចុះហត្ថលេខា​លើ​សេចក្ដីស្នើច្បាប់​នេះ ព្រោះ​មិន​ពេញចិត្ត​ចំណុច​មួយចំនួន​ទាក់ទង​ការផ្ដល់​ជំនួយ​ឲ្យ​បរទេស និង​ការគ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​។ នេះ​ជា​លើកដំបូង​ដែល​ព្រឹទ្ធសភា​កាន់កាប់​ដោយ​បក្ស​សាធារណរដ្ឋ បោះឆ្នោត​ទាត់ចោល​អំណាច​វ៉េតូ​លោក ត្រាំ ។

 
​ក្នុង​កិច្ចប្រជុំ​ដ៏​កម្រ​ធ្វើឡើង​នៅ​ថ្ងៃទី​មួយឆ្នាំ​ថ្មី ព្រឹទ្ធសភា​អាមេរិក បាន​បោះឆ្នោត​ដោយ​សំឡេង​៨១​ទល់នឹង​១៣ ដើម្បី​ទាត់ចោល​ការជំទាស់ (​វ៉េតូ​) របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងការ​ចុះហត្ថលេខា​លើ​សេចក្ដីស្នើច្បាប់​ការពារជាតិ​ឆ្នាំ​២០២១ ដែល​ទំហំ​៧៤០​ពាន់​លាន​ដុល្លារ​។ សំឡេង​នេះ គឺ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​សេចក្ដីស្នើច្បាប់​នេះ ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត ក្រោយ​សភា​តំណាង បាន​បោះឆ្នោត​ដូចគ្នានេះ​ដោយ​សំឡេង​ពីរភាគបី​ដែរ​កាលពីដើម​សប្ដាហ៍​។​
 
​កញ្ចប់​ថវិកា​ការពារជាតិ​នេះ គ្រប់​ដណ្ដប់​ទាំងស្រុង​លើ​បញ្ហា​ការពារជាតិ​ទាំង​ការទិញ​អាវុធ ការចំណាយ​ប្រាក់ខែ​កងទ័ព និង​គោលនយោបាយ​ការពារជាតិ​ផង​។ ប៉ុន្តែ​ក្រោយ​សភា​ទាំងពីរ​អនុម័ត​រួចរាល់ បែរជា​លោក ត្រាំ ប្រកាស​មិន​ចុះហត្ថលេខា​ទៅវិញ​ដោយ​ទាមទារ​ឲ្យ​កែ​ចំណុច​មួយចំនួន​សិន ទើប​លោក​សុខចិត្ត​ស៊ី​ញ៉េ​ដូចជា​បញ្ញត្តិ​ដែល​ការពារ​ក្រុមហ៊ុន​បណ្ដាញ​សង្គម និង​ការដូរ​ឈ្មោះ​បន្ទាយ​យោធា​ដែល​ដាក់​តាម​មេទ័ព​ផ្ដាច់ខ្លួន​កាលពី​សម័យ​សង្គ្រាមស៊ីវិល​។​
 
​មុន​ការបោះឆ្នោត​នៅ​វិមាន​កា​ពី​តូ​ល ប្រធាន​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា លោក Mitch McConnell និយាយថា ព្រឹទ្ធសភា​បានអនុម័ត​ច្បាប់​ថវិកា​ការពារជាតិ​៥៩​ឆ្នាំ​ជាប់​គ្នា ដូចនេះ​ព្រឹទ្ធសភា​នឹងធ្វើ​ឲ្យ​មាន​ជា​លើក​ទី​៦០​នៅ​ឆ្នាំ​នេះដែរ​។ 
 
​នេះ​ជា​លើកដំបូង​ដែល​ការប្រើ​សិទ្ធិ​វ៉េតូ​របស់លោក ត្រាំ ត្រូវបាន​សភា​ទាត់ចោល​។ ជិត​បួន​ឆ្នាំ​មកនេះ លោក ត្រាំ ប្រើ​សិទ្ធិ​វ៉េតូ​៨​ដង​មកហើយ ដោយ​គ្មាន​ការជំទាស់​ពីស​ភា​ឡើយ ដែល​នេះ​ជិត​ក្លាយជា​កំណត់ត្រា​មួយ​ទៅហើយ​។ ចាប់តាំងពី​អាណត្តិ​ប្រធានាធិបតី លីន​ដុន ច​ន​សុន ប្រធានាធិបតី​អាមេរិក​គ្រប់រូប​សុទ្ធតែ​ត្រូវបាន​សភា​បោះឆ្នោត​ទាត់ចោល​សិទ្ធិ​វ៉េតូ​។​
 
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​បក្ស​សាធារណរដ្ឋ ត្រូវបាន​មើលឃើញថា ចាប់ផ្ដើម​ងាក​ចេញពី​លោក ត្រាំ ដែល​ជិត​អស់​អាណត្តិ​ទៅហើយ ខណៈ​លោក​មិនទាន់​ទទួលស្គាល់​បរាជ័យ​ទល់នឹង​លោក ចូ បៃ​ឌិន នៅឡើយ​ដែរ​។ លោក ត្រាំ ផ្ទាល់ បាន​រិះគន់​សមាជិក​បក្ស​គ្នាឯង​ថា មិន​ព្រម​ជួយ​លោក​ក្នុងការ​កែប្រែ​លទ្ធផល​បោះ​ឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា ២០២០ ដែល​លោក​អះអាង​ដោយ​គ្មាន​ព័ស្តុតាង​ថា ពោរពេញ​ដោយ​ការ​ក្លែងបន្លំ​៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com