COVID-19
អន្តរជាតិ
ការដាក់ពិន័យ​លើ​អ្នក​ល្មើស​វិធាន​ច​ត្តា​ឡី​ស័ក​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​
02, Jan 2021 , 1:59 pm        
រូបភាព
​ក្នុង​បរិបទ​កូ​វីដ​-១៩ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ បាន​ដាក់ចេញ​វិធានការ​រៀងៗ​ខ្លួន ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​សកល​ផង ក៏ដូចជា​ជួយសង្គ្រោះ​សេដ្ឋកិច្ច​ប្រទេស​ខ្លួន​ផង​។ ការដាក់​ច​ត្តា​ឡី​ស័ក ជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ខ្ពស់​មួយ​ដែល​ដាក់​អ្នក​សង្ស័យ​។ យ៉ាងណាក៏ដោយ គេ​ឃើញ​មាន​បុគ្គល​មួយចំនួន បាន​ល្មើស និង​លួច​រត់ចេញ​អំឡុង​១៤​ថ្ងៃនេះ​។ ការពិន័យ​ជា​ប្រាក់ និង​ការដាក់ទោសទណ្ឌ ត្រូវបាន​អនុវត្ត​ដើម្បី​ទប់ស្កាត់​ករណី​រត់ចេញ និង​ល្មើស​វិធាន​ច​ត្តា​ឡី​ស័ក​។​

 
​សម្រាប់​នៅ​កម្ពុជា ក្រសួងសុខាភិបាល នៅ​ខែវិច្ឆិកា កន្លងទៅ ក៏​បានចេញ​វិធានការ ជុំវិញ​អ្នក​ល្មើស​ច​ត្តា​ឡី​ស័ក​ផងដែរ​។ រាល់​អ្នក​ល្មើ​សនឹង​វិធានការ​នេះ អ្នក​ទាំងនោះ ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ២០​ម៉ឺន​រៀល ដល់ ១​លាន​រៀល ហើយ​ថែមទាំង​អាច​ត្រូវ​ផ្តន្ទាទោស​តាម​ក្រមព្រហ្មទណ្ឌ​ថែមទៀត​។ 
 
​ក្រៅពី​កម្ពុជា តើ​ប្រទេស​អាស៊ីអាគ្នេយ៍​ណាខ្លះ ដាក់ពិន័យ​លើ​អ្នក​ល្មើ​សច​ត្តា​ឡី​ស័ក​? 
 
១. វៀតណាម​
​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ នៅក្នុង​ប្រទេស វៀតណាម បានដាក់​ចេញ​វិធានការ​យ៉ាង​តឹងរ៉ឹង​លើ​អ្នក​ល្មើស​ការដាក់​ច​ត្តា​ឡី​ស័ក​។ តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម រាល់​អ្នក​ល្មើ​សនឹង​វិធាន​ច​ត្តា​ឡី​ស័ក​ដូច​ជាការ​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មិន​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​បដិសេធ​ការដាក់​ច​ត្តា​ឡី​ស័ក​អាច​ប្រឈម​នឹង​ការពិន័យ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ រួមទាំង​ការពិន័យ​ជា​ប្រាក់​ថែមទៀត​។ 
 
​ថ្មីៗ​នេះ បុរស​ជនជាតិ​វៀតណាម​ម្នាក់ ត្រូវបាន​អាជ្ញាធរ​វៀតណាម ស៊ើបអង្កេត​ពី​ការមិន​គោរព​វិធាន​ច​ត្តា​ឡី​ស័ក ដែល​អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​រហូតដល់ ១២​ឆ្នាំ​។​
 
២. មី​យ៉ាន់​ម៉ា​
​នៅ​មី​យ៉ាន់​ម៉ា​វិញ អ្នក​ល្មើ​សនឹង​វិធាន​ច​ត្តា​ឡី​ស័ក​ក្នុង​បរិបទ​កូ​វីដ​-១៩ ក៏ត្រូវ​រង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ផងដែរ​។ តាមច្បាប់​មី​យ៉ាន់​ម៉ា អ្នក​ល្មើ​សនឹង​វិធាន​ការដាក់​ដាច់ដោយឡែក​របស់​របស់​រដ្ឋាភិបាល​ថ្នាក់​តំបន់ និង​រដ្ឋ អ្នក​ទាំងនោះ នឹង​អាច​រង​ការចោទប្រកាន់​ពីបទ​ល្មើស​ដែល​មានចែង​ក្នុង​ច្បាប់​គ្រប់គ្រង​គ្រោះធម្មជាតិ​, ច្បាប់​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង និង​មាត្រា ១៨៨ នៃ​ក្រមព្រហ្មទណ្ឌ​ជាដើម​។ លើសពីនេះ អ្នក​ល្មើស​ក៏​អា​ចរង​ការពិន័យ​ជា​ប្រាក់​ផងដែរ​។ 
 
៣. សិង្ហ​បុរី​
​សិង្ហ​បុរី បាន​ដាក់ចេញ​វិធានការ​ជាច្រើន ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ស្របពេល​ករណី​ឆ្លង​ត្រូវបាន​រកឃើញ​ជា​បន្តបន្ទាប់​។ តាមរយៈ​ច្បាប់​ស្តីពី​ជំងឺឆ្លង អ្នក​ល្មើ​សនឹង​វិធាន​ច​ត្តា​ឡី​ស័ក ត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ៧​ពាន់​ដុល្លារ និង​អាច​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់ ៦​ខែ ឬ​ពិន័យ​ទាំងពីរ​។ កន្លងទៅ​អាជ្ញាធរ សិង្ហ​បុរី បាន​ពិន័យ​អ្នក​ល្មើស​ជា​ប្រាក់​ជាច្រើន​នាក់​មកហើយ​។ ចំណែក​ករណី​ជាប់ពន្ធនាគារ​មិនទាន់មាន​នៅឡើយ​ទេ​។ 
 
៤. ហ្វីលីពីន​
​ហ្វីលីពីន បាន​ដាក់ចេញ​ទណ្ឌកម្ម​មួយចំនួន ដើម្បី​ពិន័យ​អ្នក​ល្មើ​សច​ត្តា​ឡី​ស័ក​។ រាល់​បុគ្គល​លើ្ម​សនឹង​វិធាន​នេះ អាច​ពិន័យ​ជា​ប្រាក់​រហូតដល់​ជាង ១០០​ដុល្លារ និង​ជាប់ពន្ធនាគារ​រហូតដល់ ៣០​ថ្ងៃ​។ ក្នុង​ខែមេសា​កន្លងទៅ លោក​ប្រធានាធិបតី  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ព្រមាន​ថា លោក​នឹង​បញ្ជា​កម្លាំង​ប៉ូលិស និង​ទាហាន បាញ់​សម្លាប់ចោល​តែម្តង លើ​អ្នក​ដែល​មិន​គោរព​បម្រាម​បិទ​តំបន់​។ ប៉ុន្តែ​ករណីនេះ អាច​កើតឡើង ក្នុងពេល​ហ្វីលីពីន​រងគ្រោះ​ដោយសារ​កូ​វីដ​-១៩ ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។ 
 
៥. ម៉ាឡេស៊ី​
​នៅក្នុង​ខែមិថុនា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាឡេស៊ី លោក Ismail Sabri Yaakob បាន​បញ្ជាក់ថា បុគ្គល​ទាំងឡាយណា ដែល​បំពាន​វិធានការ​ច​ត្តា​ឡី​ស័ក អាច​នឹង​ពិន័យ​ជា​ប្រាក់​ប្រមាណ ២៤៦​ដុល្លារ និង​អាច​ប្រឈមមុខ​ជាមួយនឹង​តុលាការ​ផងដែរ​។ 
 
​នៅក្នុង​ខែសីហា​កន្លងទៅ តុលាការ​ម៉ាឡេស៊ី បានដាក់​ពន្ធនាគារ​ជនជាតិ​ឥណ្ឌា​ម្នាក់​រហូតដល់ ៥​ខែ និង​ពិន័យ​ជា​ប្រាក់​ជិត ៣០០០​ដុល្លារ បន្ទាប់ពី​ល្មើស​វិធាន​ច​ត្តា​ឡី​ស័ក និង​បង្ក​ឲ្យ​មនុស្ស​ផ្សេងទៀត​ឆ្លង​កូ​វីដ​-១៩​។ ក្រៅពី​មិន​គោរព​ច​ត្តា​ឡី​ស័ក បុរស​ជនជាតិ​ឥណ្ឌា​រូបនេះ ក៏​រង​ពីបទ​ចោទ​ផ្សេងទៀត​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត The Straits Times​។​
 
៦. ឥណ្ឌូណេស៊ី​
​ដើម្បី​បង្ការ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស ដែល​ត្រូវបាន​រកឃើញ​ជាច្រើន​ក្នុង​មួយថ្ងៃៗ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​បញ្ជាក់ថា អ្នក​ល្មើ​សនឹង​វិធានការ​ច​ត្តា​ឡី​ស័ក​អាច​នឹង​ជាប់ពន្ធនាគារ​រយៈពេល ៥​ថ្ងៃ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជិត ១​ពាន់​ដុល្លារ​។ ការពិន័យ​នេះ គឺ​ផ្អែក​ទៅតាម​ច្បាប់​ស្តីពី​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​ឆ្នាំ ១៩៨៨​។ 
 
 
៧. ព្រុយ​ណេ​
​យ៉ាងណាមិញ ព្រុយ​ណេ ក៏មាន​ច្បាប់​ពិន័យ​អ្នក​ល្មើស​វិធាន​ច​ត្តា​ឡី​ស័ក​ផងដែរ​។ តាមច្បាប់​ស្តីពី​ការបង្ការ និង​ច​ត្តា​ឡី​ស័ក​នៃ​ជំងឺឆ្លង អ្នក​ល្មើស​អាច​ពិន័យ​ជា​ប្រាក់​រហូតដល់ ៥០០​ដុល្លារ និង​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​។ 
 
៨. ថៃ​
​ចំណែក​ប្រទេសជិតខាង​កម្ពុជា​វិញ ថៃ បាន​ព្រមាន កាលពី​ខែមីនា​ថា រាល់​អ្នក​ល្មើ​សនឹង​វិធាន​ច​ត្តា​ឡី​ស័ក អាច​នឹង​ពិន័យ​ជា​ប្រាក់​រហូតដល់​ជិត ៥​ពាន់​ដុល្លារ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ថៃ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​សូមបញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អាស៊ីអាគ្នេយ៍​ទាំងអស់ គេ​មិនឃើញ​មាន​ព័ត៌មាន​ទាក់ទង​ការដាក់ពិន័យ​ឡើយ ប៉ុន្តែ​ការអនុវត្ត​វិធាន​ច​ត្តា​ឡី​ស័ក ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ក្នុងប្រទេស​នេះ​៕

Tag:
 អាស៊ីអាគ្នេយ៍​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com