អន្តរជាតិ
សហរដ្ឋអាមេរិក​ដាក់​បំរាម​លើ​ការនាំ​ចូល​ផលិត​ប្រេងដូង​ម៉ាឡេស៊ី​
02, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ កម្មករ​ម្នាក់​កំពុង​បេះដូង​ប្រេង​នៅ​ចម្ការ​ដូងប្រេង​មួយកន្លែង​នៅ​ទីក្រុង Klang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ កម្មករ​ម្នាក់​កំពុង​បេះដូង​ប្រេង​នៅ​ចម្ការ​ដូងប្រេង​មួយកន្លែង​នៅ​ទីក្រុង Klang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​
ដោយ: VOA
​សហរដ្ឋអាមេរិក​ដាក់​បម្រាម​លើ​ការ​នាំចូល​ដូង​ប្រេ​ស​របស់​ម៉ាឡេស៊ី ដោយសារ​ក្រុមហ៊ុន​ប្រេងដូង Sime Darby របស់​ប្រ​ទស​នេះ ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​ដើម្បី​ផលិត​ប្រេងដូង​។​

 
​ដោយ​លើកឡើង​ពី​ការចោទប្រកាន់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ សហរដ្ឋអាមេរិក​បាន​ប្រកាសថា ខ្លួន​បាន​ហាមឃាត់​ការនាំ​ចូល​ប្រេងដូង​ពី​ក្រុមហ៊ុន​ម៉ាឡេស៊ី ឈ្មោះ Sime Darby Plantation Berhad​។​
 
​ទីភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន (CBP) របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​៣០ ខែធ្នូ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា ខ្លួន​បានចេញ​បទបញ្ជា​ដកហូត​ទុក​ដែល​អនុញ្ញាតឱ្យ​ទីភ្នាក់ងារ​នេះ រារាំង​ការដឹកជញ្ជូន​នៅក្នុង​សហរដ្ឋអាមេរិក​នៃ​ផលិតផល​ប្រេងដូង​របស់​ក្រុមហ៊ុន​សៀម ដា​ប៊ី (Sime Darby) ដែល​ផលិត​ដោយ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។​
 
​លោក Mark A. Morgan ស្នងការ​ស្តីទី​នៃ​ភ្នាក់ងារ​គយ​និង​ព្រំដែន បាន​មានប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍​ថា «​ការចេញ​សេចក្តី​បង្គាប់​ឱ្យ​ឃាត់ទុក​នេះ​បង្ហាញ​ពី​សារៈសំខាន់​ចាំបាច់ សម្រាប់​ជនជាតិ​អាមេរិក​ដើម្បី​ស្រាវជ្រាវ​ប្រភពដើម​នៃ​ផលិតផល​ប្រចាំថ្ងៃ​ដែល​ពួកគេ​ទិញ​»​។​
 
​អតិថិជន​អាមេរិក​អាចជួយ​បញ្ចប់​ទាសភាព​សម័យ​ទំនើប ដោយ​ជ្រើសរើស​ទិញ​ផលិតផល​ដែល​ពួកគេ​ដឹងថា មាន​លក្ខណៈ​ក្រមសីលធម៌​និង​ប្រើ​ធនធានមនុស្ស​ដោ​យម​នុស្ស​ធម៌​។​
 
​ប្រេងដូង​ត្រូវបាន​ប្រើ​នៅក្នុង​ផលិតផល​ជាច្រើន​ពី​អាហារ​រហូតដល់​គ្រឿងសម្អាង​និង​រហូតដល់​ចំហេះ​។ ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី ជា​អ្នក​នាំចេញ​ប្រេងដូង​ដ៏​សំខាន់​ដែលជា​ផលិតកម្ម​ត្រូវបាន​ស្តីបន្ទោស​ថា​នាំ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​។​
 
​បណ្តាញ​ទូរទស្សន៍​ខ្សែកាប CNN រាយការណ៍​ថា សហរដ្ឋអាមេរិក​បាន​នាំចូល​ប្រេងដូង​ឆៅ គិត​ជា​ទឹកប្រាក់​ប្រមាណ ៤១០ លាន​ដុល្លារ ពី​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំសារពើពន្ធ ២០២០​។​
 
​អ្នកស្រី Ana Hinojosa នាយិកា​នៃ​នាយកដ្ឋាន​ពង្រឹង​ច្បាប់ពាណិជ្ជកម្ម​របស់​ទីភ្នាក់ងារ​គយ​និង​ព្រំដែន បាន​ប្រាប់ CNN ថា​៖ «​ប្រេងដូង​គឺជា​គ្រឿងផ្សំ​នៅក្នុង​ផលិតផល​ជាច្រើន ដែល​អតិថិជន​អា​មេ រិ​ក ទិញ​និង​ប្រើប្រាស់ ហើយ​ខ្ញុំ​គិតថា វា​មាន​សារៈសំខាន់​សម្រាប់​ក្រុមហ៊ុន​ផលិត​និង​អ្នក​នាំចូល ត្រូវ​ដឹង​កន្លែង​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ និង​ទាមទារ​ឱ្យ​អ្នកផ្គត់ផ្គង់​របស់​ពួកគេ​ប្រកាន់ខ្ជាប់ ដើម្បី​ការពារ​សិ​ទិ្ធ​មនុស្ស​របស់​កម្ម​កររ​បស់​ពួកគេ​»​។​
 
​ក្រុមហ៊ុន Sime Darby មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការប្រកាស​ការហាមឃាត់​នោះទេ​។ នេះ​ជា​ក្រុមហ៊ុន​ទី ៣ របស់​ម៉ាឡេស៊ី​នៅ​ឆ្នាំនេះ ដែល​ត្រូវបាន​ហាមឃាត់​ដោយ​អាជ្ញាធរ​សហរដ្ឋអាមេរិក ដោយសារ​មានការ​ចោទប្រកាន់​ពី​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com