អន្តរជាតិ
ហ្វីលីពីន​ហាមឃាត់​អ្នកដំណើរ​ពី​អាមេរិក​បន្ទាប់ពី​មាន​ជំងឺ​កូ​វីដ​-19 ប្រភេទ​ថ្មី​នៅ​រដ្ឋ Florida
02, Jan 2021 , 4:19 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖​កង ម៉េង​ហុង
 
​អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ ២០២១ ប្រកាសថា ហ្វីលីពីន​នឹង​ហាមឃាត់​ការធ្វើដំណើរ​របស់​អ្នកទេសចរ​បរទេស​ពី​អាមេរិក​បន្ទាប់ពី​រកឃើញ​មានការ​ឆ្លង​កូ​វីដ​-១៩ ប្រភេទ​ថ្មី នៅក្នុង​រដ្ឋ​ផ្លរីដា​។ វិធានការ​ថ្មី នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​៣ ខែមករា​ទៅ​។ 

 
​បើតាម​ទី​ភ្នា​ក់​ព័ត៌មាន Reuters អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Harry Roque បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ហ្វីលីពីន​នឹង​ហាមឃាត់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​បរទេស​ពី​អាមេរិក​ចាប់ពី​ថ្ងៃទី​៣ ខែមករា រហូតដល់​ថ្ងៃទី​១៥ ខែមករា​។ អ្នកដំណើរ​ដែលមាន​ប្រវត្តិ​ទៅកាន់​អាមេរិក​រយៈពេល​១៤​ថ្ងៃ​ចុងក្រោយ ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាមឃាត់​ដែរ​។​
 
​វិធានការ​ខាងលើ ជា​ពង្រីក​ការ​រឹតត្បិត​ការធ្វើដំណើរ​ដែល​រដ្ឋាភិបាល​ទីក្រុង​ម៉ានីល​បានប្រកាស​នៅ​ថ្ងៃទី​២៩ ខែធ្នូ កន្លងទៅ​។ ការ​រឹត​ត្បឹ​ត​ដំបូង គ្របដណ្តប់​លើ​អ្នកដំណើរ​មកពី​ប្រទេស និង តំបន់​ចំនួន​១៩ តែប៉ុណ្ណោះ ហើយ​ចូល​ជា​ធរមាន​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​នៃ​ថ្ងៃទី ២៩ ខែធ្នូ​។​
 
​ទោះជា​យ៉ាងណា ការ​រឹតត្បិត​នេះ​មិន​រាប់បញ្ចូល​ជនជាតិ​ហ្វីលីពីន​ដែល​ធ្វើដំណើរ​ពី​សហរដ្ឋអាមេរិក​ឡើយ ប៉ុន្តែ​បន្ទាប់​ទៅដល់​ហ្វីលីពីន ពួកគេ​ក៏ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅ​កន្លែង​រៀបចំ​ដោយ​រដ្ឋាភិបាល​។ អ្នកដំណើរ​ពី​អាមេរិក​ដែល​ទៅដល់​ហ្វីលីពីន​មុន​ថ្ងៃទី​៣ ខែមករា ឆ្នាំ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​ហ្វីលីពីន តែ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤ ថ្ងៃ​សិន ទោះបីជា​ពួកគេ​បានធ្វើ​តេស្ត​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ លើកដំបូង​ពេលទៅដល់​ក៏ដោយ​។​
 
​ថ្មីៗ​នេះ មន្ត្រី​សុខាភិបាល​រដ្ឋ Florida បាន​រកឃើញ​ជំងឺ​កូ​វីដ​-១៩ ទម្រង់​ថ្មី​ដែល​រកឃើញ​ដំបូង​នៅ​អង់គ្លេស​។ Florida ជា​រដ្ឋ​ទី ៣ របស់​អាមេរិក​រកឃើញ​ករណីនេះ​។ ទម្រង់​ប្រភេទ​ថ្មី មិនទាន់​ត្រូវបាន​រកឃើញ​នៅក្នុង​ហ្វីលីពីន​នោះដែរ​។​
 
​គិត​មកដល់ពេលនេះ អ្នក​ឆ្លង​កូ​វីដ​-១៩ នៅ​ហ្វីលីពីន មាន​ច្រើនជាង​៤៧​ម៉ឺន​នាក់ និង​មាន​អ្នកស្លាប់​ជាង​៩​ពាន់​នាក់​៕
 
 

Tag:
 ហ្វីលីពីន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com