ជាតិ
ក្រសួងទេសចរណ៍​ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​ភាសា​ចិន​តាម​អន​ឡាញ​ដោយ​ឥតគិតថ្លៃ​
03, Jan 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ក្រសួងទេសចរណ៍ ត្រៀម​បើក​វគ្គ​បណ្ដុះបណ្ដាល​ភាសា​ចិន​កម្រិត​មូលដ្ឋាន ក្នុង​វិស័យ​ទេសចរណ៍​ដោយ​ឥត​បង់ថ្លៃ​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ប្រព្រឹត្ត​ទៅតាម​ប្រព័ន្ធ​អន​ឡាញ ដោយ​គ្រោង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០២១ ខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ក្រសួងទេសចរណ៍​។​


​វគ្គ​បណ្ដុះបណ្ដាល​ភាសា​ចិន​នេះ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងទេសចរណ៍ និង​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភាកម្ពុជា (CIRAC) ក្នុង​បំណង​ចូលរួម និង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ជាពិសេស​ផ្ដល់នូវ​ជំនាញ​ភាសា​ចិន សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ យុវជន សិស្ស និស្សិត និង​សាធារណជន​ដែល​មានបំណង​អភិវឌ្ឍ​សម​ត្តភាព​។​
 
​តាម​ការបញ្ជាក់​របស់​ក្រសួង វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង​ស្របតាម​ស្ដង់ដារ ព្រមទាំង​មានការ​បង្រៀន​ដោយ​គ្រូ​បរទេស ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ទៀតផង​។ សិក្ខាកាម​ដែល​បាន​សិក្សា​ជា ប់​ក្នង​ការវាយតម្លៃ​បញ្ចប់​វគ្គ​សិក្សា នឹង​ទទួលបាន​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា ដែល​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍ និង​វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​។​
 
​ទន្ទឹមនឹង​នេះដែរ នាយកដ្ឋាន​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ នៅតែ​បន្ត​បើក​វគ្គ​បណ្ដុះបណ្ដាល ជំនាញ​ទេសចរណ៍ និង​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ថ្មីៗ តាម​ប្រព័ន្ធ​អន​ឡាញ ផងដែរ ហើយ​ដែលជា​ឱកាសល្អ​សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ដែលមាន​បំណង ឬ​ខកខាន​ពុំបាន​ចុះឈ្មោះ​ចូលរៀន​។​
 
​សម្រាប់​យុវជន សិស្ស និស្សិត និង​សាធារណជន ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ លោក អ្នកនាង អាច​ចុះឈ្មោះ​ចូលរៀន​បាន តាម​គេហទំព័រ https://www.tptd.org ឬ​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​បន្ថែម តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ២៧៨ ៥៥២ និង ០៧៨ ៨៩៩ ៩១៩៕
 
 
 
 

Tag:
 ThmeyThmey25
  ក្រសួងទេសចរណ៍​
  ភាសា​ចិន​
 ​វិទ្យាស្ថាន​ខុង​ជឺ​
© រក្សាសិទ្ធិដោយ thmeythmey.com