អន្តរជាតិ
ឧក្រិដ្ឋកម្ម​សង្គ្រាមលោក​លើក​ទី​២៖ ការបង្កើត​អង្គជំនុំជម្រះ​តូ​ក្យូ​
03, Jan 2021 , 8:39 am        
រូបភាព
 ចៅក្រមទាំង១១រូបនៃអង្គជំនុំជម្រះតូក្យូ
ចៅក្រមទាំង១១រូបនៃអង្គជំនុំជម្រះតូក្យូ
ដោយ:
​នៅ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ ជប៉ុន​បាន​ចុះហត្ថលេខា​ចុះចាញ់​សង្គ្រាមលោកលើកទី​២ ជា​ផ្លូវការ និង​ការបញ្ចប់​សកម្មភាព​យោធា​ជាង​១៥​ឆ្នាំ នៅ​ចិន និង​ឧបទ្វីប​កូរ៉េ​។ ជា​ផ្នែក​មួយ​នៃ​ឯកសារ​ចុះចាញ់​សង្គ្រាម ជប៉ុន និង​សម្ព័ន្ធមិត្ត​ត្រូវអនុវត្ត​សេចក្តីថ្លែងការណ៍​ផត​ស្តាំ ឆ្នាំ​១៩៤៥(Potsdam Declaration)​។ សេចក្តីថ្លែងការណ៍​នេះ ជា​លទ្ធផល​នៃ​សន្និសីទ​រវាង​ចិន (​កាល​នៅ​ជា​សាធារណរដ្ឋ​) អង់គ្លេស និង​អាមេរិក​ស្តីពី​លក្ខខណ្ឌ​នៃ​ការចុះចាញ់​របស់​ជប៉ុន​។ គោលការណ៍​ទី​១០ នៃ​សេចក្តីប្រកាស​នោះ គឺ​ការសន្យា​កាត់ទោស​ឧក្រិដ្ឋជន​ដែល​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​អំឡុងពេល​ស​ង្គ្រា​ម​។​

 
​នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​១៩៤៦ ឧ​ត្ត​ម​សេនីយ៍​អាមេរិក​Douglas MacArthur ដែលជា​អគ្គមេបញ្ជាការ​កម្លាំង​សម្ព័ន្ធមិត្ត បានប្រកាស​អនុវត្ត​សេចក្តីប្រកាស​ផត​ស្តាំ​។ ផ្អែក​តាម​គោលការណ៍​ទី​១០ អង្គជំនុំជម្រះ​មួយ​ត្រូវបាន​បង្កើតឡើង​ដោយមាន​ឈ្មោះថា អង្គជំនុំជម្រះ​យោធា​អន្តរជាតិ​សម្រាប់​ចុង​បូព៌ា ឬ​ឈ្មោះ​ក្រៅ អង្គជំនុំជម្រះ​តូ​ក្យូ ដោយមាន​ទីតាំង​ក្នុង​រាជធានី​តូ​ក្យូ ដើម្បី​កាត់ទោស​ឧក្រិដ្ឋជន​សង្គ្រាម​ជប៉ុន​។ នៅ​ថ្ងៃ​ដដែល ឧ​ត្ត​ម​សេនីយ៍ MacArthur ក៏បាន​អនុម័ត​ធម្មនុញ្ញ​ស្តីពី​ការបង្កើត​អង្គជំនុំជម្រះ​នេះ​។​
 

ឧ​ត្ត​ម​សេនីយ៍​Douglas MasArthur និង​អធិរាជ​ជប៉ុន​។​រូបភាព​៖ US Army
 
​អង្គជំនុំជម្រះ​នេះ​មាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ជប៉ុន​ប្រ​ពឹ​ត្ត​ចាប់ពី​ការឈ្លានពាន​ដែនដី​ម៉ាន់​ជូ​រី​របស់​ចិន​ក្នុង​ឆ្នាំ​១៩៣១ រហូតដល់​ការចុះចាញ់​ក្នុង​ឆ្នាំ​១៩៤៥ ។ បន្ថែម​ពីនេះ អង្គជំនុំជម្រះ​ក៏មាន​យុត្តាធិការ​លើ​ឧក្រិដ្ឋកម្ម​ដែល​ប្រ​ពឹ​ត្ត​ក្នុង​ដែន​ណា​និគម​របស់​ប្រទេស​មហាអំណាច​ក្នុង​ទ្វីបអាស៊ី​ផងដែរ​។ អង្គជំនុំជម្រះ មាន​ចៅក្រម​ចំនួន​១១​រូប មកពី​អូស្ត្រាលី កាណាដា ចិន​(​សាធារណរដ្ឋ​) បារាំង នូ​វែ​ល​សេ​ឡង់ ហូ​ឡង់ អាមេរិក អង់គ្លេស សូ​វៀត ឥណ្ឌា និង​ហ្វីលីពីន​។​
 
​អង្គជំនុំជម្រះ​នេះ ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​១៩៤៦ រហូតដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​១៩៤៨ ដោយ​ចំណាយពេល​ជាង​២ ឆ្នាំ​ក្នុងការ​កាត់ទោស​ជនជាប់ចោទ​ចំនួន​២៨ រូប​។ មិន​ខុស​អ្វី​ពី​អង្គជំនុំជម្រះ​នូ​រេ​ម​ប៊ឺ​ក អង្គជំនុំជម្រះ​តូ​ក្យូ​កាត់ទោស​លើ​ឧក្រិដ្ឋកម្ម​ចំនួន​៣ គឺ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព​។ ចំណែក​បទ​ចោទ​វិញ​មាន​ចំនួន​៥៥ ដោយ​រួមមាន​ការធ្វើ​សង្គ្រាម​ប្រឆាំងនឹង​ហូ​ឡង់ (​នៅលើ​ទឹកដី​ឥណ្ឌូណេស៊ី​) បារាំង​(​នៅ​ឥណ្ឌូចិន​) សហភាពសូវៀត អាមេរិក ចិន អង់គ្លេស (​នៅ​ដែនដី​អាណានិគម​) ការប្រព្រឹត្ត​អំពើ​ហាមឃាត់​លើ​អ្នកទោស​សង្គ្រាម និង​ការ​មាន​ចេតនា​មិន​បង្ការ​អំពើ​ឃោរឃៅ​ទ្រង់ទ្រាយ​ធំ និង​ជា​ប្រព័ន្ធ​។​
 
​ជនជាប់ចោទ​ដែល​ត្រូវ​កាត់ទោស​មាន​ចំនួន​២៨​រូប ដូចជា​ជា​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី​សង្គ្រាម រដ្ឋមន្ត្រី​កងទ័ពជើងទឹក ប្រធាន​ក្រុមប្រឹក្សា​អធិរាជ​ជប៉ុន នាយខុទ្ទកាល័យ​គណៈរ​ដ្ឋ​មន្ត្រី ឯកអគ្គរាជទូត នាយសេនាធិការ​កងទ័ព​ជើងគោក នាយសេនាធិការ​កងទ័ព​ជើង​ទឹក ប្រធាន​ចារកិច្ច មេបញ្ជាការ​យោធា​ជប៉ុន​ប្រចាំ​មី​យ៉ាន់​ម៉ា កូរ៉េ មេទ័ព​ធំ និង​អ្នកនយោបាយ​ជប៉ុន​ជាច្រើនរូប​ទៀត​។​
 
​នៅក្នុង​សាលក្រម​របស់ខ្លួន អង្គជំនុំជម្រះ​សុទ្ធតែ​រកឃើញ​បុគ្គល​ទាំង​២៨​រូប​មាន​ពិរុទ្ធ​។ ជនជាប់ចោទ​ម្នាក់ ត្រូវ​កាត់ទោស​ជាប់ពន្ធនាគារ​២០​ឆ្នាំ ម្នាក់​ជាប់ពន្ធនាគារ​៧​ឆ្នាំ ៧​នាក់​ត្រូវ​ប្រហារជីវិត និង​នៅ​សេសសល់​ត្រូវជា​ប់ព​ន្ធា​គារ​មួយជីវិត​។ មូលហេតុ​ដែល​គ្មាន​ជនជាប់ចោទ​រួច​ទោស គឺ​ដោយសារតែ​អង្គជំនុំជម្រះ​តូ​ក្យូ​គិតថា ការរកឃើញ​ពិរុទ្ធភាព​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព ជា​លក្ខខណ្ឌ​ដែល​ត្រូវបំពេញ​ទុកជាមុន​ក្នុងការ​កាត់ទោស​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​។​
 


ជនជាប់ចោទ​ទាំង​២៨​នាក់​។ រូបភាព​៖AP
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​អង្គជំនុំជម្រះ​តូ​ក្យូ គឺ​ការចេញ​មតិ​ជំទាស់​របស់​ចៅក្រម​ហូ​ឡង់ និង​ឥណ្ឌា ក្នុងចំណោម​ចៅក្រម​ចំនួន​១១​។ មតិ​ជំទាស់​ទាំងពីរ លើកឡើង​ពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព ដ្បិតអី​ការកាត់ទោស​លើ​ឧក្រិដ្ឋ​កម្មនេះ​បំពាន​ទៅនឹង​គោល​កាណ៍​មិន​អនុវត្ត​ច្បាប់​បែប​ប្រតិសកម្ម ព្រោះ​នៅពេល​បទល្មើស​កំពុង​កើតឡើង ពុំទាន់​មានច្បាប់​ដាក់ទោស​នៅឡើយ​។ តាម​គោលការណ៍​នេះ ចៅក្រម Bert Röling របស់​ហូ​ឡង់​លើកឡើងថា គេ​មិនអាច​ឲ្យ​បុគ្គល​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឈ្លានពាន​ក្នុង​ច្បាប់​អន្តរជាតិ​ឡើយ​។​
 
​ដូចគ្នានេះដែរ ចៅក្រម Radhabinod Pal របស់​ឥណ្ឌា​វិញ អះអាងថា​ឧក្រិដ្ឋកម្ម​សង្គ្រាម​មិនមែនជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ​នៅពេលដែល​អង្គជំនុំជម្រះ​កំពុង​កាត់ទោស​ឡើយ​។ ចៅក្រម Pal លើកឡើងថា នៅពេល​គ្មាន​និយមន័យ​ជាក់លាក់ ឧក្រិដ្ឋកម្ម​ឈ្លានពាន​ត្រូវបាន​បកស្រាយ​អាស្រ័យទៅលើ​ផលប្រយោជន៍​។ លោក​ទទួលស្គាល់ថា សកម្មភាព​របស់​ជប៉ុន​គ្រាន់តែ​ជា​ប្រតិកម្ម​មួយពេល​ប៉ុណ្ណោះ​ទល់នឹង​ការរក​រឿង​របស់​បស្ចិម​លោក ឬ​បារម្ភ​ពី​លទ្ធិ​កុម្មុយនីស្តនិយម​នៅ​ចិន​។ 
 
​តប​ទៅនឹង​មតិ​ជំទាស់​ចំនួន​២​លើ​ការចោទប្រកាន់​ឧក្រិដ្ឋកម្ម​ប្រឆាំង​សន្តិភាព ចៅក្រម​អូស្ត្រាលី​William Weeb ដែលជា​ប្រធាន​អង្គជំនុំជម្រះ និង​ចៅក្រម​បារាំង Henri Bernard លើកឡើងថា​សង្គ្រាម​ឈ្លានពាន​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​ដោយ​សម្អាង​ទៅលើ​ច្បាប់ធម្មជាតិ​។ ច្បាប់ធម្មជាតិ ផ្តុំ​ឡើង​ដោយ​បទដ្ឋាន និង​វិធាន​ដែល​បង្ហាញ​ពី​សីលធម៌ និង​ដែល​ឯករាជ្យ​ពី​ស្ថានការណ៍​ខាងក្រៅ​។ ប៉ុន្តែ​ការអះអាង​នេះ ផ្ទុយ​ពី​ការលើក​ដែលថា​ច្បាប់​អន្តរជាតិ​លេច​រូបរាង​តាមរយៈ​ការបង្ហាញ​ឆន្ទៈ និង​ការយល់ព្រម​រវាង​រដ្ឋ​។ 
 
​ដំណើរការ​នៃ​អង្គជំនុំជម្រះ​នេះ ក៏​រង​ពាក្យរិះគន់​មិនតិច​ដែរ​។ ទី​១ គឺ​ការមិន​កាត់ក្តី​ក្រុម​អ្នក​ពិសោធន៍​អាវុធ​គីមី និង​ជីវសាស្ត្រ​ជប៉ុន ដោយសារតែ​អាមេរិក​សម្រេច​ផ្តល់​អភ័យឯកសិទ្ធិ ជា​ថ្នូរ​នឹង​ការទទួលបាន​ព័ត៌មាន​។ ទី​២ គឺ​ការមិន​ចោទប្រកាន់​អធិរាជ​ជប៉ុន ហ៊ី​រ៉ូ​ហ៊ី​តុ ក្រោម​ហេតុផល​ថា ជាការ​ចាំបាច់​ដើម្បី​ស្ថិរភាព​សង្គម និង​នយោបាយ​ជប៉ុន​ក្រោយ​សង្គ្រាម ហើយ​រដ្ឋអាជ្ញា​ក៏មាន​ចេតនា​មិន​លើកឡើង​ពី​អធិរាជ​ជប៉ុន​ក្នុង​សវនាការ​ដែរ​។ ទី​៣ គឺ​ការដោះលែង​ជនសង្ស័យ​ឧក្រិដ្ឋជន​សង្គ្រាម​ចំនួន​៤២​រូប​ដោយ​ឧ​ត្ត​ម​សេនីយ៍ MacArthur ។ ជនសង្ស័យ​ទាំង​៤២​នាក់ ជា​ពាណិជ្ជករ អ្នក​ហិរញ្ញវត្ថុ អ្នក​ឧស្សាហកម្ម អ្នក​ជាតិនិយម​ជប៉ុន​ជ្រុល និង​អ្នកនយោបាយ ក៏ដូចជា​យោធា​មួយចំនួន​ដែល​ចូលរួម​ក្នុងការ​ឧស្សាហកម្ម​ផលិត​អាវុធ និង​ឃោសនា​ក្នុង​សង្គ្រាម​។​
 
​យ៉ាងណាក្តី អង្គជំនុំជម្រះ ក៏​ជា​ពន្លឺយុត្តិធម៌​សំខាន់​ផងដែរ​។ ទី​១ អង្គជំនុំជម្រះ​តូ​ក្យូ ពិភាក្សា​យ៉ាង​លម្អិត​ពី​គោលការណ៍​នៃ​ការទទួលខុសត្រូវ​លើ​បទឧក្រិដ្ឋ និង​យកមកអនុវត្ត​ទៅលើ​ថ្នាក់ដឹកនាំ​យោធា និង​ស៊ីវិល ដែល​ខុសពី​អង្គជំនុំជម្រះ​នូ​រេ​ម​ប៊ឺ​ក​។ ចំណុច​ទី​២ គឺ​ការ​ទទួលស្គាល់ថា ជប៉ុន​បញ្ឆេះ​សង្គ្រាម​ឈ្លានពាន​ដើម្បី​ដាក់​អំណាច​របស់ខ្លួន​ក្នុងការ​ត្រួតត្រា​ទ្វីបអាស៊ី​។ ចំណុច​ចុងក្រោយ​នោះ​គឺ អង្គជំនុំជម្រះ​ទទួលស្គាល់ថា ជប៉ុន​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​សម្លាប់​អ្នកទោស​សង្គ្រាម​របស់​ក្រុម​សម្ព័ន្ធមិត្ត និង​ជន​ស៊ីវិល ក្នុង​ហេតុការណ៍​ក្នុង​ទីក្រុង​ណាន​ជី​ង​នៅ​ឆ្នាំ​១៩៣៧ ។​
 


​កន្លែង​ជំនុំជម្រះ​ដែល​ប្រើ​អាគារ​ក្រសួង​សង្គ្រាម​ជប៉ុន​
 
​ក្រៅតែពី​ការ​ការកាត់ទោស​មេដឹកនាំ​កំពូល​ទាំង​២៨​រូប ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត ក៏​កាត់ទោស​រៀងៗ​ខ្លួន​មន្ត្រី​ថ្នាក់ក្រោម​ចំនួន​៥,៧០០​នាក់​ដែរ នៅក្រៅ​ទឹកដី​ជប៉ុន​។ បុគ្គល​ចំនួន​៥,៧០០​នាក់​នេះ រង​បទ​ចោទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដូចជា​ការបំពាន​រាងកាយ រំលោភ​សេពសន្ថវៈ ទាសភាព​ផ្លូវភេទ ទារុណកម្ម ការប្រហារជីវិត​ដោយ​គ្មាន​សវនាការ និង​អំពើ​អមនុស្សធម៌​ដោយ​ពិ​សោ​ធ៍​វេជ្ជសាស្ត្រ​។ សវនាការ​ភាគច្រើន​ធ្វើឡើង​ក្នុង​ឆ្នាំ​១៩៤៩ នៅ​ទីតាំង​ចំនួន​ជាង​៥០​នៅ​អាស៊ី​-​ប៉ាស៊ីហ្វិក​។​
 
​នៅ​ឆ្នាំ​១៩៥២ ជប៉ុន និង​ប្រទេស​សម្ព័ន្ធមិត្ត​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​។ មាត្រា​១១ នៃ​សន្ធិសញ្ញា​នេះ​ចែងថា ជប៉ុន​ទទួលយក​យុត្តាធិការ​នៃ​អង្គជំនុំជម្រះ​តូ​ក្យូ និង​ការកាត់ក្តី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដោយ​សម្ព័ន្ធមិត្ត​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ជប៉ុន​។ បន្ថែម​ពីនេះ ជប៉ុន​មិនអាច​លើកលែងទោស​ពិរុទ្ធជន​បានឡើយ​បើសិនជា​គ្មាន​ការយល់ព្រម​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ដែល​កាត់ទោស​នោះ​៕
 
 
 

Tag:
 ច្បាប់​អន្តរជាតិ​
  សង្គ្រាមលោកលើកទីពីរ
© រក្សាសិទ្ធិដោយ thmeythmey.com