ជាតិ
ដំឡូង​មី​ពូជ KU៥០ និង​ពូជ ៨១ ធន់​នឹង​ជំងឺ និង​ផ្តល់​ទិន្នផល​ខ្ពស់​
03, Jan 2021 , 9:19 am        
រូបភាព
ដោយ:
​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​កសិករ​ឲ្យ​ជ្រើសរើស​ពូជ​ដំឡូង​មី ដែលមាន​សុខភាព និង​គុណ​ភាពល្អ ធន់​នឹង​ការប្រែប្រួល អាកាសធាតុ ធន់ជំងឺ និង​សត្វល្អិត​ចង្រៃ ដើម្បី​ឲ្យ​បាន​ទិន្នផល​ខ្ពស់​។ បើតាម​ក្រសួងកសិកម្ម ពូជ KU៥០ និង​ពូជ ៨១ ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កសិករ​យកទៅ​ដាំ ដែល ទិន្នផល​ខ្ពស់ គ្មាន​ផ្ទុក​ជំងឺ និង​ជាពិសេស​ជំងឺ ម៉ូ​សា​អ៊ិ​ច​។​

 
​ដ្បិត​ការជ្រើសរើស​ពូជ​សម្រាប់​ដាំ​ដុះ ជា​រឿង​សំខាន់ ប៉ុន្តែ​កសិករ​ក៏​មិនត្រូវ​មើលរំលង​ការធ្វើ​អនាម័យ​ដីចម្ការ​របស់ខ្លួន​នោះឡើយ ក្រោយ​ប្រមូល​ផល​។ តាម​ក្រសួងកសិកម្ម កសិករ​គួរ​ភ្ជួរ​ដី​ហាល​ចោល ឲ្យ​បាន​ច្រើនសារ​ជាការ​ល្អ ដើម្បី​ចៀសវាង​ជំងឺឆ្លង និង​ជាពិសេស​បំផ្លាញ ប្រភព​សត្វល្អិត ចង្រៃ ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​។ 
 
​ក្នុងករណី​ដែលមាន​ការបំផ្លាញ​ធ្ងន់ធ្ងរ​ពី​សមាសភាព​ចង្រៃ ជាពិសេស​ជំងឺ​ម៉ូ​សា​អ៊ិ​ក នៅ​រដូវ​បន្ទាប់​នោះ កសិករ​គួរ​ដាំ​ដំណាំ​ផ្សេង​ជំនួស ដូចជា​សណ្ដែក ពោត ឬ​ដំណាំ​ផ្សេងៗ​វិញ​។ បើ​អាច​កសិករ មិនគួរ​ដាំ​ដំណាំ​ដំឡូង​មី ជាប់ៗ​គ្នាច្រើន​ឆ្នាំ​ទេ ព្រោះ​នាំ​ឲ្យ​បាត់បង់​ជីជាតិ​ដី និង​អាចមាន​មេរោគ មាន​ផ្សិត​ចង្រៃ និង​សមាសភាព​សត្វល្អិត​ចង្រៃ​។ ចំពោះ​ការប្រើប្រាស់ ថ្នាំពុល​កសិកម្ម ជា​ជម្រើស​ចុងក្រោយ ប៉ុន្តែ​កសិករ​គួរ​ពិភាក្សា ឬ​សុំ​យោបល់​ពី​មន្ត្រី​ជំនាញ ឬ​ពី​មន្ទីរ​ជាមុនសិន​។​
 
​ដំឡូង​មី គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ដែលមាន​សក្តានុពល​ខ្ពស់​សម្រាប់​ការនាំចេញ​របស់​កម្ពុជា​។ របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម​ចេញផ្សាយ​ថ្ងៃទី​២៩​ធ្នូ ឆ្នាំ​២០២០ បញ្ជាក់ថា​បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី ចំនួន​៦៥៦,៨៦៨​ហិកតា ដែល​ផ្តល់​ទិន្នផល​ជាំ​មធ្យម​ជាង ១២​លាន​តោន ក្នុង​មួយឆ្នាំៗ​៕
 
 
 

Tag:
 ដំឡូង​មី​
© រក្សាសិទ្ធិដោយ thmeythmey.com