ជាតិ
អ្នកជំនាញ ពន្យល់​ពី​វេលាយប់​វែង​ជាង​ថ្ងៃ និង​ថ្ងៃ​វែង​ជាង​យប់ រួមទាំង​អាថ៌កំបាំង​ចម្លាក់​នៅ​អង្គរវត្ត​
03, Jan 2021 , 9:59 am        
រូបភាព
រូបភាព៖ លោក លឹម ប៊ុនហុង
រូបភាព៖ លោក លឹម ប៊ុនហុង
​សៀមរាប​៖ លោកអ្នក​ប្រហែលជា​ធ្លាប់​បានដឹង​ហើយ នូវ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្ដាល​ប្រាសាទអង្គរវត្ត ដែល​កើត​២​ដង​ក្នុង​១​ឆ្នាំ គឺ​អំឡុង​ខែ មីនា និង​ខែកញ្ញា​។ ក្រៅពី​ព្រឹត្តិការណ៍​សំខាន់​នេះ គឺ​នៅមាន​ព្រឹត្តិការណ៍​២​ដង​ទៀត ដែល​គេ​ត្រូវ​សង្កេត នោះ​គឺ​វេលាយប់​វែង​ជាង​ថ្ងៃ និង​វេលា​ថ្ងៃ​វែង​ជាង​យប់​។ ព្រឹត្តិការណ៍​នេះ បានបង្ហាញ​នូវ​អាថ៌កំបាំង​លើ​ផ្ទាំង​ចម្លាក់​នៅតាម​ថែវ​នៅ​ទិសខាងកើត និង​ថែវ​ខាងលិច គឺ​រវាង​ពេល​ថ្ងៃ​រះ និង​ពេល​ថ្ងៃ​លិច​។​

 
​សូម​ទស្សនា​វីដេអូ​ពន្យល់​របស់លោក អ៊ឹម សុខ​រិទ្ធី ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី​៖
 
​អ្នកស្រាវជ្រាវ និង​បុរាណ​វិទូ លោក អ៊ឹម សុខ​រិទ្ធី បាន​ព្យាយាម​ពន្យល់​លើ​រឿងរ៉ាវ​ព្រឹត្តិការណ៍​យប់​វែង​ជាង​ថ្ងៃ  ជាមួយនឹង​អាថ៌កំបាំង​តាម​ចម្លាក់​នៅ​ថែវ​ខាងកើត និង​ខាងលិច ប្រាសាទអង្គរវត្ត​។ លោក មានប្រសាសន៍ថា ចម្លាក់​ទាំងនោះ សុទ្ធសឹង​ត្រូវបាន​គិតគូរ​យ៉ាងច្បាស់ និង​ចំ​ទីតាំង​ដែល​បានរៀបចំ​ឡើង ដោយ​អ្នកប្រាជ្ញ​ជំនាន់​មុន​។ លោក​បន្ថែមថា ដោយសារ​តម្លៃ​នៃ​អង្គរ​ថ្កុំថ្កើង​ពេក ទើប​ធ្វើឱ្យ​មានការ​រំលង​ឬ​មិនសូវ​ចាប់អារម្មណ៍​ជាមួយ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​។​


 
​អាថ៌កំបាំង​ដែល​លោក អ៊ឹម សុខ​រិទ្ធី ចង់​ប្រាប់​នៅពេលនេះ គឺ​ពន្លឺ​នៃ​ថ្ងៃ​រះ​នៅពេល​ព្រឹក និង​ពន្លឺ​ថ្ងៃ​លិច​នាពេល​រសៀល ដែល​ចាំង​ជះ​លើ​ផ្ទាំង​ចម្លាក់​ប្រាសាទ​ទាំង​២​ទិស (​កើត​-​លិច​) និង​កំណត់​រូបភាព​ដ៏​ជាក់លាក់​មួយ​។ ពន្លឺ​ថ្ងៃ​នឹង​ចាំង​ចំ​រូប​សភាវៈ​អាក្រក់ និង​ស្រមោល​នៃ​សសរ​តាម​ថែវ​ប្រាសាទ បាំងបិទ​រូបចម្លាក់​លើ​តួអង្គ​សភាវៈ​ល្អ​ក្នុង​រឿង​នីមួយៗ​។ ហើយ​ហេតុការណ៍​នេះ នឹង​ផ្ទុយ​មកវិញ​នៅវេលា​ថ្ងៃ​វែង​ជាង​យប់ នា​ខែមិថុនា​។ 
 
​លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​ដូច្នេះ​ថា​៖«​វេលា​ថ្ងៃ ២១ ធ្នូ ពិភពលោក​ដឹងឮ​ទូទៅ នៅ​ប៉ូល​ខាងយើង គឺ​ពេល​វេលាយប់​វែង​ជាង​ថ្ងៃ រឿងនេះ​ចំពោះ​អារ្យធម៌​នៅ​ស្រុកទេស​គេឯង​ធម្មតា តែ​ចំពោះ​អង្គរ​វត្តមាន​លក្ខណៈពិសេស គឺ​អាថ៌កំបាំង​ចំពោះ​ការរៀបចំ ការតាក់តែង​រឿងរ៉ាវ​ផ្សេងៗ​នៅលើ​ថែវ​ខាងកើត​និង​លិច គឺមាន​លក្ខណៈពិសេស​ជាង​ប្រាសាទ​ដទៃទៀត​នៅ​ស្រុក​ខ្មែរ និង​លើ​សាកលលោក​»​។​


រូបភាព៖ លោក លឹម ប៊ុនហុង 

​អ្នកជំនាញ​ផ្នែក​បុរាណវិទ្យា​រូបនេះ បន្ថែមទៀតថា​៖«​ការ​ទស្សនា ការមើល មានតម្លៃ​តាម​វេលា​នីមួយៗ​។ ករណី​នៅ​ថ្ងៃទី​២១ ធ្នូ យប់​វែង​ជាង​ថ្ងៃ តាម​ទំនៀម​នៃ​សាសនា​ហិណ្ឌូ ព្រហ្មញ្ញសាសនា គឺជា​ពេល​មិនល្អ ជា​ពេល​ស្លាប់ ពុំមាន​សណ្ដាប់ធ្នាប់ ពេល​ថ្ងៃជា​ពេល​រស់ មានជីវិត ពន្លឺ ជោគជ័យ​។ ដូច្នេះ អាថ៌កំបាំង​នៅ​អង្គរវត្ត ពេលយប់​វែង​ជាង​ថ្ងៃ គឺ​សភាវៈ​អាក្រក់ មានអំណាច​ខ្លាំង​ខ្ពស់​ក្នុង​កាល​មួយ ដែល​ចម្លាក់​នៅ​អង្គរវត្ត ឃើញថា​ទាំង​ពេលព្រឹក​រសៀល គឺ​ពន្លឺ​ចាំង​ទៅលើ​រូប​នៃ​ពួក​អាក្រក់ (​យក្ស​) ហើយ​រូប​របស់​ទេព ជាដើម ត្រូវមាន​បាំង​ដោយ​សសរ គឺ​គ្រប់រូប​ទេព​សំខាន់ៗ​ពន្លឺ​ចាំង​មិន​ដល់​។ ទាំង​២​ថែវ​ខាងកើត​និង​លិច​។ រឿង​អស់នេះ នឹង​ផ្ទុយទៅវិញ​នៅ​ខែមិថុនា​»​។ 


រូបភាព៖ លោក លឹម ប៊ុនហុង 

​យ៉ាងណា ដោយសារ​មាន​ដើមឈើ​ដុះ​បាំង​ខ្លះ ធ្វើឱ្យ​ព្រឹ​ត្ដិ​ការណ៍​ប្រចាំ​ឆ្នាំនេះ មិន​ដូច​កាល​ពេល​ទើប​សាងសង់​ប្រាសាទ​ទាំងស្រុង​ទេ តែ​វា​ក៏​ស្ថិតក្នុង​ដំណើរ​ដូចគ្នា​នៅពេល​នោះដែរ​។ សម្រាប់​បុរាណ​វិទូ លោក អ៊ឹម សុខ​រិទ្ធី តម្លៃ​របស់​អង្គរវត្ត ដែល​មិន​ត្រឹម​តែមាន​ភាព​ស្កឹមស្កៃ និង​សម្រស់​ដែល​មនុស្ស​មានការ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​ទេ តែ​ព្រឹត្តិការណ៍​ខាងលើនេះ ក៏​សំខាន់​ដែល​គេ​ត្រូវ​មើល​ផងដែរ​៕
 

រូបភាព៖ លោក លឹម ប៊ុនហុង
 
 
 
 
 

Tag:
 យប់​វែង​ជាង​ថ្ងៃ​
  អាជ្ញាធរ​ជាតិ​អប្សរា​
  ចម្លាក់​ប្រាសាទអង្គរវត្ត​
  អ៊ឹម សុខ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com