ជាតិ
តារាចម្រៀង អ៊ា​ម វ​ន្នី រួមចំណែក​ផ្សព្វផ្សាយ​ទេសចរណ៍​តាមរយៈ​បទ «​សម្រស់​បុប្ផា​ពោធិ៍សាត់​»
02, Jan 2021 , 4:39 pm        
រូបភាព
​ដោយ​៖ ហុង ស្រី​ណា​

​ភ្នំពេញ​៖ លោក អ៊ា​ម វ​ន្នី តារាចម្រៀង​សំនៀង​ផ្អែម និង​ជា​អ្នកនិពន្ធ​ម្នាក់ បាន​និពន្ធ​ចម្រៀង​មួយ​បទ រៀបរាប់​ពី​តំបន់​សក្តានុពល​ទេសចរណ៍​ដ៏​ល្អ​អស្ចារ្យ​ក្នុង​ខេត្តពោធិ៍សាត់​។ ចម្រៀង​មាន​ចំណងជើង​ថា «​សម្រស់​បុប្ផា​ពោធិ៍សាត់​» ដោយ​លោក​បាន​រៀបរាប់ថា​៖«​ខ្ញុំ​ពិតជា​រំភើប​ដែល​បាន​និពន្ធ និង​ច្រៀង​ចម្រៀង​មួយ​បទ​នេះ ពីព្រោះ​វា​បាន​រៀបរាប់​ពី​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង​ក្នុង​ខេត្តពោធិ៍សាត់​។ នេះ​ជា​បទ​ចម្រៀង​ទីមួយ ដែល​ខ្ញុំ​ដាក់​អារម្មណ៍​ច្រៀង ហើយ​នឹក​ស្រមៃ​ដល់​សម្រស់​ធម្មជាតិ រួមទាំង​ច្រៀង​តែមួយ​ដង​»​។​


​បទ​សម្រស់​បុប្ផា​ពោធិ៍សាត់ មាន​រយៈពេល​ជាង​៥​នាទី ដោយ​លោក អ៊ា​ម វ​ន្នី ផ្តើម​រៀបរាប់​សម្រស់​ធម្មជាតិ ដ៏​អាថ៌កំបាំង​នៅ​ទឹកដី​ពោធិ៍សាត់ បន្តទៅ​តំបន់​កំពង់​លួង ដែលមាន​ពលរដ្ឋ​រាប់ពាន់នាក់​កំពុង​អាស្រ័យ​ផល​ពី​ផ្នែក​មួយ​នៃ​បឹង​ទន្លេសាប​។ ចេញពី​កំពង់​លួង អ្នកនិពន្ធ អ៊ា​ម វ​ន្នី បាន​រៀបរាប់​ពី​វត្ត​បាកាន ដែល​ជាទី​កំណើត​នៃ​ខេត្តពោធិ៍សាត់ ហើយ​បន្តទៅ​រាយ​រ៉ាប់​សម្រស់​នៅ​ជំរំ​សត្វ​ស្លាប​បឹង​ព្រះ​ពន្លៃ​ដែល​ស្ថិតនៅ​ស្រុក​តា​លោ​សែន​ជ័យ ដោយ​ហួស​ទៅ​តំបន់​អូរ​សោម​។ 
 
​អ្នកចម្រៀង​រូបនេះ ក៏​មិន​ភ្លេច​ផ្លូវ​ថ្មី​ដែល​ល្បីល្បាញ​នៅ​ខេត្តពោធិ៍សាត់​នេះដែរ នោះ​គឺ​ផ្លូវជាតិ​លេខ​៥៥​កម្ពស់​១៥០០​ម៉ែត្រ ត្រង់ចំណុច​អន្លង់​អាំង ដែល​ស្ថិត​ក្នុងស្រុក​វាលវែង​ដដែល​នោះ​។ សម្រាប់​លោក អ៊ា​ម វ​ន្នី នៅមាន​ទី​ទេសចរណ៍​ដ៏​ល្អ​អស្ចារ្យ​ជាច្រើន​កន្លែង ដែល​អ្នកនិពន្ធ​រូបនេះ មិនអាច​រៀបរាប់​អស់​នៅក្នុង​ចម្រៀង​មួយ​បទ​នេះ​៕
 

Tag:
 Thmeythmey25
  ចម្រៀង​អំពី​ខេត្តពោធិ៍សាត់​
 ​អ៊ា​ម វ​ន្នី​
© រក្សាសិទ្ធិដោយ thmeythmey.com