ភ្នំពេញ៖ ក្នុងឆ្នាំ២០២០ កុមារនិងស្ត្រីជាង១លាននាក់ បានទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា។
តួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផា បានបង្ហាញថា កុមារមានជំងឺជាង៦,៣សែននាក់ (៦៣៩,២៦៨នាក់) ទទួលបានការពិនិត្យព្យាបាលនៅផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ធ្ងរជាង១,៣សែននាក់ (១៣៣,០២៦នាក់) និងកុមារមានជំងឺគ្រុនឈាមធ្ងន់ធ្ងរជាង៤,៤ពាន់នាក់ (៤,៤៨៨នាក់) បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ទារកទើបកើត មានជំងឺធ្ងន់ធ្ងរបំផុត មានជាង១,៤ម៉ឺននាក់ (១៤,១១២នាក់) ត្រូវបានព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់ទារក។
ចំណែក កុមារជាង២,៤ម៉ឺននាក់ (២៤,៨២២នាក់) ត្រូវវះកាន់និងព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមារជាង១ពាន់នាក់ (១,០៤៦នាក់) ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម និងកុមារជាង៧រយនាក់ (៧៧៧នាក់) ត្រូវបានវះកាត់ជំងឺប្រព័ន្ធប្រសាទខួរក្បាល។ នេះបើតាមតួលេខរបស់មន្ទីរពេទ្យគន្ធបុប្ផាដដែល។
បើតាមប្រភពខាងលើ កុមារជិត៥ម៉ឺននាក់ (៤៩,៥៨៩នាក់) បានចាក់វ៉ាក់សាំងការពារជំងឺ។ ស្ត្រីមានផ្ទៃពោះជាង១,៣សែននាក់ (១៣២,៤៤៣នាក់) បានពិនិត្យតាមដានផ្ទៃពោះ និងសម្រាលកូនបានជាង២,៤ម៉ឺននាក់ (២៤,៧៧១នាក់)។
គួរបញ្ជាក់ថា រាល់ការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនគិតថ្លៃឡើយ៕