បារាំង មានឈ្មោះជាផ្លូវការថាជាសាធារណរដ្ឋបារាំង។ នៅឆ្នាំ១៧៩២ មហាអំណាចអឺរ៉ុបនេះបានប្រកាសបង្កើតរបបសាធារណរដ្ឋក្រោយផ្តួលរបបរាជានិយមផ្តាច់ការចោលនៅឆ្នាំ១៧៨៩។ ជាប្រទេសប្រកាន់របបសាធារណរដ្ឋ បារាំងក៏ហៅរបបគ្រប់គ្រងនៃរដ្ឋាភិបាលបច្ចុប្បន្នជា សាធារណរដ្ឋទី៥ដែរ។
ស្ថិតក្នុងចំណោមប្រទេសមហាអំណាចពិភពលោក និងជាអតីតម្ចាស់អាណានិគមធំបំផុតទីពីរលើលោកបន្ទាប់ពីអេស្ប៉ាញ បារាំងធ្លាប់ឆ្លងកាត់ការផ្លាស់ប្តូររបបនយោបាយចំនួនប្រាំដង រាប់ចាប់ពីឆ្នាំ ១៧៨៩។ តាមពិតទៅ កត្តាចម្បងបំផុតដែលជំរុញឲ្យមានការប្តូរជាបន្តបន្ទាប់នេះរួមមាន វិបត្តិ និងជម្លោះនយោបាយផ្ទៃក្នុង និងការឈ្លានពានពីសំណាក់បរទេសផង។ ខាងក្រោមនេះជាការរៀបរាប់ដោយសង្ខេបពីព្រឹត្តិការណ៍ដែលបានកើតឡើង និងបានជំរុញឲ្យមានរបត់នយោបាយក្នុងសង្គមបារាំង៖
សាធារណរដ្ឋទី១
សាធារណរដ្ឋបារាំងទី១ លេចចេញជារូបរាងឡើងនៅក្នុងឆ្នាំ១៧៩២ ពោលគឺ ៣ឆ្នាំក្រោយបដិវត្តផ្តួលរំលំរបបរាជានិយមផ្តាច់ការ។ ស្តេចល្វីសទី១៦ (Louis XVI) ត្រូវប្រហារជីវិតជាសាធារណៈក្នុងឆ្នាំ១៧៩៣។ សាធារណរដ្ឋទី១ មានរដ្ឋធម្មនុញដំបូងរបស់ខ្លួននៅឆ្នាំ១៧៩៣ ដោយអំណាចគ្រប់គ្រងប្រទេសមួយភាគធំត្រូវបានប្រគល់ឲ្យសភាជាតិក្នុងការចាត់ចែងដូចជាការចេញច្បាប់ និងក្រឹត្យជាដើម។ រដ្ឋាភិបាលបណ្តោះអាសន្នវិញមានឈ្មោះថា «គណៈកម្មាធិការសុវត្ថិភាពសាធារណៈ» ដែលដឹកនាំដោយ Maximilien Robespierre ដើម្បីទប់ទល់ទៅនឹងអ្នករាជានិយមប្រឆាំងបដិវត្តន៍ ក៏ដូចជាសត្រូវបរទេសដែលចង់កម្ទេចសាធារណរដ្ឋក្មេងខ្ចី ព្រោះរបបថ្មី ជាការគំរាមដល់របបរាជានិយមផ្តាច់ការដទៃនៅអឺរ៉ុប។
ការស្បថបង្កើតរដ្ឋសភាបារាំង ក្នុងតារាងវាយតេនីស។ រូបភាព៖Smithsonian
ក្រោមការដឹកនាំរបស់ Robespierre ពីឆ្នាំ១៧៩៣ ដល់១៧៩៤ បារាំងស្ថិតក្នុងសម័យកាលកាប់សម្លាប់(Reign of Terror) ដែល Robespierre និងបក្សពួកចាប់ឃុំខ្លួនអ្នកប្រឆាំងរាប់សែនអ្នក និងសម្លាប់មនុស្សចំនួនមួយសែនប្រាំពីរម៉ឺននាក់។ សម័យកាលនេះបញ្ចប់ទៅក្រោយពេល Robespierre ត្រូវបានកាត់ទោសប្រហារជីវិតដោយកាត់ក្បាលនៅខែកក្កដា ឆ្នាំ១៧៩៤។ ចាប់តាំងពីឆ្នាំ១៧៩៥ ដល់១៧៩៩ បារាំងស្ថិតក្រោមការគ្រប់គ្រងរបស់សភា២ថ្នាក់ ដែលសភាជាន់ទាបមានសមាជិក៥០០នាក់ និងសភាជាន់ខ្ពស់មានសមាជិក២៥០នាក់ រីឯអំណាចនីតិប្រតិបត្តិស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលប្រាំរូប។ បារាំង បន្តមានវិបត្តិនយោបាយផ្ទៃក្នុង ហើយសង្គ្រាមជាមួយបរទេសនៅតែបន្ត។
នៅឆ្នាំ១៧៩៩ របៀបគ្រប់គ្រងថ្មីមួយទៀតលេចរូបឡើងដោយរដ្ឋប្រហារ ពេលនោះឧត្តមសេនីយ៍ ណាប៉ូឡេអុង បូណាប៉ាត ដឹកនាំបារាំង។ នៅឆ្នាំ១៨០៤ សាធារណរដ្ឋបារាំងទី១ ត្រូវបានបញ្ចប់ ក្រោយពេល ណាប៉ូឡេអុង ប្រកាសខ្លួនជាអធិរាជបារាំង។
សាធារណរដ្ឋទី២
សាធារណរដ្ឋបារាំងទី២ មានអាយុត្រឹមតែមិនដល់៤ឆ្នាំផង ពោលពីឆ្នាំ១៨៤៨ ដល់១៨៥២។ មុននឹងឈានដល់ការបង្កើតសាធារណរដ្ឋទី២ បារាំងស្ថិតក្រោមការគ្រប់គ្រងនៃរបបរាជានិយមជាថ្មីរហូតដល់ទៅ៤៤ឆ្នាំ ពោលគឺ ណាប៉ូឡេអុង (១៨០៤-១៨១៤) ល្វីសទី១៨ (១៨១៥-១៨២៤) សាលទី១០(១៨២៤-១៨៣០) និងល្វីហ្វីលីព (១៨៣០-១៨៤៨)។
ក្រោយការដាក់រាជ្យរបស់ស្តេច ល្វីស ហ្វីលីព ដែលបណ្តាលមកពីបដិវត្ត បក្សនយោបាយបារាំងសម្រេចបង្កើតសាធារណរដ្ឋទី២ ដោយមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នៅឆ្នាំ១៨៤៨ ដោយមានអាណត្តិ៤ឆ្នាំ និងមិនអាចឈរឈ្មោះជាថ្មីបានឡើយ។ ប្រធានាធិបតីដំបូងនៃសាធារណរដ្ឋទី២ គឺណាប៉ូឡេអុងទី៣ ដែលជាក្មួយបង្កើតរបស់អធិរាជណាប៉ូឡេអុង។ នៅខែធ្នូឆ្នាំ១៨៥១ ណាប៉ូឡេអុងទី៣ ប្រកាសខ្លួនជាអធិរាជ និងកាន់អំណាចរហូតដល់ឆ្នាំ១៨៧០ ក្រោយចាញ់សង្គ្រាមជាមួយព្រូស្យា(Prussia) ហើយត្រូវសភាបារាំងបោះឆ្នោតទម្លាក់ចេញពីតំណែង និងបង្កើតសាធារណរដ្ឋទី៣។
អធិរាជណាប៉ូឡេអុងទី៣ ជួបអធិការបតីអាល្លឺម៉ង់ ប៊ីស្មាក់ ក្រោយត្រូវចាប់ខ្លួន។
សាធារណរដ្ឋទី៣
សាធារណរដ្ឋបារាំងទី៣ មានអាយុកាល៧០ឆ្នាំ គឺពីឆ្នាំ ១៨៧០ ដល់១៩៤០ ដោយមានរដ្ឋធម្មនុញ្ញក្នុងឆ្នាំ១៨៧៥។ សាធារណរដ្ឋនេះ មានប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបែបសភានិយម មានរដ្ឋសភា និងព្រឹទ្ធសភា រីឯនាយករដ្ឋមន្ត្រីមានអំណាចច្រើន ខណៈប្រធានាធិបតីត្រឹមតែជានិមិត្តរូបតែប៉ុណ្ណោះ។ ក្នុងរយៈពេល៧០ឆ្នាំ នៃរបបសាធាណរដ្ឋទី៣នេះ បារាំងតែងតែជួបវិបត្តិនយោបាយជារឿយៗ ដោយមានការដោះដូរគណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីយ៉ាងហោចណាស់១០៧ដងក្នុងរយៈពេល៧០ឆ្នាំ។ប៉ុន្តែសាធារណរដ្ឋទី៣ ក៏ជាពេលដែលបារាំងឃើញការរីកចម្រើនសេដ្ឋកិច្ច និងពង្រីកដែនអាណានិគមរបស់ខ្លួនផងដែរ។
សាធារណរដ្ឋទី៣ បញ្ចប់ក្នុងឆ្នាំ១៩៤០ ក្រោយអាល្លឺម៉ង់វាយលុកចូលកាន់កាប់បារាំង ក្នុងសង្គ្រាមលោកលើកទី២។
សាធារណរដ្ឋទី៤
សាធារណរដ្ឋបារាំងទី៤ កើតឡើងក្រោយសង្គ្រាមលោកលើកទី២ ពីឆ្នាំ១៩៤៦ ដល់១៩៥៨។ មិនខុសពីសាធារណរដ្ឋទី៣ សាធារណរដ្ឋទី៤នេះកាន់យកប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបែបសភានិយម។ ប៉ុន្តែការជ្រើសរើសប្រព័ន្ធនេះ បណ្តាលឲ្យមានគណបក្សច្រើន ដែលជាហេតុពិបាកក្នុងការរក្សារដ្ឋាភិបាលចម្រុះមួយឲ្យមានស្ថិរភាព។ ជាមធ្យម រដ្ឋាភិបាលមានអាយុត្រឹមតែ៦ខែ ចំណែកឯនាយករដ្ឋមន្ត្រីមានដល់ទៅ១៦រូប ក្នុងរយៈពេល១២ឆ្នាំ។
ប៉ុន្តែការរំលាយសាធារណរដ្ឋទី៤ នៅឆ្នាំ១៩៥៨ នេះមិនមែនបណ្តាលមកពីអស្ថិរភាពរដ្ឋាភិបាលទាំងស្រុងឡើយ។ មួយផ្នែកធំគឺបណ្តាលមកពីរដ្ឋប្រហាររបស់ទាហានបារាំង ជុំវិញការគ្រប់គ្រងអាល់ហ្សេរី។ អាល់ហ្សេរី ជាដែនដីអាណានិគមដែលនៅជិតបារាំងជាងគេបង្អស់ និងមានជនជាតិអឺរ៉ុបរស់នៅជាង១លាននាក់។
សង្គ្រាមឯករាជ្យអាល់ហ្សេរីផ្ទុះឡើងក្នុងឆ្នាំ១៩៥៤ ដោយបារម្ភខ្លាចក្រែងរដ្ឋាភិបាលបារាំងបោះបង់អាល់ហ្សេរី ដូចដែនដីឥណ្ឌូចិន ទាហានបារាំងធ្វើរដ្ឋប្រហារចូលគ្រប់គ្រងអាល់ហ្សេរីជំនួសរដ្ឋាបាលស៊ីវិល នៅថ្ងៃទី១៣ ឧសភា ឆ្នាំ១៩៥៨ និងបន្តមកកាន់កាប់កោះ Corsica នៅភាគខាងត្បូងបារាំងនាថ្ងៃទី២៤ ឧសភា ឆ្នាំ១៩៥៨។ កងទ័ពបារាំងទាមទារផងដែរឲ្យឧត្តមសេនីយ៍ ហ្សាល ដឺហ្គោល ដឹកនាំបារាំងវិញ បើពុំដូច្នេះទេក្រុមកងទ័ពនឹងចូលកាន់កាប់រដ្ឋធានីប៉ារីស។
ប្រឈមនឹងស្ថានការណ៍ទាន់ហន់នេះ រដ្ឋាភិបាលបារាំងយល់ព្រមនឹងការទាមទារ ដោយបោះឆ្នោតរំលាយសភា និងប្រគល់អំណាចឲ្យឧត្តមសេនីយ៍ ដឺហ្គោល ដឹកនាំបង្កើតសភាធម្មនុញ្ញ និងព្រាងរដ្ឋធម្មនុញ្ញមួយថ្មី។
សាធារណរដ្ឋទី៥
នៅថ្ងៃទី៤ តុលា ឆ្នាំ១៩៥៨ រដ្ឋធម្មនុញ្ញនៃថ្មីមួយត្រូបានអនុម័ត ដែលឈានដល់ការបង្កើតសាធារណរដ្ឋទី៥។ សាធារណរដ្ឋទី៥នេះ ជារបបពាក់កណ្តាលប្រធានាធិបតីនិយម ផ្ទុយពីសាធារណរដ្ឋទី៣ និងទី៤។ សាធារណរដ្ឋទី៥ ផ្តល់អំណាចច្រើនដល់ប្រធានាធិបតីដើម្បីបង្ការការជាប់គាំងនយោបាយជាពិសេសវិស័យការបរទេស និងយោធា ចំណែកនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះមុខរដ្ឋសភា និងព្រឹទ្ធសភា។
អតីតប្រធានាធិបតីបារាំង ហ្សាល ដឺហ្គោល។រូបភាព៖AFP
ប្រធានាធិបតី ឡើងកាន់អំណាចតាមរយៈការបោះឆ្នោតជាសកល។ ចំណែកនាយករដ្ឋមន្ត្រីត្រូវទទួលសេចក្តីទុកចិត្តពីសភា។ ប្រធានាធិបតីទី១ នៃសាធារណរដ្ឋបារាំងគឺឧត្តមសេនីយ៍ហ្សាល ដឺហ្គោល តែម្ដង៕