ភ្នំពេញ៖ ជាអតីតនិស្សិតផ្នែកវិចិត្រកម្ម និងក្រាហ្វិកឌីហ្សាញ នៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈលោក កប វុទ្ធី កំពុងមានទីផ្សារខ្ពស់លើគំនូរឌីជីថល ដែលគូរលើជញ្ជាំង និងមុខជំនួញក្រាហ្វិកឌីហ្សាញ។ មានវ័យ២៨ឆ្នាំ លោក វុទ្ធី ថាពេលខ្លះលោកបង្ខំចិត្តមិនទទួលការងារគំនូរលើជញ្ជាំង ព្រោះការងារក្នុងដៃសល់ច្រើន។
មានស្រុកកំណើតនៅខេត្តតាកែវ លោក កប វុទ្ធី បច្ចុប្បន្នជាសហស្ថាបនិកក្រុមហ៊ុនឌីហ្សាញមួយ និងមានក្រុមគំនូររួមទាំងក្រុមឌីហ្សាញមួយក្រុមផ្សេងទៀតផ្ទាល់ខ្លួន។ ដោយសារតែគុណភាពទឹកដៃ ផ្នែកគំនូរឌីជីថលលើជញ្ជាំងមានភាពល្អវិចិត្រ ធ្វើឱ្យការងាររបស់លោក វុទ្ធី មានទីផ្សារច្រើនគួរសម។ តែទោះជាយ៉ាងណា វិចិត្រកររូបនេះ ក៏មិនហ៊ានទទួលការងារគំនូរលើជញ្ជាំងច្រើនឡើយ ព្រោះមិនមានកម្លាំងធ្វើគ្រប់គ្រាន់។
លោក កប វុទ្ធី ពាក់អាវពណ៌ទឹកដោះគោឈរខាងមុខ ក្នុងពេលទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ (រូបផ្ដល់ឱ្យ)
គំនូរឌីជីថលគូរលើជញ្ជាំង មានទាំងគំនូរបុរាណ និងគំនូរសម័យលាយចម្រុះគ្នា ហើយលោក កប វុទ្ធី ទទួលគូរភាគច្រើនឱ្យផ្ទះសំណាក់ សណ្ឋាគារ និងហាងកាហ្វេជាដើម។
ដ្បិតតែការងារគំនូរឌីជីថលគូរលើជញ្ជាំង មានទីផ្សារច្រើន ទទួលបានចំណូលក៏គួរសមក៏ពិតមែន ប៉ុន្តែការងារនេះក៏ត្រូវការចំណាយពេលគូរយូរថ្ងៃ ជាពិសេសស្នាដៃត្រូវតែមានភាពល្អវិចិត្រ ដោយចៀសវាងការគូរខុសហើយលុបចេញវិញ។ កត្តានេះ ត្រូវទាមទារគ្រូ ឬវិចិត្រករមានទឹកដៃខ្ពស់។
ខណៈពេលទីផ្សារគំនូរឌីជីថលគូរលើជញ្ជាំងកំពុងមមាញឹក ការងារក្រាហ្វិកឌីហ្សាញរបស់លោក កប វិទ្ធី ក៏ប្រញឹកខ្លាំងណាស់ដែរ។ ដោយសារការងារក្រាហ្វិកឌីហ្សាញ ត្រូវការចំណាយពេលតិចជាង និងងាយស្រួលគ្រប់គ្រងដំណើរការការងារជាង លោក វុទ្ធី សុខចិត្តចោលការងារគំនូរលើជញ្ជាំងខ្លះ។
គំនូរជាក្រាហ្វិកឌីហ្សាញ (រូបផ្ដល់ឱ្យ)
«ផ្នែកគំនូរឌីជីថលដែលគូរលើជញ្ជាំង មួយរយៈពេលចុងក្រោយនេះ ខ្ញុំមិនសូវទទួលគូរទេ ព្រោះកូវីដ១៩ ខ្ញុំអត់ហ៊ានចេញទៅក្រៅ ម្យ៉ាងការងារក្រាហ្វិកឌីហ្សាញរបស់ខ្ញុំក៏មមាញឹកខ្លាំងដែរ។ ខ្ញុំចង់ចាប់ខាងក្រាហ្វិកឌីហ្សាញសិន។ គំនូរក្នុងមួយផ្ទាំងទំហំពី៥ទៅ៦ម៉ែត្រ បានតម្លៃពី១ទៅ២ពាន់ដុល្លារ ប៉ុន្តែយើងក៏ត្រូវការពេលគូរយូរដែរ។ គំនូរខ្លះយើងគូរកន្លះខែ ឬមួយខែទើបហើយក៏មាន។ អ្នកខ្លះគាត់មានគំរូឱ្យយើងស្រាប់ តែអ្នកខ្លះគាត់ប្រាប់ពីគំនិតរបស់គាត់មកយើង បន្ទាប់មកខ្ញុំត្រូវយកវាទៅឌីហ្សាញក្នុងកំព្យូទ័រសិន រួចទើបយកឱ្យគេមើល បើគេពេញចិត្តនោះទើបយើងចាប់ផ្ដើមគូរ។ ប៉ុន្តែអ្នកខ្លះទៀត គាត់ឱ្យយើងគូរយ៉ាងម៉េចក៏បានឱ្យតែស្អាត គាត់គ្រាន់តែប្រាប់ថាហាងគាត់ជាហាងកាហ្វេ ឬហាងមីហឹរ អីជាដើម ប្រភេទនេះយើងស្រួលគូរជាងគេ។ គំនូរលើក្រដាសក៏ខ្ញុំគូរដែរ ប៉ុន្តែខ្ញុំគូរតិចតួចណាស់ ព្រោះខ្ញុំអត់មានពេល»។
បានក្លាយជាគ្រូគំនូរស្ម័គ្រចិត្តតាំងពីនៅរៀនថ្នាក់ទី៨ បង្រៀនក្មេងតូចៗនៅក្នុងអង្គការមួយ លោក កប វុទ្ធី បានដើរលើវិថីគំនូរប្រមាណ១៥ឆ្នាំមកហើយ។ កាលរៀនថ្នាក់ទី១២ វុទ្ធី ក៏បានទៅបង្រៀនគំនូរដល់ជនបរទេសសម្រាប់ការងារក្រៅម៉ោងផងដែរ។ ចាប់ផ្ដើមបើកអាជីវកម្មគំនូរឌីជីថលលើជញ្ជាំងតាំងពីរៀនបរិញ្ញាបត្រឆ្នាំទី២ វុទ្ធី បច្ចុប្បន្នមានក្រុមការងារ៥នាក់ សម្រាប់អាជីវកម្មផ្ទាក់ខ្លួន។
គំនូរឌីជីថលគូរលើជញ្ជាំង(រូបផ្ដល់ឱ្យ)
នៅថ្នាក់បរិញ្ញាឆ្នាំទី១និងឆ្នាំទី២ វុទ្ធី ចាប់ជំនាញវិចិត្រកម្ម ហើយឆ្នាំទី៣និងទី៤ ចាប់ខាងក្រាហ្វិកឌីហ្សាញបន្ថែម ព្រោះលោកគិតថា ផ្នែកគំនូរខ្លួនចេះច្រើនហើយ ដូច្នេះគួរតែបន្ថែមជំនាញមួយទៀត។ ជាលទ្ធផល បច្ចុប្បន្នលោក កប វុទ្ធី អាចយកជំនាញទាំងពីរនេះ ទៅបើកអាជីវកម្មដោយខ្លួនឯង។
ក្នុងមួយខែលោក វុទ្ធី អាចរកចំណូលបានចន្លោះពី២ពាន់ដុល្លារ ទៅ៦ពាន់ដុល្លារ នេះគិតតែខាងឌីហ្សាញតែប៉ុណ្ណោះ។ ធ្វើស្លាកយីហោ(ប្រេនឌីង) មួយ បានតម្លៃប្រហែល៤រយទៅ៥រយដុល្លារអាមេរិក។ ការងារឌីហ្សាញ ធ្វើលឿនជាងគំនូរលើជញ្ជាំង ដូច្នេះចំណូលចូលច្រើនឬតិច អាស្រ័យទៅតាមចំនួនការងារដែលសម្រេចបាន។
បើតាមលោក កប វុទ្ធី មុខជំនួញរបស់ខ្លួនអាចនិយាយបានថា ជោគជ័យបាន៥០ភាគរយហើយ ហើយលោកបន្ថែមដូច្នេះ៖«ដំបូងឡើយ ពេលមានគេត្រូវការអ្នកគំនូរគូរលើជញ្ជាំង លោកគ្រូរបស់ខ្ញុំ គាត់ក៏បានណែនាំខ្ញុំទៅកាន់គេ ហើយដោយសារទឹកដៃគេក៏ប្រាប់ពីម្នាក់ទៅម្នាក់ទៀត។ បច្ចុប្បន្នខ្ញុំចង់ធ្វើខាងឌីហ្សាញច្រើនជាង ហើយខ្ញុំក៏បានឱ្យសិស្សប្អូនទៅហាត់ការដែរ។ ខាងឌីហ្សាញងាយស្រួយគ្រប់គ្រងការងារ។ គំនូរលើជញ្ជាំង យើងត្រូវការអ្នកមានជំនាញ និងមានទឹកដៃខ្ពស់ ព្រោះបើយើងគូរហើយខុស ត្រូវលុបចេញខាតពេល ហើយខ្ញុំអត់មានពេលទៅមើលពួកគេទេ»។
គំនូរសម្រាប់ក្រាហ្វិកឌីហ្សាញ ប៉ុន្តែគូរព្រាងដោយដៃលើក្រដាសជាមុនសិន (រូបផ្ដល់ឱ្យ)
ជាគម្រោងទៅថ្ងៃអនាគត លោក កប វុទ្ធី ចង់បង្កើតក្រុមឌីហ្សាញឱ្យធំជាងនេះ និងបង្កើតក្រុមការងារផ្នែកគំនូរឌីជីថលគូរលើជញ្ជាំឱ្យបានកាន់តែរឹងមាំ។ លោកក៏មានបំណងចង់ជួយសិស្សប្អូនផ្នែកគំនូរ ឱ្យមានការងារធ្វើដែរ។ ទោះជាយ៉ាងណា លោក វុទ្ធី ក៏បញ្ជាក់ដែរថា ការរើសសិស្សប្អូនឱ្យធ្វើការក្នុងក្រុមរបស់លោក ដែលត្រូវប្រព្រឹត្តិទៅប្រមាណ៣ឆ្នាំខាងមុខនោះ ក៏ត្រូវការអ្នកដែលមានទេពកោសល្យខ្ពស់ និងមានទឹកដៃល្អផងដែរ៕
វិចិត្រករកំពុងគូរគំនូរហនុមាន បែបឌីជីថលលើជញ្ជាំង (រូបផ្ដល់ឱ្យ)