ជាតិ
សេដ្ឋកិច្ច
CDC អនុម័ត​ឱ្យ​ក្រុមហ៊ុន​៤​ទៀត បង្កើត​រោងចក្រ​ដែល​អាចបង្កើត​ការងារ​ជាង​២០០០​កន្លែង​
02, Jan 2021 , 10:29 pm        
រូបភាព
ទីស្នាក់របស់CDC នៅជិតរម្យណីដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។ រូបថត៖ CDC
ទីស្នាក់របស់CDC នៅជិតរម្យណីដ្ឋានវត្តភ្នំ រាជធានីភ្នំពេញ។ រូបថត៖ CDC
​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បានអនុម័ត​ឱ្យ​ក្រុមហ៊ុន​ថ្មី​៤​ទៀត ដែលមាន​ទុនវិនិយោគ សរុប​២១,៨​លាន​ដុល្លារ បង្កើត​រោងចក្រ​នានា នៅក្នុង​ខេត្តកណ្តាល​, ព្រះសីហនុ និង​ស្វាយរៀង​។ CDC បាន​បញ្ជាក់ថា រោងចក្រ​របស់​ក្រុមហ៊ុន​ទាំង​៤​នេះ អាចបង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន​រហូត ២,៤៦៤​កន្លែង​។

 
​បើតាម​ការចុះផ្សាយ​រប​ស់​CDC​កាលពី​ថ្ងៃទី​៣១​ធ្នូ ឆ្នាំ​២០២០  ក្រុមហ៊ុន​ទាំង​៤​នោះ មាន JIAYUAN HENGRUN INT’L TEXTILE CO., LTD គ្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ក្នុងតម្លៃ​វិនិយោគ​៦,៦​លាន​ដុល្លារ​។ រោងចក្រ​របស់​ក្រុមហ៊ុន​នេះ ស្ថិតនៅ​ភូមិ​លេខ​៤ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ដែល​អាចបង្កើត​ការងារ​ជូន​ពលរដ្ឋ បាន​ជិត​២​ពាន់​កន្លែង ខណៈ ក្រុមហ៊ុន H.R ENTERPRISE CO., LTD ត្រូវបាន​CDC អនុញ្ញាតឱ្យ​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង​គ្រប់​ប្រភេទ នៅ​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទំហំ​វិនិយោគ​៣,១​លាន​ដុល្លារ​។ សម្រាប់​រោងចក្រ អាចបង្កើត​ការងារ​បាន​២០៥​កន្លែង​។​
 
​ជាមួយគ្នានេះ CDC  ក៏បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​CAMBODIAN NEW JUIHUAN TRADING CO., LTD ដែល​បោះទុន​វិនិយោគ​៥,២​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​ដែក និង​ផលិត​បំពង់​បឺត​ខ្យល់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ផងដែរ​។ តាមរយៈ​រោងចក្រ​នេះ គឺអាច​បង្កើត​ការងារ​ដល់​ពលរដ្ឋ​បាន ១២០​កន្លែង ស្រប​ពេលដែល​ក្រុមហ៊ុន PINNACLE HOME COLLECTION CO., LTD បង្កើត​រោងចក្រ​ផលិត​អំពូល​ភ្លើង គ្រឿង​បង្គុំ​អំពូល​ភ្លើង និង​សម្ភា​រៈវេច​ខ្ចប់​គ្រប់​ប្រភេទ​នៅ​ខេត្ត​ស្វាយ​វៀង អាច​ផ្តល់ឱកាស​ការងារ បាន​ជាង​២០០​កន្លែង​។ ក្រុមហ៊ុន PINNACLE HOME COLLECTION បាន​បោះទុន​វិនិយោគ​៦,៩​លាន​ដុល្លារ ក្នុងការ​បង្កើត​រោងចក្រ​នេះ​ឡើង​៕ 
 







Tag:
 CDC
  រោងចក្រ​
  កណ្តាល​
  ព្រះសីហនុ​
  ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com