សៀមរាប៖ មានទស្សនៈវិស័យវែងឆ្ងាយ លោក សូត្រ សួរ វ័យ៣៨ឆ្នាំ ដែលមានប្រវត្តិធ្លាប់រត់ម៉ូតូឌុប និងលក់បន្លែត្រីសាច់ក្ដាមខ្យងបន្តិចបន្តួចនៅតាមផ្សារ បានបើកដំណើរការសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំឡើង ដើម្បីផ្ដល់ការងារដល់អ្នកភូមិ។ រៀបចំផ្ទះអ្នកភូមិ សម្រាប់ធ្វើផ្ទះស្នាក់លំហែ ជួយរកទីផ្សារកសិផល និងជួយទិញបន្លែត្រីសាច់របស់អ្នកភូមិ បម្រើក្នុងសហគមន៍ ទទួលកូនអ្នកភូមិឱ្យធ្វើការ និងការបង្កើតកម្មវិធីជាច្រើនទៀត ទាំងនេះ លោក សូត្រ សួរ ធ្វើឡើយដើម្បីរកប្រាក់ចំណូលឱ្យអ្នកភូមិ និងដើម្បីបញ្ចៀសការចំណាកស្រុក។
ដើម្បីជ្រាបច្បាស់ តទៅនេះសូមប្រិយមិត្ត អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
**audio1**
រស់ក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅទីនេះក៏ជាស្រុកកំណើតរបស់លោក សូត្រ សួរ ដែរ។ មានឪពុកជាប្រធានភូមិ ប៉ុន្តែបានចែកឋានកាលពីឆ្នាំ១៩៩៣ លោក សួរ បានឆ្លងកាត់ជីវិតកម្សត់កម្រជាច្រើនជាមួយម្ដាយមេម៉ាយ រួមទាំងបងប្អូនជាច្រើនរូបទៀត។ បានជួបជីវភាពទីទាល់ក្រ អស់ជាច្រើនឆ្នាំតាំងតែពីក្មេង ពេលនេះអតីតអ្នករត់ម៉ូតូឌុបរូបនេះ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនច្រើនហើយ។
សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ គឺជាបំណងប្រាថ្នាមួយ ក្នុងចំណោមបំណងប្រាថ្នាជាច្រើនទៀត ដែលលោក សូត្រ សួរ សម្រេចបាន។ ទីនេះគឺជាកន្លែងទេសចរណ៍បែបធម្មជាតិថ្មីមួយ ដែលស្ថិតក្នុងភូមិថ្នល់ត្រង់ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក សូត្រ សួរ ឈរនៅខាងមុខផ្ទះរបស់ប្រជាពលរដ្ឋ ដែលគ្រោងយកធ្វើជាផ្ទះស្នាក់លម្ហែ
រោងលម្ហែកាយប្រក់ស្បូរជាច្រើន ត្រូវបានសង់នៅតាមបណ្ដោយមាត់ស្ទឹង ហើយទូកតូចធំសម្រាប់ជិះលម្អែកាយបានអណ្ដែតលើផ្ទៃទឹក លម្អដោយវត្ថុប្រើប្រាស់ក្នុងផ្ទះ ដូចជាទូរទស្សន៍ ម៉ាញ៉េ វិទ្យុ ពាង ក្រឡ ជញ្ជីង កង់ ម៉ូតូ ម៉ាស៊ីនដេរ និងសម្ភារច្រើនទៀត ដែលបានឆ្លងកាត់សម័យកាលផ្សេងៗគ្នា មានតាំងនៅតាមផ្លូវដើរ ស្ទើរគ្រប់ច្រកល្ហកនៅទីនេះ។ ដំណាំហូបផ្លែជាច្រើនមុខ ដូចជាដើមជម្ពូ និងខ្នុរជាដើម ដុះលាយឡំជាមួយ រុក្ខជាតិបន្ថែច្រើនប្រភេទ មានសណ្ដែកកង់ និងត្រប់ជាដើម ឱ្យផ្លែជ្រោងច្រាង ក្នុងជំរំផ្កាចម្រុះពណ៌។
សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ត្រូវបានបង្កើតឡើង តាមរចនាសម្ព័ន្ធយ៉ាងល្អិតល្អន់ ដើម្បីផ្ដល់ការងារ និងប្រាក់ចំណូល ឱ្យដល់ប្រជាជនរស់នៅក្នុងភូមិ។ លោក សូត្រ សួរ ដែលមានសម្បុរស្រអែម ពាក់អាវពណ៌ផ្ទៃមេឃចាស់ បានប្រាប់ពីគោលបំណងរបស់ខ្លួនដូច្នេះ៖«គោលបំណងសំខាន់ៗដែលខ្ញុំបង្កើតសហគមន៍នេះឡើង គឺដើម្បីជួយទ្រទ្រង់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឱ្យគាត់មានការងារធ្វើ កាត់បន្ថយការចំណាកស្រុក ក៏ដូចជាការលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់គាត់ ក្នុងពេលកូវីដ១៩នេះ។ មួយទៀតខ្ញុំស្រឡាញ់ធម្មជាតិ ហើយខ្ញុំចង់កែប្រែតំបន់នេះ ពីដីស្រែទៅជាដីដែលមានបៃតង»។
សម្ភារប្រើប្រាស់ក្នុងផ្ទះច្រើនប្រភេទត្រូវបានតាំងក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ
ចំពោះការជ្រើសរើសបុគ្គលិកឱ្យចូលបម្រើការក្នុងសហគមន៍នេះ គឺត្រូវបានផ្ដល់អតិភាពខ្ពស់បំផុតឱ្យដល់ប្រជាជនរស់នៅក្នុងភូមិ។ ចំណែកបុគ្គលិកដែលជ្រើសរើសមកពីខាងក្រៅ គឺមានតែក្រុមជំនាញមួយចំនួនតូច ដែលនៅក្នុងភូមិមិនមានធនធាននេះប៉ុណ្ណោះ។
ក្រៅពីការផ្ដល់ការងារដោយផ្ទាល់ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏បានប្រមូលទិញត្រីសាច់និងបន្ថែធម្មជាតិ ពីប្រជាជនក្នុងភូមិ យកទៅទទួលភ្ញៀវទេសចរណ៍របស់ខ្លួនផងដែរ៖«បច្ចុប្បន្នយើងមានបុគ្គលិកក្នុងសហគមន៍ទាំងប្រុសទាំងស្រីនិងចាស់មាន៤៥នាក់។ មានធ្វើការខាងចុងភៅ ខាងភេសជ្ជៈ និងអ្នកថែសួន។ មានប្រជាពលរដ្ឋមួយចំនួនធំ ដែលទទួលបានអត្ថប្រយោជន៍ដោយប្រយោល តាមរយៈយើងទិញត្រីសាច់បន្ថែរបស់គាត់។ ឥឡូវនេះយើងមានផែនការ សហការជាមួយគាត់ គឺយើងបង្កើតការជិះរទេះគោ ហើយនឹងជិះកង់»។
ទោះជាយ៉ាងណាក៏ដោយ ស្ថាបនិកសហគមន៍ទេសចរណ៍រូបនេះ ក៏មានគម្រោងបង្កើតកម្មវិធីទេសចរណ៍ជាច្រើនទៀតផងដែរ ដើម្បីទាញប្រយោជន៍ ក៏ដូចជាចំណូលចូលហោប៉ៅប្រជាជនក្នុងមូលដ្ឋាន។ អង្គុយក្នុងរោងលម្ហែកាយក្បែរមាត់ទឹក លោក សូត្រ សួរ ថាការប្រជុំជាមួយប្រជាជនគោលដៅ ក្នុងមូលដ្ឋាន លោកបានធ្វើរួចរាល់ហើយ៖«យើងឱ្យប្រជាពលរដ្ឋគាត់រៀបចំរទេះគោចំនួន២០គ្រឿង ដើម្បីបម្រើសេវាកម្មដល់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីជិះដើរលេងកម្សាន្តក្នុងសហគមន៍នេះ។ ខ្ញុំបានប្រជុំនៅថ្ងៃនេះ បានបែងចែកក្នុងគ្រួសារនីមួយៗ ឱ្យគាត់ដាំបន្លែ អ្នកខ្លះដាំក្រូចឆ្មារ ក្រូចពោធិ៍សាត់ ខ្លះដាំពោត ខ្លះដាំឪឡឹក ដើម្បីលក់ជូនដល់ភ្ញៀវក្នុងស្រុក»។
សកម្មភាពលោក សូត្រ សួរ ប្រជុំជាមួយប្រជាជនក្នុងសហគមន៍
ដើម្បីឱ្យប្រជាជនក្នុងសហគមន៍ ទទួលបានប្រាក់ចំណូលបន្ថែម ក៏ដូចជាទទួលបានបទពិសោធន៍ពីភ្ញៀវទេសចរណ៍ បុរសវ័យ៣៨ឆ្នាំ សូត្រ សួរ បានបង្កើតគម្រោងផ្ទះស្នាក់លម្ហែ ដោយយកផ្ទះប្រជាជនដែលមានស្រាប់កែច្នៃបន្ថែម ដើម្បីទទួលភ្ញៀវតែម្ដង។ ក្នុងគម្រោងនេះ លោក សួរ ត្រូវផ្ដល់ប្រាក់ឱ្យម្ចាស់ផ្ទះនីមួយៗ ចំនួន៣ពាន់ដុល្លារអាមេរិក ដើម្បីជួសជុល ក៏ដូចជារចនាផ្ទះទាំងនោះតាមបែបប្រពៃណីខ្មែរ ដោយមានតាំងវត្ថុក៏ដូចជាសម្ភារផ្សេងៗ បង្ហាញពីអត្តសញ្ញាណជាតិ។ លោក សួរ ពន្យល់ដូច្នេះ៖«គម្រោងផ្ទះស្នាក់ក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ មានរូបរាងថ្មក្រោមឈើលើ ដូច្នេះយើងនឹងរៀបចំកែច្នៃខាងលើឱ្យស្អាត។ យើងរៀបចំឱ្យមានបន្ទប់ទឹកស្អាត ដាក់គ្រែពូកខ្នើយ កង្ហារ ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍។ ភ្ញៀវជាតិនិងអន្តរជាតិដែលគាត់មកលេងក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ គាត់អាចស្នាក់នៅខាងលើ ហើយប្រាក់ចំណូលមួយរយភាគរយ គឺបានទៅបងប្អូនក្នុងសហគមន៍»។
គម្រោងផ្ទះស្នាក់នេះ អាចចាប់ផ្ដើមដំណើរការនៅពាក់កណ្ដាលឆ្នាំ២០២១ខាងមុន។ គម្រោងនេះក៏អាចទាញប្រយោជន៍ឱ្យអ្នកភូមិបន្ថែមទៀតដែរ តាមរយៈការលក់បន្លែផ្លែឈើ ដែលមានស្រាប់ឱ្យភ្ញៀវទាំងនោះ ប្រសិនបើពួកគេត្រូវការ៖«ក្រៅពីគាត់ស្នាក់នៅក្នុងផ្ទះរបស់បងប្អូនប្រជាកសិករ គាត់ក៏អាចជួយទិញកសិផលដែលបងប្អូនប្រជាកសិករគាត់មាន ដូចជាខ្នុរ ពោត សណ្ដែក ក្រូចឆ្មារ ក្រូចពោធិ៍សាត់ ហើយនឹងមាន់ទា ដែលគាត់មានស្រាប់។ បងប្អូនខ្លះគាត់មានធ្វើវត្ថុអនុស្សាវរីយពីរពាក់ ធ្វើពីផ្ដៅ ពីដើមត្នោត និងស្លឹកត្នោតជាដើម»។
សត្វឆ្កែអង្គុយមើលទេសភាព ខណៈពេលភ្ញៀវទេសចរណ៍ជាតិ កំពុងឡើងជិះទូកលម្ហែក្នុងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ
សម្ដីមួយៗហើយរាងរដឺនបន្តិចផង លោក សួរ បានបញ្ជាក់ថា នៅតំបន់នេះកាលពី១០ឆ្នាំមុន គឺជាដីសម្រាប់ធ្វើស្រែ ប៉ុន្តែដោយសារទិន្នផលផ្ដល់ឱ្យតិច លោក សូត្រ សួរ ក៏មានបំណងចង់កែប្រែដីរបស់លោក ឱ្យប្រែមុខមាត់ថ្មី រហូតទទួលបានលទ្ធផលដូចសព្វថ្ងៃនេះ៖«យើងធ្វើស្រែចម្ការមិនសូវបានទិន្នផល។ ដោយសារខ្ញុំមានបទពិសោធខាងទេសចរណ៍ ខ្ញុំបានដើរទៅក្រៅប្រទេសច្រើន ហើយខ្ញុំស្រឡាញ់គំនិតខាងទេសចរណ៍ ទើបខ្ញុំបង្កើតសហគមន៍នេះឡើយ។ ដើម្បីបង្កើតកន្លែងទេសចរណ៍បាន ទាល់តែរៀបចំដីនៅតំបន់នេះឱ្យក្លាយជាបៃតង ដូច្នេះទើបបានជាខ្ញុំចំណាយទុនផ្ទាល់ខ្លួនច្រើនណាស់ ក្នុងការដាំដើមឈើឡើងវិញ។ ដាំដើមឈើតូចនិងធំ ខ្លះមានអាយុកាលពី១០ឆ្នាំ ៥០ឆ្នាំ និង១០០ឆ្នាំ ត្រូវបានដាំជាង២០០ប្រភេទ នៅក្នុងតំបន់នេះ»។
លោក សូត្រ សួរ បន្ថែម៖«ដីនេះគឺជាដីកេររបស់ដូនតាខ្ញុំ ប្រហែលជា៣ជំនាន់មកហើយ។ ឪពុកម្ដាយខ្ញុំបានរស់នៅទីនេះ គាត់នៅសល់ដីប្រហែលជា២ហិកតា ប៉ុន្តែដោយសារខ្ញុំមានទស្សនវិស័យក្នុងការបង្កើតសហគមន៍នេះ គឺត្រូវការរៀបចំដីឱ្យបានធំ ដូច្នេះខ្ញុំក៏មានការទិញ និងដោះដូរជាមួយបងប្អូនប្រជាពលរដ្ឋដែលនៅក្នុងតំបន់នេះ។ ខ្ញុំទិញដីទិញផ្ទះឱ្យគាត់នៅខាងមុខ ហើយខ្ញុំយកដីរបស់គាត់នៅខាងក្រោយ ដើម្បីផ្សារភ្ជាប់គ្នាជាមួយនឹងដីកេរដូនតារបស់ខ្ញុំ ពង្រីកឱ្យបាន១០ហិកតា»។
ភ្ញៀវទេសចរណ៍មួយរូបឈរមើលទេសភាពថ្ងៃរៀបលិច
គិតមកដល់បច្ចុប្បន្ននេះ ប្រាក់ចំណាយដើម្បីអភិវឌ្ឍន៍ដីកេរដូនតាដែលបន្ត៣ជំនាន់មកហើយនេះ ចាយអស់ច្រើនគួរសមហើយ។ បើទោះបីជាដូច្នោះក៏ដោយ នៅទីនេះត្រូវការអភិវឌ្ឍច្រើនទៀត ដោយនឹងរៀបចំទៅតាមដំណាក់កាលនីមួយៗ ដែលបានគ្រោងរួចជាស្រេច៖«មកដល់ពេលនេះទាំងការដោះដូរដីជាមួយបងប្អូនប្រជាពលរដ្ឋ និងការធ្វើហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងនេះ គឺចាយទុនអស់ប្រហែលជាង៧០ម៉ឺនដុល្លារអាមេរិក។ ទុនដែលវិនិយោគនៅកន្លែងនេះ គឺជាហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលបានមួយចំណែកពីការរកស៊ីខាងអចលនទ្រព្យ ហើយនឹងខាងហិរញ្ញវត្ថុនៅខេត្តសៀមរាប បន្ទាយមានជ័យ ក្រុងព្រះសីហនុ បាត់ដំបង ហើយមួយចំនួនទៀតមានកម្ចីពីធនាគារ»។
ទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីអាជ្ញាធរជាតិអប្សរា រដ្ឋបាលស្រុក រដ្ឋបាលខេត្ត ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បើកឡើងក្នុងដំណាក់កាលកូវីដ១៩ ព្រោះលោក សូត្រ សួរ បានមើលឃើញឱកាសពីរ គឺការទាក់ទាញភ្ញៀវក្នុងទីក្រុង ក៏ដូចជាអាចផ្ដល់ការងារដល់អ្នកភូមិផងដែរ៖«ក្នុងក្រុងសៀមរាបជាពិសេសវិស័យទេសចរណ៍ ហើយនឹងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត ភោជនីយដ្ឋានផ្សេងៗត្រូវបានបិទ មនុស្សជាច្រើនអត់មានការងារធ្វើ។ ខ្ញុំបើសហគមន៍នេះ នៅឆ្ងាយពីទីក្រុង អាចថាជាឱកាសដែលយើងអាចប្រមូលអតិថិជនពីអាជីវកម្មមួយចំនួន ដែលត្រូវបានបិទនៅក្នុងខេត្តសៀមរាប យកមកដាក់កន្លែងថ្មីរបស់យើង។ យើងមានការច្នៃប្រឌិតធ្វើឱ្យមានការប្លែកជាងមុន យើងមានកន្លែងលក់កាហ្វេ មានភេសជ្ជៈផ្សេងៗ មានអាហារដ្ឋាន ហើយយើងមានទីតាំងស្អាតអំណោយផល»។
សកម្មភាពសិល្បករសិល្បការិនីផ្នែកបុរាណ សម្ដែងសិល្បៈ (រូបផ្ដល់ឱ្យ)
បើទោះបីជាបើកដំណើរការក្នុងពេលកូវីដ១៩ក្ដី ក៏អាជីវកម្មមួយនេះ អាចដំណើរការបានរលូន និងជោគជ័យខ្លះហើយដែរ ដោយជារៀងរាល់ថ្ងៃ នៅទីនេះអាចទទួលបានភ្ញៀវក្នុងចំនួនរយនាក់។ ទៅថ្ងៃអនាគត លោក សូត្រ សួរ មានគម្រោងជំរុញឱ្យប្រជាជនដែលមានផ្ទះនៅជុំវិញសហគមន៍ ដាំបន្ថែធម្មជាតិមុខផ្សេងៗគ្នា ដើម្បីផ្គត់ផ្គង់ក្នុងសហគមន៍ផ្ទាល់តែម្ដង។ ចំពោះសាច់សត្វ លោក សួរ ថាប្រជាជនអាចផ្គត់ផ្គង់គ្រប់ចំនួនហើយ ក្នុងពេលបច្ចុប្បន្ននេះ៕