អន្តរជាតិ
កូរ៉េខាងត្បូង ហាម​ជួបជុំ​លើស​បួន​នាក់​ទូទាំងប្រទេស​ដើម្បី​ទប់ស្កាត់​កូ​វីដ​-១៩
02, Jan 2021 , 5:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖​កង ម៉េង​ហុង
 
​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២ ខែមករា បាន​ពង្រីក​ការហាមឃាត់​លើ​ការជួបជុំ​តូចៗ​ដែលមាន​មនុស្ស​ច្រើន​បួន​នាក់​ទូទាំងប្រទេស​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ពីដំបូង ការហាមឃាត់​នេះ ត្រូវអនុវត្ត​តែ​នៅ​រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ប៉ុណ្ណោះ​ក្រោយ​ករណី​ឆ្លង​រាលដាល​ខ្លាំង​។ វិធានការ​ថ្មី នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​១៧ ខែមករា​។​

 
​ក្នុង​សន្និសីទកាសែត​នៅ​ថ្ងៃទី​២ ខែមករា រដ្ឋមន្ត្រី​សុខាភិបាល​កូរ៉េខាងត្បូង លោក Kwon Deok-cheol និយាយថា កូរ៉េខាងត្បូង​នឹង​ពង្រីក​ការហាមឃាត់​លើ​ការជួបជុំ​ឯកជន​ដែលមាន​មនុស្ស​លើស​បួន​នាក់ ទៅលើ​ប្រទេស​ទាំងមូល​។ ការហាម​ប្រាម​ការជួប​ជុំ​ក្រោម​បួន​នាក់​នេះ ត្រូវបាន​អនុវត្ត​មុនគេ​នៅ​សេ​អ៊ូ​ល អ៊ី​ន​ឆន់ និង​ខេត្ត​ឃ្យុ​ង​គី នៅមុន​ថ្ងៃបុណ្យ​ណូអែល ហើយ​ត្រូវផុត​សុពលភាព​នៅ​ថ្ងៃទី​៣ ខែមករា​។​
 
​ប៉ុន្តែ​ខណៈ​ការ​រាតត្បាត​នៅ​បន្ត​មាន​ខ្លាំង រដ្ឋាភិបាល​កូរ៉េខាងត្បូង បានប្រកាស​បន្ត​វិធានការ​នេះ ហើយ​ពង្រីក​ដល់​ទូទាំងប្រទេស​តែម្ដង​។ ក្នុង​សន្និសីទ​ដដែល លោក Kwon ក៏​ប្រកាស​ពី​ការអនុវត្ត​វិធានការ​ការរក្សា​គម្លាត​សុវត្ថិភាព​ដ៏​តឹងរ៉ឹង​ដល់​ថ្ងៃទី​១៧ ខែមករា​។ បើតាម​រដ្ឋមន្ត្រី​រូបនេះ វិធានការ​នេះ ជា​រឿង​ចាំបាច់ ដើម្បី​កាត់បន្ថយ​ការកើនឡើង​នៃ​ការឆ្លង​។ 
 
​រដ្ឋមន្ត្រី​សុខាភិបាល​ដដែល​បន្តថា ៤០ ភាគរយ​នៃ​ករណី​ថ្មីៗ ជាប់ទាក់ទង​ទៅនឹង​ការជួបជុំ​តូចៗ​តែម្ដង​។ លោក Kwon បាន​សុំ​អភ័យទោស​ដល់​ពលរដ្ឋ​ចំពោះ​ការបន្ត​វិធានការ​ខាងលើ តែ​ក៏បាន​អរគុណ​ពួកគេ​ចំពោះ​សាមគ្គីភាព និង​ការសហការ​ផងដែរ​។ ចំពោះ​ការចាក់​វ៉ាក់សាំង​វិញ លោក Kwon លើកឡើងថា  ផែន​ការចាក់​វ៉ាក់សាំង នឹង​ចាប់ផ្ដើម​នៅក្នុង​ខែកុម្ភៈ​។​
 
​នៅ​ថ្ងៃទី​១ ខែមករា កូរ៉េខាងត្បូង​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន ៨២៤ ធ្លាក់ចុះ​បន្តិច​ធៀប​នឹង​ថ្ងៃទី​៣១ ខែធ្នូ ដែលមាន ១០២៩ ករណី​។ គិត​មក​ត្រឹម​ពេលនេះ កូរ៉េខាងត្បូង​មាន​អ្នក​ឆ្លង ច្រើនជាង​៦​ម៉ឺន​នាក់ និង​ស្លាប់ ៩៤២ នាក់​៕
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com