តាមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានាធិបតីកាន់អំណាចបានតែ២អាណត្តិប៉ុណ្ណោះ ហើយក្នុងមួយអាណត្តិមានរយៈពេល៤ឆ្នាំ។ ទោះចាត់ទុកជាការងារបណ្ដោះអាសន្នមែន ប្រធានាធិបតីអាមេរិក ជាមេដឹកនាំដ៏មានឥទ្ធិពលលើពិភពលោក ដ្បិតការសម្រេចចិត្តរបស់ពួកគេជះឥទ្ធិពលមិនថាតិចឬច្រើន ផ្ទាល់ឬប្រយោលដល់ប្រទេសដទៃ។
តើបច្ចុប្បន្នអាមេរិកនៅសល់អតីតប្រធានាធិបតីប៉ុន្មាននាក់នៅរស់រានមានជីវិត?
១៖ លោក បារ៉ាក់ អូបាម៉ា
លោក បារ៉ាក់ អូបាម៉ា ដែលជាសមាជិកបក្សប្រជាធិបតេយ្យមកពីរដ្ឋ Illinois បានកាន់អំណាច២អាណត្តិក្នុងសេតវិមានអាមេរិក។ លោកបានឈ្នះការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ២០០៨ ហើយជាប់ឆ្នោតជាថ្មី ក្នុងឆ្នាំ២០១២។ លោក អូបាម៉ា បានចូលស្បថកាន់តំណែងធ្វើជាប្រធានាធិបតីអាមេរិក នៅពេលលោកអាយុ ៤៧ឆ្នាំ ហើយចាកចេញនៅអាយុ ៥៥ឆ្នាំ។ ឆ្នាំ២០២០នេះ លោកមានអាយុ ៥៩ឆ្នាំហើយ។
២៖ លោក ចច ដាប់ប៊លយូ ប៊ូស
លោក ចច ដាប់ប៊លយូ ប៊ូស ដែលជាសមាជិកបក្សសាធារណរដ្ឋមកពីរដ្ឋ Texas គឺជាប្រធានាធិបតីទី៤៣របស់សហរដ្ឋអាមេរិក។ លោកជាសមាជិកម្នាក់នៃកូនប្រុសរបស់ប្រធានាធិបតីអាមេរិកទី៤១ ដែលទទួលមរណភាពកាលពីចុងឆ្នាំ២០១៨។ លោក ប៊ូស មានអាយុ៥៤ឆ្នាំ នៅពេលលោកបានចូលស្បថចូលកាន់តំណែងក្នុងអាណត្តិទីមួយរបស់លោកក្នុងឆ្នាំ២០០១។ ហើយលោកចាកចេញពីសេតវិមាន ក្រោយចប់អាណត្តិទី២របស់លោក ក្នុងឆ្នាំ២០០៩ នៅអាយុ ៦២ឆ្នាំ។ បច្ចុប្បន្នលោកមានអាយុ៧៤ឆ្នាំហើយ។
៣៖ លោក ប៊ីល គ្លីនតុន
លោក ប៊ីល គ្លីនតុន ដែលជាសមាជិកបក្សប្រជាធិបតេយ្យមកពីរដ្ឋ Arkansas គឺជាប្រធានាធិបតីទី៤២ របស់សហរដ្ឋអាមេរិក។ លោក ជាស្វាមីរបស់អ្នកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកជំនាន់លោក អូបាម៉ា ។ លោក គ្លីនតុន មានអាយុ ៤៦ឆ្នាំ នោពេលលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ១៩៩៣ សម្រាប់អាណត្តិទីមួយរបស់លោក។ លោក គ្លីនតុនមានអាយុ ៥៤ឆ្នាំ នៅពេលអាណត្តិទី២លោកបញ្ចប់ក្នុងឆ្នាំ២០០១។ បច្ចុប្បន្នលោកមានអាយុ៧៤ឆ្នាំហើយ។
៤៖ លោក ជីមមី ខាធើ
លោក ជីមមី ខាធើ ដែលជាសមាជិកបក្សប្រជាធិបតេយ្យមកពីរដ្ឋ Georgia គឺជាប្រធានាធិបតីទី៣៩របស់សហរដ្ឋអាមេរិក និងជាអតីតប្រធានាធិបតីអាមេរិកមានវ័យចំណាស់ជាងគេដែលនៅមានជីវិត។ លោក ខាធើ បានស្បថចូលកាន់តំណែងកំពូលនេះក្នុងឆ្នាំ១៩៧៧ នៅពេលលោកមានអាយុ ៥២ឆ្នាំ ។ ជាអកុសល លោកកាន់តំណែងនេះបានតែមួយអាណត្តិប៉ុណ្ណោះ ដោយលោកចាកចេញពីសេតវិមានក្នុងឆ្នាំ១៩៨១ ក្រោយកាន់អំណាចបាន៤ឆ្នាំរួចរាល់។ បច្ចុប្បន្ន លោក មានអាយុ ៩៦ឆ្នាំហើយ។
លោក ដូណាល់ ត្រាំ ក៏នឹងមានឈ្មោះក្នុងបញ្ជីនេះដែរ ពេលចប់អាណត្តិថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕