COVID-19
ជាតិ
សុខភាព
អ្នកនាំពាក្យ​បំភ្លឺ​៖ បុរស ដែល​ស្លាប់​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក គឺ​ដោយសារគាំងបេះដូង ហើយ​ដួល​ប៉ះ​ក្បាល​នឹង​ចាន​បង្គន់
03, Jan 2021 , 11:16 am        
រូបភាព
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តត្បូងឃ្មុំ (រូបពីទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ)
ភ្នំពេញ​៖ បុរស​ជា​ពលករ​ខ្មែរ​ម្នាក់ ដែល​ទើប​មកពី​ប្រទេស​ថៃ បាន​ដួល​បោក​ក្បាល​នឹង​ចាន​បង្គន់​ក្នុង​បន្ទប់ទឹក បណ្តាលឱ្យ​ស្លាប់ នា​អំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​វិទ្យាល័យ​ត្បូងឃ្មុំ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ដោយ​បញ្ជាក់ថា ពលករ​រូបនេះ បាន​ស្លាប់​នៅ​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​២​មករា ឆ្នាំ​២០២១​។

 
​ពលករ ដែល​បាន​ដួល​ស្លាប់​ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ មាន​វ័យ​៥២​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ឃុំ​មៀន ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។ បុរស​ម្នាក់នេះ បានធ្វើ​ដំណើរ​មកពី​ខេត្ត​ឈុន​បូរី នៃ​ប្រទេស​ថៃ ចូល​កម្ពុជា តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​២៨​ធ្នូ ឆ្នាំ​២០២០​។ បើតាម លោកស្រី ឱ វណ្ណឌី​ន មុនពេល​ពលករ​ម្នាក់នេះ ស្លាប់ ដោយ យថាហេតុ​នោះ មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល បានធ្វើ​តេស្តរ​កកូ​វីដ​-១៩ លើកទីមួយ​រួចហើយ ដោយ​លទ្ធផល​បង្ហាញ​អវិជ្ជមាន​នៃ​ជំងឺ​នេះ​។​
 
​លោកស្រី ឱ វណ្ណឌី​ន បាន​ស្រង់​សម្តី​ភរិយា​របស់​សព​ខាងលើ​មក​បញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៣​មករា ថា បុរស​ដែល​ស្លាប់​នោះ គឺ​ធ្លាប់មាន​ជំងឺ​បេះដូង និង​បាន​ព្យាបាល​ជំងឺ​នេះ នៅ​ប្រទេស​ថៃ​កន្លងមក​។ អ្នកនាំពាក្យ​រូបនេះ បាន​អះអាង​ដូច្នេះ​ថា​៖«ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យកោសល្យវិច្ច័យ គឺសាមីសព មានជំងឺចុកបេះដូង ហើយគាំងបេះដូងភ្លាមៗ ធ្វើឲ្យដួលបោកក្បាលនឹងកន្ថោរបង្គន់...»។

អ្នកស្រី បន្ថែមថា ​តាំងពី​បុរស​នោះ ចូលធ្វើ​ច​ត្តា​ឡី​ស័ក​មកដល់​ថ្ងៃ​មាន​ហេតុការណ៍​ដួល​ក្នុង​បន្ទប់ទឹក​រហូតដល់​បាត់បង់​ជីវិត គឺ​មិន​មានការ​ផ្តល់ព័ត៌មាន​អំពី​ប្រវត្តិរបស់គាត់ ដែល​ធ្លាប់មាន​ជំងឺ​បេះដូង និង​បាន​ព្យាបាល នៅ​ប្រទេសថៃ​កន្លងមក​ឡើយ​។​
 
​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៣​កក្កដា ឆ្នាំ​២០២០  មាន​បុរស​ខ្មែរ​វ័យ​២១​ឆ្នាំ​ម្នាក់ ក៏បាន​បាត់បង់​ជីវិត​ដែរ ក្នុងអំឡុងពេល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​មួយកន្លែង ក្នុង​ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​៕ 
 

Tag:
 COVID-19
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com