ជាតិ
លោក ញឿ​ក ភារ​ម្យ កំពុង​ផ្គត់ផ្គង់​ចង្រិត ៥០០​គីឡូក្រាម​លើ​ទីផ្សារ​រៀងរាល់ថ្ងៃ​
03, Jan 2021 , 11:59 am        
រូបភាព
ដោយ:
​ក្នុង​ខេត្តតាកែវ មួយថ្ងៃ​អាច​ផ្គត់ផ្គង់​ចង្រិត

 
​លោក ញឿ​ក ភារ​ម្យ ជា​អ្នក​ចិញ្ចឹមសត្វ​ចង្រិត និង​ជា​អ្នកផ្គត់ផ្គង់​ចង្រិត​ប្រចាំ​ខេត្តតាកែវ​។ រយៈពេល​ប្រមាណ​១០​ឆ្នាំ​ហើយ ដែល​បុរស​វ័យ​៣១​ឆ្នាំ​រូបនេះ ចាប់យក​របរ​មួយ​នេះ​។ បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​ចង្រិត​របស់លោក ភារ​ម្យ​មាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​បារាយណ៍ ស្រុក​ដូន​កែវ ខេត្តតាកែវ អាច​ផ្គត់ផ្គង់​ចង្រិត ប្រមាណ​៥០០​គីឡូក្រាម​ក្នុង​មួយថ្ងៃ ទៅកាន់​ទីផ្សារ​ខេត្តតាកែវ ភ្នំពេញ កំពង់ចាម និង​ខេត្តព្រៃវែង​។ លោក ញឿ​ក ភារ​ម្យ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25  ថា លោក​អាច​ទទួលបាន​ប្រាក់ចំណេញ​ពី​ការចិញ្ចឹម​ចង្រិត ពី ១​ពាន់​ដុល្លារ ទៅ ២​ពាន់​ដុល្លារ ក្នុង​មួយខែ​។ 
 
​មាន​វ័យ ៣១​ឆ្នាំ លោក ញឿ​ក ភារ​ម្យ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា លោក​ចេះ​រៀប​ចិញ្ចឹម​ចង្រិត​នេះ តាម​យូ​ធូប ដោយ​មិន​ធ្លាប់​រៀន​ជំនាញ​កសិកម្ម ពីមុន​នោះទេ​។ លោក​ថា​៖«​ដំបូង បើក យូ​ធូប ឃើញ​គេ​បង្រៀន ពី​បច្ចេកទេស ចិញ្ចឹម​ចង្រិត ហើយ​ចាប់អារម្មណ៍ ក៏​សម្រេច​ទិញ​ពូជ​ចង្រិត​ពី​ប្រទេស​ថៃ មក​ចិញ្ចឹម​សាក​»​។ លោក​បន្តថា សាក​ចិញ្ចឹម​ដំបូង ត្រឹម​មួយ​អាង​ទេ ក្រោយមក​ឃើញថា​ការចិញ្ចឹម​ទទួលបាន​លទ្ធផល​ល្អ ក៏​សម្រេច ចិញ្ចឹម​ចង្រិត​នៅ​ដើមឆ្នាំ​២០១០ និង​ពង្រីក​ការចិញ្ចឹម​មកដល់​បច្ចុប្បន្ន ដែលមាន​អាង​ចិញ្ចឹម​រហូត ៤០០​អាង ទៅ ៥០០​អាង​។​


កន្លែងចិញ្ចឹមចង្រិត របស់លោក ញឿក ភារម្យ (រូបភាពផ្ដល់ឲ្យ) 

​មានបទពិសោធន៍​ចិញ្ចឹម​ចង្រិត រយៈពេល ១០​ឆ្នាំ លោក ញឿ​ក ភារ​ម្យ ក៏​ធ្លាប់មាន​ឧបសគ្គ ខ្លះៗ​ដែរ ដូចជា​បញ្ហា​ទីផ្សារ និង​មានការ​ជំទាស់ ពី​ក្រុមគ្រួសារ ជាដើម​។ លោក​បាន​ប្រាប់​យ៉ាង​ដូច្នេះ​៖«​ចិញ្ចឹម​ដំបូង បាន​ផល​មែន តែ​ពិបាក​លក់ ព្រោះ​មិនទាន់​ចេះ ធ្វើ​ទីផ្សារ​។ ម្យ៉ាងទៀត អ្នកផ្ទះ​(​ប៉ា​ម៉ាក់​) រួមទាំង​អ្នកជិតខាង គាត់​ជំទាស់ និង​គិតថា របរ​(​ចិញ្ចឹម​ចង្រិត​)​នេះ គ្មាន​ប្រយោជន៍ ព្រោះ​ចិញ្ចឹមសត្វ​(​ចង្រិត​) ដែល​សម្បូរ​ស្រាប់​ក្នុង​ធម្មជាតិ​»​។​
 
​ដ្បិត​មាន​អ្នកជំទាស់ ក្នុងការ​ចិញ្ចឹម​ចង្រិត ពិតមែន តែ​លោក ញឿ​ក ភារ​ម្យ មិន​ព្រម​បោះបង់​នោះទេ ព្រោះ​របរ​នេះ បានផ្ដល់​ចំណូល​ឲ្យ​លោក ប្រសើរ​ជាង​ការងារ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ កាលដែល​លោក​មិនទាន់​ចិញ្ចឹម​ចង្រិត​។ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ចង្រិត ដែលមាន​ទីតាំងនៅ​ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ បារាយ​ណ៏ ស្រុក​ដូន​កែវ ខេត្តតាកែវ បាន​ប្រាប់ទៀតថា ការងារ​ចិញ្ចឹម​ចង្រិត មាន​ភាពងាយស្រួល ដែល​អាច​ឲ្យ​លោក មាន​ពេលទំនេរ​ច្រើន និង​អាច​ឲ្យ​លោក​ចាប់​របរ ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​ថែមទៀត​។ ហើយ​លោក​អាច​ទទួលបាន ប្រាក់ចំណេញ​ពី​ការចិញ្ចឹម​ចង្រិត ពី ១​ពាន់​ដុល្លារ​ទៅ ២​ពាន់​ដុល្លារ ក្នុង​មួយខែ​។​


រូបភាពផ្ដល់ដោយលោក ភារម្យ 
 
​ដើម្បី​ឲ្យ​ទីផ្សារ​ចង្រិត មាន​ភាព​ទូលាយ លោក ញឿ​ក ភារ​ម្យ បាន​ចងក្រង​អ្នក​ចិញ្ចឹម​ចង្រិត​ប្រមាញ ១០០​នាក់ ទូទាំង​ខេត្តតាកែវ ជា​បណ្ដុំ និង​បានផ្ដល់​បច្ចេកទេស​ចិញ្ចឹម​ចង្រិត និង​ជា​អ្នកទទួល​ទិញ​ចង្រិត​ពី​សមាជិក​ទាំងអស់ ក្នុងតម្លៃ ១០,០០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​លក់​ចេញ​ក្នុងតម្លៃ ១១,០០០​រៀល ទៅ ១១,៥០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ រាជធានី​ភ្នំពេញ និង​ខេត្តតាកែវ ជាទី​ផ្សារ​ធំ សម្រាប់​នាំចេញ​ចង្រិត ក្រៅពីនោះ​មាន ខេត្តព្រៃវែង កំពង់ចាម ជាដើម​។​
 
​បច្ចុប្បន្ន លោក ញឿ​ក ភារ​ម្យ ចិញ្ចឹម​ចង្រិត ពីរ​ប្រភេទ គឺ​ចង្រិត​ខ្មៅ និង​ចង្រិត​ក្រហម​។ សម្រាប់​ចង្រិត​ខ្មៅ មានតម្លៃ ១១ ០០០​រៀល ក្នុង​មួយ​គីឡូ និង​ចង្រិត​ក្រហម តម្លៃ ១០ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ការចិញ្ចឹម​ចង្រិត មាន​រយៈពេល ៤៥​ថ្ងៃ អាច​លក់បាន​។ ក្នុង​មួយថ្ងៃ​ត្រូវ​ផ្ដល់​ចំណី ដល់​សត្វ​ចង្រិត​ម្ដង ដោយ​សម្រាប់​ចង្រិត មាន​អាយុ​ត្រឹម ១៥​ថ្ងៃ អាច​ផ្ដល់​ចំណី​សម្រេច ហើយ​សម្រាប់​ចង្រិត មាន​អាយុ​ចាប់ពី ១៥​ថ្ងៃ​ឡើងទៅ អាច​ប្រើ​ជា​ចំណី​ស្រេច លាយ​ចំណី​ធម្មជាតិ ដូចជា ត្រកួន ជាដើម​៕


រូបភាពផ្ដល់ដោយលោកភារម្យ 

Tag:
 ​ចិញ្ចឹម​ចង្រិត
© រក្សាសិទ្ធិដោយ thmeythmey.com