ជាតិ
សង្គមជាតិ
២០២០ ស៊ីម៉ាក់ កម្ទេចមីនជិត៤ម៉ឺនគ្រាប់ និងដាក់ផែនការរកឲ្យឃើញ៤ម៉ឺនគ្រាប់ទៀត នៅឆ្នាំថ្មី បុរសកំពុងលើកដៃ ជា លោក ហេង រតនា ប្រធានអង្គភាពCMAC។ រូបថត៖ CMAC
× ភ្នំពេញ៖ ពេញមួយឆ្នាំ២០២០ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) រំដោះផ្ទៃដីដែលមានគ្រាប់មីនបានជាង៩,២ពាន់ហិកតា ព្រមទាំងកម្ទេចគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានជិត៤ម៉ឺនគ្រាប់ ផងដែរ។ លោក ហេង រតនា ប្រធាន CMAC បានឲ្យដឹងថា នៅឆ្នាំ២០២១ CMAC មានផែនការរុករកឲ្យឃើញគ្រាប់មីននិងសំណល់មិនទាន់ផ្ទុះពីសម័យសង្គ្រាម ឲ្យបានយ៉ាងតិច៤ម៉ឺនគ្រាប់ទៀត នៅលើផ្ទៃដីជាង១,១ម៉ឺនហិកតា ដើម្បីយកទៅកម្ទេចចោល។
លោក ហេង រតនា បានបង្ហោះលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៣១ធ្នូ ដូច្នេះថា៖«ផែនការឆ្នាំ២០២១ ជាផែនការមានលក្ខណៈរស់រវើកផ្អែកលើផែនការយុទ្ធសាស្ដ្ររបស់អង្គភាព ផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្ដ្រថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១»។
លោក បន្តថា ដើម្បីឆ្លើយតបនឹងតម្រូវការប្រតិបតិ្តការ អង្គភាពស៊ីម៉ាក់ចាំបាច់ត្រូវធ្វើកំណែទម្រង់ ដោយពង្រឹងសមត្ថភាពក្រុម សម្ភារបំពាក់ មធ្យោបាយដឹកជញ្ជូន និងស្ថានភាពភូមិសាស្ដ្រចម្ការមីនផងដែរ។ លោក បន្ថែមថា ក្នុងការរៀបចំយុទ្ធសាស្ត្រនិងយុទ្ធវិធីប្រតិបតិ្កការ អង្គភាពស៊ីម៉ាក់ គឺប្រកាន់ទស្សនវិស័យជាមូលដ្ឋាន២គឺ ស្ថានភាពភូមិសាស្ត្រត្រូវប្រតិបត្តិការ និងស្ថានភាពតម្រូវការខាងសេដ្ឋកិច្ចសង្គមនៃសហគមន៍ រងការគំរាមកំហែងដោយសារគ្រាប់មីន។
ជាមួយគ្នានេះ អង្គភាព CMAC បានអប់រំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ពលរដ្ឋក្រុមគោលដៅបានជិត១,២លាននាក់ និងគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម ផងដែរ។ នេះបើតាមសំណេររបស់លោក ហេង រតនា ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com