អន្តរជាតិ
សមាជិក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ម្នាក់​នឹង​ប្រឆាំង​ជ័យជម្នះ​អង្គ​បោះឆ្នោត​របស់លោក Biden
03, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ លោក Josh Hawley សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Missouri ថ្លែង​នៅក្នុង​សវនាការ​មួយ​របស់​ព្រឹទ្ធសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ លោក Josh Hawley សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Missouri ថ្លែង​នៅក្នុង​សវនាការ​មួយ​របស់​ព្រឹទ្ធសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​
ដោយ: VOA
​លោក Josh Hawley សមាជិក​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ Missouri បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​នឹង​ប្រឆាំង​ការបញ្ជាក់​សំឡេង​បោះឆ្នោត​នៃ​អង្គ​បោះឆ្នោត​លើកចុងក្រោយ​នៅ​សប្តាហ៍​ក្រោយ​។​



 
​ក៏ប៉ុន្តែ​វា​ស្ទើរតែ​ប្រាកដថា នេះ​ជាការ​ខំប្រឹងប្រែង​ជា​ចុងក្រោយ​ដ៏​ឥតប្រយោជន៍ ដើម្បី​បញ្ឈប់​ជ័យជម្នះ​របស់លោក Joe Biden ប្រធានាធិបតី​ជាប់ឆ្នោត​ខាង​គណបក្ស​ប្រជាធិបតេយ្យ លើ​លោក​ប្រធានាធិបតី Donald Trump នៅក្នុង​ការបោះឆ្នោត​កាលពី​ខែ​មុន​។​
 
​ការ​ប្រឈម​តតាំង​របស់លោក Hawley រួមជាមួយ​ការតវ៉ា​ប្រឆាំង​ខាង​គណបក្ស​សាធារណរដ្ឋ​ក្នុង​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សមាជិកសភា Mo Brooks នៃ​រដ្ឋ Alabama នឹង​ធានាថា ការប្រជុំ​នៅក្នុង​សភា​ទាំង​២ ថ្នាក់ នៅ​ថ្ងៃទី​៦ ខែមករា​ខាងមុខ នឹង​ជជែក​ដេញដោល​អំពី​ភាពត្រឹមត្រូវ​តាមច្បាប់​នៃ​ជ័យជម្នះ​របស់លោក Biden ដោយ​ទទួលបាន​សំឡេង​អង្គ​បោះឆ្នោត​ចំនួន ៣០៦ ទល់នឹង ២៣២​។ ចំនួន​អង្គ​បោះឆ្នោត​នេះ​អាច​ឲ្យ​លោក Biden ក្លាយជា​ប្រធានាធិបតី​ទី ៤៦ នៅក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​របស់លោក ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២០ ខែមករា​។​
 
​លោកស្រី Jen Psaki អ្នកនាំពាក្យ​ថ្មី​របស់លោក Biden បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ថ្វីបើ​មាន «​ការបំផ្លិចបំផ្លាញ​» ណាមួយ​ក៏ដោយ លោក Biden នឹងត្រូវ​ស្បថ​ចូលកាន់​តំណែង​ទៅតាម​ការគ្រោងទុក នៅ​ខែក្រោយ​។​
 
​នៅក្នុង​ទម្រង់​នៃ​លទ្ធិប្រជាធិបតេយ្យ​ដោយ​ប្រយោល​របស់​សហរដ្ឋអាមេរិក លទ្ធផល​នៃ​ការបោះឆ្នោត​សម្រេច​ដោយ​អង្គ​បោះឆ្នោត​តាម​រដ្ឋ​ដែល​ងាករេ​សំខាន់ៗ​នោះ កំណត់ថា បេក្ខជន​ណា​ឈ្នះ​កាន់តំណែង​ប្រធានាធិបតី​។ សំឡេង​សន្លឹកឆ្នោត​សរុប​ទូទាំងប្រទេស មិន​កំណត់​លទ្ធផល​ចុងក្រោយ​ទេ​បើទោះជា​លោក Biden បានទទួល​សន្លឹកឆ្នោត​ដល់ ៧ លាន​សន្លឹក ដែល​ច្រើនជាង​លោក Trump ក្តី​។​
 
​ការតវ៉ា​ប្រឆាំង​របស់លោក Hawley និង​លោក Brooks ទំនង​បង្ខំ​ឲ្យ​រដ្ឋសភា​និង​ព្រឹទ្ធសភា ជជែក​ដេញដោល​រហូតដល់ ២ ម៉ោង ថា​តើ​ត្រូវ​ច្រានចោល​លទ្ធផល​បោះឆ្នោត​នៃ​ចំនួន​សរុប​សន្លឹកឆ្នោត​ដែល​ត្រូវបាន​បញ្ជាក់​ដោយ​រដ្ឋ​នីមួយៗ នៅក្នុង​រដ្ឋ​ជាច្រើន​ដែល​លោក Biden បានឈ្នះ​ប្រផិតប្រផើយ​ឬ​យ៉ាងណា និង​ថា​តើ​ត្រូវ​ច្រានចោល​ជ័យជម្នះ​របស់លោក​ដែល​ឈ្នះ​អង្គ​បោះឆ្នោត​ទាំងអស់​នៅក្នុង​រដ្ឋ​ទាំងនោះ​ដែរឬទេ​។​
 
​ក៏ប៉ុន្តែ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​រក្សា​ការត្រួតត្រា​រដ្ឋសភា បន្ទាប់ពី​សមាជិកសភា​ថ្មី​ត្រូវ​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃអាទិត្យ ហើយ​ប្រាកដជា​សម្រេច​ការជជែក​ដេញដោល​ទាំងឡាយ​ដោយ​ផ្តល់​ការគាំទ្រ​ដល់​លោក Biden៕
 

© រក្សាសិទ្ធិដោយ thmeythmey.com