លោក សុខ រ៉ា​ដែន​៖ សមាគម​វា​រី​វប្បករ រួមចំណែក​ដោះស្រាយ​បញ្ហា​ផល​ត្រី​នៅ​កម្ពុជា​
ជាតិ
លោក សុខ រ៉ា​ដែន​៖ សមាគម​វា​រី​វប្បករ រួមចំណែក​ដោះស្រាយ​បញ្ហា​ផល​ត្រី​នៅ​កម្ពុជា​
03, Jan 2021 , 4:39 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​វា​រី​ប្បករ​កម្ពុជា ទើបតែ​បាន​បង្កើតឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២០ ដោយមាន​ការគាំទ្រ​ដោយ​អង្គការ​សណ្ដែកសៀង​អាមេរិកកាំង ក្នុង​ផ្ដល់​បច្ចេកទេស​ដល់​អ្នក​ចិញ្ចឹម​នៅ​កម្ពុជា​។ ការបង្កើត​សមាគម​នេះ​ឡើង​ដើម្បី​ចងក្រង​វា​រី​វប្បករ​កុំ​ឲ្យ​ចិញ្ចឹម​ដាច់ដោយឡែក​ពីគ្នា ជាពិសេស​ជួយ​បង្កើន​ផលិតភាព​ផលិត និង​ពង្រីក​ទីផ្សារ​។

 
​លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា ប្រាប់​សារព័ត៌មាន​ThmeyThmey25​ថា គោលការណ៍​របស់​សមា​គម​វា​រី​វប្បករ គឺ​ជំរុញ​ផលិតផល​ត្រី​ក្នុងស្រុក​ឲ្យ​មានគុណ​ភាពល្អ កាត់បន្ថយ​ការនាំ​ចូល​ត្រី​ពី​បរទេស និង​អាច​ឈានដល់​ការនាំចេញ​ទៅខាង​ក្រៅ​វិញ​។ បើតាម​លោក រ៉ា​ដែន ការបង្កើត​សមាគម​នេះ គឺមាន​ការចូលរួម​គាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​សា និង​ពលរដ្ឋ​ខ្មែរ​។ 
 

រូបភាពីពីហ្វេសប៊ុករដ្ឋបាលជលផល

«​ការនាំ​ចូល​ត្រី​នៅតែមាន នេះ​ជា​បញ្ហា​ដ៏​ធំ​សម្រាប់​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក ដូច្នេះ​សមាគម​សូម​ស្នើ​ក្រសួង​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ពី​ខាងក្រៅ​ឲ្យ​មាន​ប្រសិទ្ធភាព​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ រ៉ា​ដែន ដែល​បាន​បន្ថែមថា កន្លងមក​សមាគម​វារីវប្បកម្ម បានស្នើ​ទៅ​ក្រសួងកសិកម្ម និង​រដ្ឋបាល​ជលផល ច្រើនលើកច្រើនសារ​រួចមកហើយ ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​នេះ ប៉ុន្តែ​សកម្មភាព​ការនាំ​ចូល​ត្រី​ពី​ប្រទេសជិតខាង​នៅតែមាន​។​
 
​លោក សុខ រ៉ា​ដែន បន្ថែមថា​៖«​ការចូលរួម​ពី​អ្នក​បរិភោគ ជា​ផ្នែក​មួយ​ជួយ​ជំរុញ​វិស័យ​វារីវប្បកម្ម​កម្ពុជា ហើយ​ចំពោះ​ការបរិភោគ​ត្រី​ចិញ្ចឹម មិន​ខុសគ្នា​នោះទេ បើ​អ្នក​ចិញ្ចឹម​មានការ​ចិញ្ចឹម​បាន​ត្រឹមត្រូវ ដោយ​គិត​លើ​ប្រភពទឹក ពូជ​ត្រី បច្ចេកទេស និង​ចំណី​។ ដូច្នេះ​ពលរដ្ឋ​បើ​អ្នក​បរិភោគ​គួរ​គិត​ឲ្យ​បាន​ដិតដល់​ចំពោះ​ការបរិភោគ ព្រោះ​យើង​មិនដឹង​ទេ​ថា​ត្រី​ដែល​បាន​នាំចូល វា​អាច​ប៉ះពាល់​អ្វីខ្លះ​ដល់​សុខភាព​។ វា​ជា​រយៈពេល​ខ្លី​មួយ​ដែល​សមាគម​វារីវប្បកម្ម​ត្រូវបាន​បង្កើត ហើយ​ជា​ជំហាន​បន្ទាប់​ក្រៅពី​ផ្ដល់​បច្ចេកទេស​ចិញ្ចឹម​ដល់​សមាជិក គឺ​ត្រូវការ​ការចូលរួម​រប​ស់​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​ត្រី​ជាមុន​»​។​
 
​សមាគម​វា​រី​វប្បករ​លើកទឹកចិត្ត​ដល់​វា​រី​វប្បករ ឲ្យ​បង្កើន​គុណភាព​ក្នុងការ​ចិញ្ចឹម ដើម្បី​ឈានដល់​កម្រិតស្តង់ដា​។ សមាគម​វា​រី​វប្បករ​កម្ពុជា បង្កើតឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ ដោយមាន​សមាជិក ៩​នាក់​ប៉ុណ្ណោះ​។ តែ​មកដល់​បច្ចុប្បន្ន​ស​មា​គម​នេះ មាន​សមាជិក​ជាង ១៦០​នាក់​៕

លោក សុខ​ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា


Tag:
 ​វារីវប្បកម្ម​
 
© រក្សាសិទ្ធិដោយ thmeythmey.com