ជាតិ
តំបន់ទេសចរណ៍ធម្មជាតិដ៏ត្រកាល ៣កន្លែង ដែលកំពុងរីកមុខមាត់ក្នុងខេត្តបាត់ដំបង
×
ដោយ៖ ហុង ស្រីណា
ខេត្តបាត់ដំបង ជាខេត្តដ៏មានសក្តានុពលទេសចរណ៍មួយ ដែលមិនតែប្រជុំទៅដោយរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះ ក៏សម្បូររមណីយដ្ឋានទេសចរណ៍ធម្មជាតិជាច្រើនកន្លែងផងដែរ។ ថ្ងៃនេះ សារព័ត៌មាន Thmeythmey25 សូមបង្ហាញជូនលោកអ្នកនាង អំពីរមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល ៣កន្លែង ដែលមានការពេញនិយមពីទេសចរក្នុងខេត្ត។ រមណីយដ្ឋានទាំងនោះ មានសួនកម្សាន្ត ធម្មជាតិភ្នំព្រឹក, ទឹកធ្លាក់ភ្នំកំពូល និងចំការទុរេន អូរតង។
ចំការទុរេន អូរតង
ចំការទុរេន អូរតង
ចំការទុរេន អូរតង
សួនកម្សាន្តធម្មជាតិភ្នំព្រឹក មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ចម្ងាយ៥០ម៉ែត្រ ពីគីឡូម៉ែត្រលេខ៧៧។ វាលស្មៅបៃតង អមដោយទេសភាពដ៏ត្រកាលជាប់ជើងភ្នំ គឺជាចំណុចដ៏គួរឲ្យទាក់ទាញនៃសួនកម្សាន្តមួយនេះ។ ក្រៅពីស្ថានភាពធម្មជាតិអំណោយផលហើយនោះ ម្ចាស់សួន ក៏អាចមើលរំលងការកែច្នៃបន្ថែមសម្រស់មួយកម្រិត ឲ្យទីតាំងរបស់ខ្លួនដែរ។
សួនកំសាន្ត ធម្មជាតិភ្នំព្រឹក
សួនកំសាន្ត ធម្មជាតិភ្នំព្រឹក
សួនកំសាន្ត ធម្មជាតិភ្នំព្រឹក
សួនកំសាន្ត ធម្មជាតិភ្នំព្រឹក
ផ្កាចម្រុះពណ៌ត្រូវបានដាំត្រង់នេះម្តុំ ត្រង់នោះម្តុំដើម្បីលម្អបរិវេណសួនទាំងមូល។ កូនឈើហូបផ្លែ និងឈើប្រភេទដើមតូចៗ ក៏ត្រូវបានដាំដុះបន្ថែមស្ទើរពេញទីធ្លាសួន ហើយវាបានបង្កើនភាពបៃតងដល់រមណីយដ្ឋានជាប់ជើងភ្នំមួយនេះដែរ។ កូនឈើ និងផ្កាមួយចំនួន ក៏ត្រូវកាត់ ពត់ ជារូបសត្វព្រៃ សត្វស្រុក ច្រើនប្រភេទ និងរូបភាពផ្សេងផងដែរ ថែមទាងមានទោងឈើ ទោងដែក និងកញ្ចុះ ដើម្បីឲ្យអ្នកទេសចរអង្គុយទេស និងទទួលទានអាហារផងដែរ។
បន្ទាប់ពីរមណីយដ្ឋានជាប់ជើងភ្នំនេះ សារព័ត៌មានThmeythmey25សូមណែនាំរមណីយដ្ឋានទឹកធ្លាក់ភ្នំកំពូលវិញម្តង ដែលរមណីយដ្ឋាននេះស្ថិតក្នុងភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ចម្ងាយជាង៦០គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ រមណីយដ្ឋាននេះ មានទេសភាពធម្មជាតិយ៉ាងស្រស់ស្អាត រុក្ខជាតិដុះអមតាមមាត់ស្ទឹង រួមទាំងមានកូនកោះនៅចំកណ្តាល មានទឹកថ្លាឆ្លុះដល់បាត។ ចំណែកស្ទឹងក្រាលដោយដុំថ្មធម្មជាតិ និងហ្វូងមច្ឆាចម្រុះជាច្រើន។ លើសពីនេះ ក៏មានវាលស្រែធម្មជាតិ ដែលមានការរៀបចំយ៉ាងស្អាត សម្រាប់ភ្ញៀវទេសចរថតរូបកម្សាន្ត ៗ។
នៅក្នុងអូរល្មូន ឃុំផ្លូវមាស ស្រុករតនៈមណ្ឌលដដែលនេះ ក៏រមណីយដ្ឋានដែលទទួលបានចំណាប់ពីទេសចរក្នុងខេត្តនេះដែរ នោះគឺរមណីយដ្ឋានចំការទុរេន អូរតង។ នៅទីនេះ មានកន្លែងលេងទឹកថ្លាឈ្វង់ អមដោយផ្ទាំងថ្មក្រាលបាតស្ទឹង មានកន្លែងអង្គុយលម្ហែអមដងស្ទឹង និងកន្លែងថតរូបស្អាតៗ។ បន្ថែមពីនេះ មានចំការផ្លែឈើចម្រុះច្រើនប្រភេទដូចជា ទុរេន សាវម៉ាវ មៀនប៉ៃលិន និងចម្ការកៅស៊ូជាដើម ៕
ទឹកធ្លាក់ភ្នំកំពូល
ទឹកធ្លាក់ភ្នំកំពូល
ទឹកធ្លាក់ភ្នំកំពូល
Tag:
បាត់ដំបង
សួនកម្សាន្តធម្មជាតិភ្នំព្រឹក
ទឹកធ្លាក់ភ្នំកំពូល
ចំការទុរេនអូរតង
© រក្សាសិទ្ធិដោយ thmeythmey.com