ជាតិ
លោក ខៀវ សុខ​ឡេង គ្រោង​វិ​វត្ត​ចម្ការ​ទុរេន​ខ្លួន​ជា​តំបន់​ក​សិ​-​ទេសចរណ៍​
03, Jan 2021 , 6:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖​លោក ខៀវ សុខ​ឡេង ជា​កសិករ​ដាំ​ទុរេន​នៅ​ភូមិ​ក្រសាំង ឃុំ​ទឹក​ជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។ ដាំ​ទុរេន​លើ​ផ្ទៃដី ២០​ហិកតា លោក សុខ​ឡេង មាន​គម្រោង​ប្រែក្លាយ​ចម្ការ ទុរេន របស់លោក​ទៅជា​តំបន់ ក​សិ​-​ទេសចរណ៍ ដើម្បី​ជា​ចំណី​អារម្មណ៍​ប្លែក​សម្រាប់​ទេសចរ​។​

 
​មាន​បទពិសោធ ដាំ​ទុរេន ប្រមាណ ២០​ឆ្នាំ ម្ចាស់​ចម្ការ​ទុរេន រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeThmey25 តាម​ទូរ​សព្ទ ថា​លោក​មាន ទុរេន ប្រមាណ ១​ពាន់​ដើម ដែល​អាច​ផ្ដល់​ផល នៅ​រដូវ​ប្រមូល​ផល នាពេលខាងមុខ​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ​៖«​ឆ្នាំនេះ ទុរេន ចេញ​ផ្កា​យឺត​បន្តិច ដូច្នេះ រដូវ​ប្រមូល​ផល​ទុរេន ក្នុងឆ្នាំនេះ អាច​នៅ ខែឧសភា និង​ខែមិថុនា និង​មានបំណង​បើក​ឲ្យ​អ្នកទេសចរ ទៅ​កម្សាន្ត​ដល់​ចម្ការ និង​អាច​ហូប​ផ្លែឈើ​នៅ​ចម្ការ​ផង​»​។​


ចម្ការទុរេនលោក ខៀវ សុខឡេង(រូបឆ្វេងដៃ) រូបភាពពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ 

​ដ្បិត​កសិករ ខៀវ សុខ​ឡេង ដាំ​ទុរេន យូរ​ឆ្នាំ​ពិតមែន តែ​ពុំមាន​អ្នក​ស្គាល់​ច្រើន​នោះទេ ថា​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ដំណាំ​ទុរេន ព្រោះ​មិនមាន​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​។ ជាទូទៅ​ដំណាំ​ទុរេន ផ្ដល់​ផល ក្នុង​រយៈពេល ៥​ឆ្នាំ ទៅ ៦​ឆ្នាំ ហើយ​រដូវ​ប្រមូល​ផល​មាន រយៈពេល ៥​ខែ ទៅ ៦​ខែ ដោយ​រាប់​ចាប់ពី​ផ្ដើមចេញ​ផ្កា ដល់​ទុរេន​ទុំ​(​ចាប់​ចេញ​ផ្កា ក្នុង​ខែវិច្ឆិកា និង​ប្រមូល​ផល នៅ​ខែឧសភា ដល់​ខែមិថុនា​)​។​
 
​លោក សុខ​ឡេង បន្តថា តី​ផ្សារ ទុរេន របស់លោក មិនដែល​ជួប​បញ្ហា​ទេ ហើយ​ពេលនេះ ដ្បិត​ទុរេន ទើប​ចេញ​ផ្កា ពិតមែន តែ​ក៏មាន​ក្រុមហ៊ុន​ឯកជន ចុះមក​ធ្វើ​កិច្ចសន្យា ទិញ​ទុរេន គ្រប់​រដូវ​។ ក្នុង​មួយ​រដូវ ការប្រមូល​ផល ទុរេន អាច​ទទួលបាន ទិន្នផល ប្រមាណ ៥០​តោន ទៅ ៦០​តោន ទៅ​លក់ នៅ​ភ្នំពេញ តែ​ឆ្នាំនេះ ដើម​ទុរេន កើនឡើង ហើយ​ទិន្នផល​ឆ្នាំនេះ អាច​កើន​ពី ៧០​តោន ទៅ ១០០​តោន​។ 
 
​ដោយឡែក លោក ក៏បាន​ដាំ​ដំណាំ មង្ឃុត និង​សាវ​ម៉ៅ បូករួម​នឹង​ដំណាំ​ទុរេន មិនទាន់​គ្រប់​អាយុ ប្រមាណ ១០​ហិកតា ផ្សេងទៀត ដោយ​ក្នុង​មួយ​រដូវ អាច​ប្រមូល​ផល​មង្ឃុត ចន្លោះ​ពី ៣ តោន ទៅ ៤​តោន​។ កសិករ រូបនេះ បាន​បញ្ជាក់ថា នៅ​ឆ្នាំនេះ ទុរេន របស់លោក ចេញ​ផ្កា​យឺត​បន្តិច ពិតមែន តែ​ដំណាំ​ទុរេន មាន​សុខ​ភាពល្អ​៕


រូបភាពពីមន្ទីរកសិកម្មត្បូងឃ្មុំ 
 

Tag:
 ទុរេន​
 ​ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com