ជាតិ
សង្គមជាតិ
និស្សិត​មួយក្រុម គ្រោង​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​«​គ​» ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក
03, Jan 2021 , 7:29 pm        
រូបភាព
 ក្រុម​និស្សិត​ផ្នែក​វិស្វកម្មជីវសាស្រ្ត​នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដែល​បាន​​​ជាប់ជ័យលាភីលេខមួយ​​ក្នុង​កម្មវិធី«អាជីវកម្មខ្ញុំ» ដែល​រៀបចំ​ឡើងដោយ​ក្រសួង​អប់រំ កាលពីថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​
ក្រុម​និស្សិត​ផ្នែក​វិស្វកម្មជីវសាស្រ្ត​នៅសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ដែល​បាន​​​ជាប់ជ័យលាភីលេខមួយ​​ក្នុង​កម្មវិធី«អាជីវកម្មខ្ញុំ» ដែល​រៀបចំ​ឡើងដោយ​ក្រសួង​អប់រំ កាលពីថ្ងៃទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​
ដោយ:
​ភ្នំពេញ​៖ ក្រុមនិស្សិត​ផ្នែក​វិស្វកម្ម​ជីវសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ចំនួន​៦​នាក់ បានទទួល​ជ័យលាភី​លេខ​មួយ​ក្នុង​កម្មវិធី​«​អាជីវកម្ម​ខ្ញុំ​»​ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា តាមរយៈ​សាកល្បង​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​គ​។ ស្ថិតនៅ​ជា​និស្សិត​ឆ្នាំ​ទី​៤ ពួកគេ​គ្រោង​នឹង​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​គ ដែល​ធានាបាន​នូវ​គុណភាព ដើម្បី​បង្កើន​ផលិតផល​ក្នុងស្រុក​។ គម្រោង​នេះ​ពួកគេ​នឹង​អនុវត្ត​ឡើង ក្រោយពី​ពួកគេ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​។​

 
​សូម​តាមដាន​ស្តាប់​វីដេអូ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​កញ្ញា ខេង ឡា​ដា តំណាង​ក្រុមនិស្សិត​វិស្វកម្ម​ជីវសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​គ្រោង​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​គ​នៅ​ខាងក្រោម​នេះ​៖ 
 
 
 
​កញ្ញា ខេង ឡា​ដា តំណាង​សមាជិក​ក្រុម​អ្នក​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​គ បាន​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុម​កញ្ញា​មិនទាន់មាន​លទ្ធភាព​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​គ សម្រាប់​ចែកចាយ​លក់​នៅ​ទីផ្សារ​ឡើយ ដោយសារតែ​ខ្វះខាត​ដើមទុន រួមផ្សំ​នឹង​មមាញឹក​នឹង​ការសិក្សា ដែល​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំនេះ​ផង​។ 
 
​ទោះបី​មិនទាន់​មានលទ្ធភាព​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​«​គ​»​បាន​ក្តី ប៉ុន្តែ​ក្រុម​កញ្ញា ឡា​ដា ក៏​នៅតែ​មិន​បោះបង់ចោល​នូវ​គំនិត​ច្នៃ​សាប៊ូ​លាងចាន​ពី​ស្លឹក​គ​នោះឡើយ​។ ការណ៍​មិន​បោះបង់​នូវ​គំនិត​ច្នៃ​សាប៊ូ​លាងចាន​ពី​ស្លឹក​គនេះ ដោយសារ​ក្រុម​របស់​កញ្ញា​យល់ថា កម្ពុជា​កំពុងតែ​ខ្វះខាត​ផលិតផល​ខ្លួនឯង​ក្នុងស្រុក ។ ក្រុម​កញ្ញា ប្ដេជ្ញា​សម្រេច​ក្តី​ស្រមៃ​ក្នុង​ការផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​«​គ​» ក្រោយពី​បញ្ចប់​ជា​និស្សិត​ឆ្នាំ​ទី​៤​។  
 
ក្រុមនិស្សិ​ត​ផ្នែក​វិស្វកម្ម​ជីវសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញកំពុង​ឈរ​ជុំគ្នានៅពីមុខផលិត​ផល​របស់ខ្លួនដែល​ដាក់​បង្ហាញនៅលើ​តុ​​មួយ​

«​ចំពោះ​គម្រោង​នៅ​ថ្ងៃ​អនាគត ពួក​ខ្ញុំ​នឹង​ផលិត​សាប៊ូ​លាងចាន​ពី​ស្លឹក​គ​ហ្នឹង​។ តែដោយសារ​ឥឡូវ​ពួក​ខ្ញុំ​មិនទាន់មាន​ពេលវេលា​គ្រប់គ្រាន់ ណាមួយ​ថវិកា​របស់​ពួក​ខ្ញុំ​មាន​តិច​។ អាជីវកម្ម​ដែល​ក្រុម​ខ្ញុំ​គ្រោង​នឹង​បង្កើត​ហ្នឹង គឺជា​គំនិត​បែប​ថ្មី​។ ពីព្រោះ​ពីមុនមក គឺ​អត់​ដែលមាន​គេ​យក​ស្លឹក​គ​ធ្វើជា​សាប៊ូ​លាងចាន​ទេ​។ មួយទៀត​វា​អាចឆ្លើយតប​នឹង​ការ​កង្វះខាត​ផលិតផល ដោយសារ​សាប៊ូ​លាងចាន​គឺ​ភាគច្រើន​យើង​នាំចូល​ពី​គេ​។ នៅ​ខ្មែរ​យើង​អត់​សូវ​មាន​អ្នក​ផលិត​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា ខេង ឡា​ដា​។ 


ផលិត​ផល​សាប៊ូលាងចាន​ពីស្លឹក​គ ដែល​ក្រុម​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញបាន​ផលិត​​សាក​ល្បង​​ សម្រាប់ប្រកួត​ក្នុងកម្មវិធិ​«អាជីវកម្មខ្ញុំ»​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ​ 

​តាមរយៈ​សិក្សា​ផ្នែក​វិស្វកម្ម​ជីវសាស្ត្រ និង​មាន​បទពិសោធ​ក្នុង​ការផលិត​សាប៊ូ​លាងចាន​អស់​រយៈពេល​ជិត​៤​ឆ្នាំ​មកហើយ ក្រុម​របស់​កញ្ញា ឡា​ដា នឹង​អាច​ផលិត​សាប៊ូ​លាងចាន​ដែល​ធានាបាន​នូវ​គុណភាព​សម្រាប់​លក់​នៅ​ទីផ្សារ​នៅ​ថ្ងៃ​ខាងមុខ​។ «​លក្ខណៈពិសេស​របស់​វា គឺអាច​លាង​ខ្លាញ់​បាន​។ សាប៊ូ​នេះ​យើង​អាច​ប្រើប្រាស់​ទឹក​តិច អាច​សំអាត​ចាន​បាន​ស្អាត​ល្អ អត់​មាន​ក្លិន​ជាប់​នៅ​ចាន ឬ​ជាប់ដៃ​យើង​ទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា​ឡា​ដា ដែល​គ្រោង​លក់​ក្នុងតម្លៃ​សមរម្យ​។ 
 
​ថ្វីបើ​ផលិតផល​មិនទាន់​លេចចេញ​ជា​រូបរាង ប៉ុន្តែ​ជា​ជំហាន​ដំបូង​ក្រុម​របស់​កញ្ញា​ឡា​ដា​នឹង​គ្រោង​ផលិត​ជា​លក្ខណៈ​ខ្នាតតូច​សម្រាប់​ចែកចាយ​នៅក្នុង​ស្រុក​។ កញ្ញា ឡា​ដា បាន​បញ្ជាក់ថា បើកាលណា​ផលិតផល​របស់ខ្លួន​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ពលរដ្ឋ ក្រុម​របស់​កញ្ញា​នឹង​បន្ត​ផលិត​ផលិតផល​ផ្សេងៗ​ទៀត​សម្រាប់​ចែកចាយ​ដល់​ក្រៅប្រទេស​ទៀតផង​ដែរ​៕ 


លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា បានថត​រូបជុំគ្នាជាមួយនឹង​ក្រុម​និស្សិត​ផ្នែក​វិស្វកម្ម​ជីវសាស្ត្រ បន្ទាប់ពី​លោក​​បាន​ប្រគល់​រង្វាន់​ដល់​ក្រុម​និស្សិត​ទាំង​នោះ​កាលពីថ្ងៃទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០២០​​

Tag:
 ស្លឹក​គ​
 ​សាប៊ូ​លាងចាន​
 ​និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com