COVID-19
អន្តរជាតិ
វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​ពីរ ត្រូវបាន​ឥណ្ឌា​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​, មួយ​ជា​ផលិតផល​ក្នុងស្រុក
03, Jan 2021 , 9:29 pm        
រូបភាព
គំរូវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ រូបថត AFP
គំរូវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ។ រូបថត AFP
ដោយ៖​កង ម៉េង​ហុង​
 
​និយ័ត​ករ​ឱសថ​រប​ស់​ឥណ្ឌា បានអនុម័ត​វ៉ាក់សាំង​កូ​វីដ​-១៩  ចំនួន​ពីរ ដើម្បី​ការប្រើប្រាស់​បន្ទាន់​ក្នុងការ​ចាក់​ឲ្យ​ប្រជាជន​។ ក្នុងចំណោម​វ៉ាក់សាំង​ទាំងពីរ មាន​មួយ​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​អង់គ្លេស AstraZeneca សហការ​ជាមួយ​សាកលវិទ្យាល័យ Oxford និង​មួយទៀត​អភិវឌ្ឍ​ក្នុងស្រុក​ផ្ទាល់​។

 
​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ដែលមាន​ប្រជាជន​ច្រើន​បំផុត​ទី ២ លើ​ពិភពលោក ឥណ្ឌា បានផ្ដល់​ការយល់ព្រម​លើ​វ៉ាក់សាំង​ម្ដង​ពីរ​តែម្ដង​។ V.G. Somani ប្រធាន​គ្រប់គ្រង​ឱសថ​ឥណ្ឌា បាន​និយាយ​នៅ​ថ្ងៃទី​៣ ខែមករា ថា ឥណ្ឌា អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca របស់​អង់គ្លេស និង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ក្នុងស្រុក Bharat Biotech ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក V.G. Somani បញ្ជាក់ថា វ៉ាក់សាំង​របស់ AstraZeneca ដែល​អភិវឌ្ឍ​រួមគ្នា​ជាមួយ​សាកលវិទ្យាល័យ Oxford មាន​ប្រសិទ្ធភាព​៧០.៤២​ភាគរយ ចំណែក​វ៉ាក់សាំង​របស់ Bharat Biotech ក៏មាន​សុវត្ថិភាព និង​ផ្ដល់នូវ​ប្រព័ន្ធ​ភាពស៊ាំ​ល្អ​ផងដែរ​។ វ៉ាក់សាំង​របស់ AstraZeneca ដែល​ចាក់​នៅ​ឥណ្ឌា ជា​ផលិតផល​ក្នុងស្រុក​ផ្ទាល់ ដែល​ត្រូវ​ផលិត​ដោយ​វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា​។ ចំណែក​វ៉ាក់សាំង​មួយទៀត ក្រុមហ៊ុន Bharat Biotech នឹង​សហការ​ផលិត​ជាមួយ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ឥណ្ឌា ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​។ 
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក Somani បញ្ជាក់ថា វ៉ាក់សាំង​របស់ Bharat Biotech ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើ​ដោយមាន​កម្រិត​ក្នុងករណី​បន្ទាន់​។ នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​សាទរ​ព័ត៌មាន​នេះដែរ​។ លោក​សរសេរ​លើ Twitter ថា ពលរដ្ឋ​ឥណ្ឌា​មាន​មោទកភាព​ដែល​វ៉ាក់សាំង​ទាំងពីរ សុទ្ធតែ​ត្រូវបាន​ផលិត​ក្នុងស្រុក ដែលជា​សញ្ញា​នៃ​ការពឹង​ផ្អែកលើ​ខ្លួនឯង​។​
 
​ព័ត៌មាន​នៃ​ការផ្ដល់​ភ្លើង​បៃតង​លើ​ការប្រើប្រាស់​វ៉ាក់សាំង​នេះ បាន​លេចឮ​ច្រើន​ថ្ងៃ​មកហើយ​នៅ​ឥណ្ឌា​។ លោក Prakash Javadekar រដ្ឋមន្ត្រី​ព័ត៌មាន និង​ផ្សព្វ​ផ្សាយបាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃទី​២ ខែមករា ថា​វ៉ាក់សាំង AstraZeneca និង សាកលវិទ្យាល័យ Oxford ទទួលបាន​ការអនុញ្ញាត​នៅ​ថ្ងៃទី​១ ខែមករា​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បន្ថែមថា យ៉ាងហោចណាស់​វ៉ាក់សាំង​ចំនួន ៣ បន្ថែមទៀត កំពុង​រង់ចាំ​ទទួលបាន​ការអនុញ្ញាត​ដែរ​ដូចជា​វ៉ាក់សាំង COVAXIN របស់​ក្រុមហ៊ុន​ក្នុងស្រុក BAXIT Biotch's , វ៉ាក់សាំង ZyCoV-D របស់​ក្រុមហ៊ុន Zydus Cadila និង Sputnik-V របស់​រុស្ស៊ី​។ និយតករ​ឥណ្ឌា​ក៏បាន​ទទួល​ការស្នើសុំ​ប្រើ​បន្ទាន់​សម្រាប់​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Pfizer Inc ជាមួយ​ក្រុមហ៊ុន BioNTech របស់​អាល្លឺម៉ង់​ផងដែរ​។​
 
«​ឥណ្ឌា​ប្រហែលជា​ប្រទេស​តែមួយគត់ ដែលមាន​វ៉ាក់សាំង​យ៉ាងហោចណាស់​ចំនួន ៤ បាន​ត្រៀម​រួចរាល់​»​។ នេះ​ជាស​ម្តី​របស់ លោក Javadekar ។​
 
​គួរ​បញ្ជាក់ថា វិទ្យាស្ថាន​សេរ៉ូម​ឥណ្ឌា ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​បាន​ស្តុក​ទុក​វ៉ាក់សាំង AstraZeneca ប្រហែល​៥០​លាន​ដូ​ស​រួចស្រេច​ហើយ​។ វ៉ាក់សាំង​នេះ​នឹងត្រូវ​លក់​ទៅឱ្យ​រដ្ឋាភិបាល​ក្នុងតម្លៃ​ប្រហែល ៣,៤២ ដុល្លារ​អាមេរិក​ក្នុង​មួយ​ដូ​ស និង ១៣,៦៨​ដុល្លារ លើ​ទីផ្សារ​ឯកជន​។ ឥណ្ឌា​សង្ឃឹមថា នឹង​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ចំនួន​៣០០​លាន​នាក់ ក្នុង​រយៈពេល ៦ ទៅ ៨ ខែ​ដំបូង​នៃ​ឆ្នាំនេះ​៕
 
 

Tag:
 ឥណ្ឌា​
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com