ជាតិ
អ្នកនាង ភឿន ផា​វី កំពុង​ផ្ទេរ​ជំនាញ​ចារ​ស្លឹករឹត​ដល់​យុវជន​ជំនាន់​ក្រោយ​
03, Jan 2021 , 9:59 pm        
រូបភាព
ដោយ:
​អ្នកនាង ភឿន ផា​វី ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ​ចារ​អក្សរ​លើ​ស្លឹករឹត​។ ដោយសារតែ​ជំនាញ​នេះ​កម្រ​មាន​អ្នកចេះ អ្នកនាង​បាន​កំពុង​បណ្ដុះបណ្ដាល​យុវជន​ចំនួន​១២​នាក់ ពី​របៀប​ធ្វើ​សាស្ត្រា​ស្លឹករឹត ដោយ​មិន​គិតថ្លៃ​។  មាន​ទីលំនៅ​ក្នុងភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប អ្នកជំនាញ​ចារ​អក្សរ​លើ​ស្លឹករឹត វ័យ​៣៤​ឆ្នាំ​រូបនេះ  បាន​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ថា អ្នកនាង​ចាប់ផ្ដើម​បណ្ដុះបណ្ដាល​យុវជន​ខ្មែរ ពី​របៀប​ធ្វើ​ស្លឹករឹត និង​ការ​ចារ​អក្សរ​លើ​សាស្ត្រា​ស្លឹករឹត ២ ខែ​មកហើយ ព្រោះ​ចង់​ឲ្យ​យុវជន​ខ្មែរ ជំនាន់​ក្រោយ​ស្គាល់ និង​ចូលរួម ថែរក្សា អភិរក្ស សាស្ត្រា​ស្លឹករឹត​ខ្មែរ ដែល​បន្សល់ទុក តាំងពី​បុរាណកាល​មក​។​

 
​រយៈពេល​ជាង ២០​ឆ្នាំ​ហើយ ដែល​អ្នកនាង​បាន​ចេះ​ចារ​អក្សរ​លើ​ស្លឹករឹត បន្ត​ពី​ឪពុក ដែល​ធ្លាប់បាន​បួស រៀន ចេះ​ពី​របៀប ចារ​អក្សរ​លើ​ស្លឹករឹត ហើយក៏​យក​អាជីព​នេះ ជា​មុខរបរ​ប្រចាំថ្ងៃ​រហូតមក​។ «​ចេះ​ធ្វើ​វា​(​ចារ​អក្សរ​លើ​ស្លឹករឹត​) យូរហើយ គិត​ទៅ​ជាង ២០​ឆ្នាំ​ហើយ ខ្ញុំ​បាន​រៀន​ត ពី​ឪពុក​ខ្ញុំ ដែល​ធ្លាប់​បួស​នៅ​វត្ត ហើយ​ចេះ​ចារ​អក្សរ​លើ​ស្លឹករឹត ហើយក៏​យក​ជំនាញ​នេះ ធ្វើជា​មុខរបរ​ប្រចាំថ្ងៃ​រហូតមក​»​។ នេះ​ជា​រៀបរាប់​របស់​អ្នកនាង ផា​វី ដែល​បាន​បន្ត​ប្រាប់​ThmeyThmey25 ទៀតថា​អាជីព​ជា​អ្នក​ចារ​អក្សរ​លើ​ស្លឹករឹត ពីមុន​មិនបាន​ធ្វើ​ឲ្យ​ជីវភាព​គ្រួ​សារបាន​ប្រសើរ​នោះទេ ព្រោះ​មិនសូវមាន​អ្នក​ជាវ​សាស្ត្រា​ស្លឹករឹត មានតែ​ព្រះសង្ឃ​ជាវ​សម្រាប់​ដាក់​ក្នុង​វត្ត ម្ដងម្កាល​ប៉ុណ្ណោះ​។ ដ្បិត​មិនសូវ​កាក់កប ជាមួយ​មុខរបរ​នេះ​ក្ដី ប៉ុន្តែ​ដោយ​ការស្រលាញ់​អាជីព​មួយ​នេះ ម្យ៉ាង​មិន​ចង់​បាត់បង់ ជំនាញ​ដែល លោកឪពុក ផ្ដល់​ឲ្យ​។ 


 
​បើតាម​អ្នកនាង ផា​វី ទើប​តែមួយ​រយៈពេល​ក្រោយមក​ទេ ដែល​អាជីព​ដ៏​កម្រ​មួយ​នេះ  មានការ​គាំទ្រ និង​លើកទឹកចិត្ត​ពី​ប្រមុខ​រដ្ឋាភិបាល  ហើយ​ជីវភាព​អ្នកស្រី​ហាក់​ធូរធារ​មួយកម្រិត អ្នកនាង​បានទទួល​ការងារ​ចារ​អក្សរ​ស្លឹករឹត ជា​បន្តបន្ទាប់ ដើម្បី​យក​ដាក់​តាម​វត្ត​អារាម​នានា​។ តែ​ទោះ​យ៉ាង ការធ្វើ​សាស្ដ្រា​ស្លឹករឹត ក៏មាន​បញ្ហា​ខ្លះៗ​ដែរ ដោយសារ​វត្ថុធាតុដើម (​ស្លឹក​ទ្រាំង​) កាន់តែ​មានការ​ថយចុះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ នេះ​ជាការ​បញ្ជាក់ របស់​អ្នកនាង ផា​វី​។​
 
​ស្ត្រី​វ័យ ៣៤​ឆ្នាំ​រូបនេះ បាន​ប្រាប់ថា ការ​ចារ​អក្សរ លើ​ស្លឹករឹត មិនមែនជា​រឿង ងាយស្រួល​នោះទេ ព្រោះ​ត្រូវ​ចំណាយពេល យ៉ាងហោច ចាប់ពី​មួយខែ ទៅ​ពីរ​ខែ និង​អាស្រ័យ លើ​ប្រភេទ​រឿង នីមួយៗ​។ អ្នកនាង​ថា សម្រាប់​រឿង ដែល​ចារ​លើ​សាស្ដ្រា​ស្លឹករឹត ជា​ប្រភេទ​ច្បាប់​ទូន្មាន​កូនចៅ រឿងព្រេង ជី​វប្រ​វិត្ត​បុគ្គល​ល្បី និង​ប្រភេទ​រឿងព្រេង​របស់​ព្រះពុទ្ធ សម្រាប់​ទេសនា ជាដើម​។​


 
​ទម្រាំ​បាន​ស្លឹករឹត ដើម្បី​យក​ចារ​អក្សរ​បាន ដំបូង​ត្រូវ​ទៅ​កាប់​ស្លឹក​ទ្រាំង​(​កំ​ពូ​ង​,​បន្ដូល​) មក​ហាល​ឲ្យ​ស្ងួត និង​ត្រូវ​យកទៅ​ហាល សន្សើម​នៅពេល​យប់​។ បន្ទាប់ពី​ហាល សន្សើម​រួច ត្រូវយក​ស្លឹក​ទ្រាំង ទៅ​ស្រុះទឹកក្ដៅ ដើម្បី​ឲ្យ​ស្វិត បន្ទាប់ពី​ស្រុះ​រួច ត្រូវ​យកទៅ​ហាលថ្ងៃ​វិញ​។ អ្នកនាង ផា​វី បន្តថា បន្ទាប់​ហាល​រួច ត្រូវ​យកទៅ​គៀប​ទុក ពីមួយ​ខែ ទៅ​២​ខែ​។ ក្រោយមក​ត្រូវ​ដោះ យកមក​ជូត និង​គៀប​វិញ​ដើម្បី​យកទៅ​ឆ្អើរ ឲ្យ​មាន​ពណ៌​ក្រហម រួច​កាត់​បញ្ចូល​ពុម្ព ដើម្បី​ចោះ​ប្រ​ហោល ឲ្យ​ស្មើរ​ពុម្ព បន្ទាប់មក​ត្រូវ​វាយ​បន្ទាត់​ម្ខាង ៥​ជួរ ដើម្បី​ងាយស្រួល​ចារ និង​ត្រង់​ជួរ​ល្អ​។​
 
​បន្ទាប់ពី​វាយ​បន្ទាត់ ចប់សព្វគ្រប់ អាច​យក​ស្លឹក​នោះមក​ចារ​បាន​។ ប៉ុន្តែ​បន្ទាប់ពី​ចារ រួច​ត្រូវយក ម្រេញ​ភ្លើង ឬ​ខ្មុក លាយ​ជាមួយ​ជ័រទឹក យក​លាប​លើ​ស្លឹករឹត ដែល​បាន​ចារ​រួច ដើម្បី​ឲ្យ​ឃើញ​អក្សរ​ច្បាស់​។ បន្ទាប់មក ត្រូវ​យកទៅ​លាបថ្នាំ ទឹកមាស រួច​ដោត​ខ្សែ និង​យកទៅ​ដេរ​សោម​សាស្ដ្រា​ស្លឹករឹត ជាការ​បញ្ចប់​។ បន្ថែម​នោះ ក៏ត្រូវ​មាន ដែកចារ សម្រាប់​ចារ​ស្លឹករឹត​ដែរ គឺ​ត្រូវ ធាង​ទ្រាំង​,​ឈើ​,​ឫស្សី ជាដើម បិត​ឲ្យ​មូល ប៉ុន​មេដៃ រួច​យក​ម្ជុល ធ្វើជា​បណ្ដូល ដើម្បី​ងាយស្រួល​ក្នុងការ​ចារ​៕ 










អ្នកនាង ផាវី​ កំពុងចារអក្សរលើស្លឹករឹត 
 
 

Tag:
 ស្លឹករឹត​
 ​ភឿន ផា​វី​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com