ភ្នំពេញ៖ រយៈពេល៤ឆ្នាំមកហើយ ដែលអ្នកស្រី អ៊ុំ ស្រីលាក់ បានចូលបំពេញការងារជាមន្ត្រីឧទ្យានុរក្ស ក្នុងការថែរក្សាធនធានធម្មជាតិរបស់កម្ពុជាតាមក្តីស្រមៃរបស់ខ្លួន។ អ្នកស្រីបានបង្ហាញក្តីស្រលាញ់ និងការពេញចិត្តនៃការក្លាយខ្លួនជាមន្ត្រីឧទ្យានុរក្សថា៖ «ការបានចូលរួមជាចំណែកដ៏តូចមួយ ក្នុងការថែរក្សាព្រៃឈើ និងសត្វព្រៃរបស់កម្ពុជា គឺជាមោទកភាពមួយយ៉ាងធំ សម្រាប់ខ្ញុំ»។
អ្នកស្រី អ៊ុំ ស្រីលាក់ ក្រៅតែពីស្រលាញ់សម្រស់ព្រៃឈើ-សត្វព្រៃ និងចូលចិត្តដើរលេងកម្សាន្តក្នុងព្រៃហើយនោះ ក៏បានរៀនសូត្រនិងស្វែងយល់អំពីធនធានធម្មជាតិទាំងនេះ ដែលមានសារៈសំខាន់សម្រាប់កម្ពុជានិងពិភពលោក ដោយមិនថាមនុស្សឬសត្វទេ គឺសុទ្ធសឹងតែទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីព្រៃឈើ ទាំងពេលបច្ចុប្បន្ន និងអនាគត។ នេះកត្តាដែលជំរុញឱ្យអ្នកស្រី អ៊ុំ ស្រីលាក់ ជំនៈពីបំណងឪពុក-ម្តាយ ដោយសម្រេចចិត្តមកធ្វើជាមន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិខេត្តកែប ដើម្បីក្លាយជាចំណែកមួយក្នុងការថែរក្សាធនធានធម្មជាតិ ក៏ដូចជាព្រៃឈើរបស់ខ្មែរ។
អ្នកស្រី អ៊ុំ ស្រីលាក់ ទទួលបានលិខិតសរសើរពី លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២វិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។
ថ្វីដ្បិតការងារជាមន្ត្រីឧទ្យានុរក្សនេះ ត្រូវដើរចូលក្នុងព្រៃជ្រៅៗជាប្រចាំដើម្បីចុះល្បាតឬទប់ស្កាត់បទល្មើសសត្វព្រៃនិងព្រៃឈើមានការលំបាកព្រោះតែខ្លួនជាស្រី ហើយពេលខ្លះមានការប្រឈមនឹងគ្រោះថ្នាក់ជាមួយជនល្មើសធនធានធម្មជាតិក៏ដោយ ក៏ឧទ្យានុរក្សវ័យ២៥ឆ្នាំរូបនេះ មិនដែលមានគំនិតបោះបង់តួនាទីររបស់ខ្លួនចោលម្តងណាឡើយ។ ផ្ទុយទៅវិញអ៊ុំ ស្រីលាក់ មានតែប្រឹងប្រែងបំពេញកិច្ចការងាររបស់ខ្លួនឱ្យបានកាន់តែប្រសើរ ឆ្ពោះទៅមុខបន្តទៀត។
«ខ្ញុំពេញចិត្តអ្វីដែលខ្លួនឯងស្រលាញ់ ហើយខ្ញុំរឹតតែពេញចិត្ត នឹងធ្វើនូវអ្វីដែលខ្លួនស្រលាញ់ថែមទៀត»។ មន្ត្រីឧទ្យានុរក្ស អ៊ុំ ស្រីលាក់ បាននិយាយយ៉ាងដូច្នេះប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey) ដោយបន្តថា«ខ្ញុំគ្មានបំណងបោះបង់កិច្ចការងារថែរក្សាធនធានធម្មជាតិដែលខ្ញុំស្រលាញ់និងពេញចិត្តធ្វើចោលនោះទេ។ តែខ្ញុំមានមោទកភាពជាខ្លាំង ដែលបានធ្វើកិច្ចការងារទាំងនេះជូនជាតិ»។
អ្នកស្រី អ៊ុំ ស្រីលាក់ កំពុងឈរកាន់អាវុធ ជាមួយមន្ត្រីឧទ្យានុរក្សជាបុរសនានា នៅក្នុងតំបន់ឧទ្យានជាតិខេត្តកែប។
ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន នៃការចូលបំពេញការងារជាមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ក្នុងការថែរក្សាធនធានធម្មជាតិកម្ពុជា សម្រាប់អ្នកស្រី អ៊ុំ ស្រីលាក់ ក្រៅតែពីមានមោទកភាពលើកិច្ចការងារដែលខ្លួនកំពុងអស់ពីទឹកចិត្តហើយនោះ ក៏បានបំពេញនូវសេចក្តីសុខឱ្យខ្លួនឯង ដែលចង់បានការរស់នៅជាមួយធម្មជាតិដ៏ស្រស់ស្អាត ផងដែរ។
មន្ត្រីឧទ្យានុរក្សដែលមានស្រុកកំណើតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែបរូបនេះ បានលើកឡើងថា៖«ខ្ញុំរស់នៅបែបធម្មជាតិ គឺពេញចិត្តជាងការរស់នៅក្នុងក្រុងស៊ីវីល័យ ដែលពោរពេញផ្សែងឡាន ម៉ូតូ និងបរិស្ថានមិនល្អ ជាដើម»។
បើតាលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន មន្ត្រីឧទ្យានុរក្សជាស្ត្រីដែលបម្រើការងារនានានៅទូទាំងប្រទេសកម្ពុជាមានចំនួន៤២នាក់។ ក្នុងនោះមាន៣៣នាក់ កំពុងឈរជើងការពារក្នុងតំបន់ការពារធម្មជាតិចំនួន២០ខេត្ត-ក្រុង។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា រាជធានី ខេត្តកំពង់ចាម កណ្តាល ព្រៃវែង និងខេត្តស្វាយរៀង គឺគ្មានតំបន់ការពារធម្មជាតិឡើយ៕
អ្នកស្រី អ៊ុំ ស្រីលាក់។