ជាតិ
ឆ្លៀតពេលពីបង្រៀន លោកគ្រូ ចាន់រ៉ា ដាំផ្កាច័ន្ធូលក់ ដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារ
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ ជាគ្រូបង្រៀនអនុវិទ្យាល័យមួយរូប លោក រ៉ន ចាន់រ៉ា បានឆ្លៀតដាំផ្កាច័ន្ធូ ដែលផ្ទះរបស់ខ្លួន ដែលមានទីតាំងនៅភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកគ្រូ ចាន់រ៉ា ចាប់ផ្ដើមដាំផ្កាច័ន្ធូនេះជិតមួយឆ្នាំហើយ ដោយដាំដំបូងលើដីប្រមាណជា ៣ម៉ែត្រការ៉េប៉ុណ្ណោះ។ ដោយតម្រូវការចេះតែកើនឡើង គ្រូបង្រៀនវ័យ៣៣ឆ្នាំរូបនេះ បានពង្រីកទំហំដាំផ្កា ដល់ប្រមាណជា ២០ម៉ែត្រការ៉េ ជុំវិញទីធ្លាផ្ទះរបស់ខ្លួន។ តាមរយៈការដាំផ្កាច័ន្ធូ លោក រ៉ន ចាន់រ៉ា អាចរកបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក រ៉ន ចាន់រ៉ា គឺជាគ្រូបង្រៀននៅអនុវិទ្យាល័យ ដែលមានទីលំនៅ ក្នុងភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកគ្រូ ចាន់រ៉ា បានឆ្លៀតពេលទំនេរពីការបង្រៀនរបស់ខ្លួន ដាំដើមផ្កាច័ន្ធូលក់យកកម្រៃបន្ថែមផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ។
គ្រូបង្រៀនវ័យ៣៣ឆ្នាំរូបនេះ បន្តប្រាប់Thmeythmey25 ថា ដើមឡើយខ្លួនដាំផ្កាចន្ធូ នៅលើផ្ទៃដី៣ម៉ែត្រការ៉េ គ្រាន់តែលម្អបរិវេណផ្ទះប៉ុណ្ណោះ ប៉ុន្តែមានគេចាប់អារម្មណ៍ ក៏សុំចែកកូនផ្កាយកទៅដាំជាហូរហែ។ ដោយមើលឃើញពីសន្ទុះគាំទ្រដូច្នេះ លោកគ្រូ ចាន់រ៉ា ក៏សម្រេចពង្រីកការដាំផ្កាច័ន្ធូយកកូន(ដើម)លក់រហូតដល់ផ្ទៃដីប្រមាណ២០ម៉ែត្រ នៅក្នុងបរិវេណផ្ទះរបស់ខ្លួនបន្ថែម។ លោកគ្រូ ចាន់រ៉ា បន្តថា៖«ដំបូងឡើយខ្លួន ខ្ញុំដាំផ្កាច័ន្ធូគ្រាន់តែលម្អផ្ទះប៉ុណ្ណោះ តែដោយមានការចាប់អារម្មណ៍ ក៏ដូចជាការទិញពីអតិថិជនជាបន្តបន្ទាប់ ខ្ញុំក៏ចាប់ផ្ដើមបំបែកកូនដាំ បន្ថែមទៀតដូចសព្វថ្ងៃនេះ»។
បើតាមគ្រូបង្រៀនរូបនេះ ដើមផ្កាច័ន្ធូនេះ មិនពិបាកលក់នោះទេ ហើយតម្លៃក៏បានថ្លៃគួរសមផងដែរ ពោលគឺលោកប្រកាស់តែតាមបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះ ហើយរកកូនផ្កាលក់ឲ្យអតិថិជនសឹងមិនទាន់ផង។ កូនផ្កាមួយគីឡូក្រាម អាចលក់បានតម្លៃបោះដុំបានតម្លៃ ១៥,០០០រៀល និងលក់រាយបានថ្លៃ ២០,០០០រៀល។ នេះបើតាមលោក រ៉ន ចាន់រ៉ា ដែលបានបន្តថា ជាទូទៅ គេត្រូវការរយៈពេលពី២ទៅ៣ខែ ទើបប្រមូលផលបាន។ សម្រាប់ផ្ទៃដី២០ម៉ែត្រការ៉េ ដែលលោកគ្រូ ចាន់រ៉ា កំពុងតែដាំដុះនោះ អាចប្រមូលបានពី១០០-១៥០គីឡូក្រាម នៅក្នុងពេលប្រមូលផល។
តាមរយៈការបង្ហាញរបស់លោក រ៉ន ចាន់រ៉ា ពីរយៈពេលនៃការដាំដុះយ៉ាងដូច្នេះថា« ពេលយើងចាប់ផ្ដើមប្រមូលផលអស់ ហើយចាប់ផ្ដើមដាំម្ដងទៀតត្រូវការរយៈពេលប្រមាណជា ២ទៅ៣ខែ អាចចាប់ផ្ដើមប្រមូលម្ដងទៀតបានហើយ»។ លោកបន្តទៀតថា «បើកាលណាយើងបំបែកកូនយកមកដាំរៀងតូច អាចនឹងចំណាយពេលយូរប្រហែលជា ៤ទៅ៥ខែ ទើបបានប្រមូលផល»។
លោក ចាន់រ៉ា បន្ថែមយ៉ាងដូច្នេះថា ក្នុងដីប្រមាណជា ២០ម៉ែត្រការ៉េរបស់លោក អាចប្រមូលបានទិន្នផលជាមធ្យមចន្លោះពី ១០០ ទៅ ១៥០គីឡូក្រាម។ លោក ចាន់រ៉ា រីករាយផងដែរ ដែលការដាំផ្កាច័ន្ធូនេះ អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ក្រុមគ្រួសាររបស់លោក។ គ្រូបង្រៀនរូបនេះបានបញ្ជាក់ទៀតថា ប្រសិនបើទីផ្សារកាន់តែច្រើន លោកនឹងពង្រីកការដាំដុះដើម្បីឲ្យស្របតាមតម្រូវការអតិថិជន។
ច័ន្ធូ ផ្កាពណ៌សនេះ មានក្លិនក្រអូបឈ្ងុយឈ្ងប់ ហើយក៏ងាយដាំដុះ និងថែទាំផងដែរ។ តាម លោក ចាន់រ៉ា ច័ន្ធូ ជាផ្កាដែលត្រូវការទឹកជាប់ជាប្រចាំ ដូច្នេះពលរដ្ឋត្រូវស្រោចទឹកផ្កាយ៉ាងហោចណាស់ម្តងក្នុងមួយថ្ងៃ ឬបើលោកអ្នកមានពេល អាចស្រោច២ដងក្នុងមួយថ្ងៃ នោះធ្វើឲ្យផ្កាលូតលាស់កាន់តែល្អ។ ទោះយ៉ាងណា ពលរដ្ឋ ក៏ត្រូវយកចិត្តទុកដាក់ពីសត្វស្រមោច ដែលតែងបំផ្លាញគល់ដើមផ្កានេះ៕
Tag:
ThmeyThmey25
រ៉ន ចាន់រ៉ា
ផ្កាច័ន្ធូ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com