ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោងបង្កើតសាខាមន្ទីរពេទ្យកាល់ម៉ែត លើផ្ទៃដី២០ហិកតានៃបឹងតាមោក
03, Jan 2021 , 3:57 pm        
រូបភាព
មន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (រូបពីគេហទំព័ររបស់មន្ទីរពេ្យកាល់ម៉ែត)។ បឹងតាមោក ស្ថិតក្នុងខណ្ឌព្រែកព្នៅ ប៉ែកខាងជើងរាជធានីភ្នំពេញ (រូបដោយ សហការី)។
មន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (រូបពីគេហទំព័ររបស់មន្ទីរពេ្យកាល់ម៉ែត)។ បឹងតាមោក ស្ថិតក្នុងខណ្ឌព្រែកព្នៅ ប៉ែកខាងជើងរាជធានីភ្នំពេញ (រូបដោយ សហការី)។
រដ្ឋាភិបាល បានកាត់ផ្ទៃបឹងតាមោក២០ហិកតាបន្ថែមទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីបង្កើតសាខាមន្ទីរពេទ្យកាល់ម៉ែត។ នេះបើតាមសេចក្តីជូនដំណឹង (សជណ) របស់ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។



សជណ ដែលចេញដោយ លោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ជួសលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី បញ្ជាក់ថា ការបង្កើតសាខាមន្ទីរពេទ្យកាល់ម៉ែត លើផ្ទៃដី២០ហិកតានៃបឹងតាមោក គឺដើម្បីបម្រើសេវាពិនិត្យព្យាបាលជំងឺជូនប្រជាជន។ សជណនេះ ត្រូវបានបញ្ជូនទៅកាន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក្រសួងរៀបចំដែនដី រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រសួងធនធានទឹក និង អភិបាលរាជធានីភ្នំពេញ។

មន្ទីរពេទ្យកាល់ម៉ែតបច្ចុប្បន្ន ជាមន្ទីរពេទ្យដ៏ធំមួយរបស់រដ្ឋ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស (ជាប់ស្ថានទូតបារាំង) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៥៨មកម្ល៉េះ។

លោក កែន សត្ថា ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទនៅថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ថា លោក ពុំទាន់បានទទួលព័ត៌មានលម្អិតឡើយថា សាខាមន្ទីរពេទ្យកាល់មែតលើផ្ទៃបឹងតាមោកនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅពេលណា និងត្រូវចំណាយថវិកាអស់ប៉ុន្មាន។ លោក ជំរុញឲ្យសួរទៅក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធនឹងការសាងសង់សាខាមន្ទីរពេទ្យកាល់មែតនេះ។

សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ និង លោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានឡើយ ដោយសារតែពួកគាត់ មិនទទួលការហៅចូល។

មកដល់ពេលនេះ មានអនុក្រឹត្យនិងសជណរបស់ទីស្តីការគណៈរដ្ឋមន្រ្តីចំនួន១០លើកហើយ ស្តីពីការកាត់ផ្ទៃបឹងតាមោក ឲ្យទៅស្ថាប័នរដ្ឋនិងវិស័យឯកជន។ ផ្ទៃបឹងតាមោក ដែលត្រូវបានកាត់ទាំង១០នោះ មានទំហំសរុបប្រមាណ៧២២ហិកតា ក្នុងចំណោមផ្ទៃបឹងទាំងមូលជាង៣,២ពាន់ហិកតា។ យ៉ាងណា ការអភិវឌ្ឍឬការសាងសង់សំណង់ណាមួយ លើផ្ទៃបឹងតាមោក មិនទាន់លេចជារូបរាងនៅឡើយទេ៕

Tag:
 បឹងតាមោក
  មន្ទីរពេទ្យកាល់ម៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com