អន្តរជាតិ
បុរស​ជប៉ុន​ម្នាក់ ត្រូវ​ចាប់ខ្លួន​ក្រោយ​ចូល​សំងំ​ក្នុង​រាជវាំង​អធិរាជ​ពីរ​ម៉ោង
03, Jan 2021 , 4:29 pm        
រូបភាព
ច្រកចូលផ្នែកខាងផ្ទះទទួលភ្ញៀវបរទេសនៃរាជវាំង Akasaka ។ រូបភាព Visit Manato City
ច្រកចូលផ្នែកខាងផ្ទះទទួលភ្ញៀវបរទេសនៃរាជវាំង Akasaka ។ រូបភាព Visit Manato City
​បុរស​វ័យ​២៩​ឆ្នាំ​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​បន្ទាប់​លួច​ចូល​រាជវាំង Akasaka ក្នុង​ទីក្រុង​តូ​ក្យូ ដែលជា​រាជដំណាក់​អធិរាជ ណា​រូ​ហ៊ី​តុ និង​រាជវង្ស​ឯទៀត​អស់​រយៈពេល​ពីរ​ម៉ោង​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​ជប៉ុន​។​

 
​បើតាម​បណ្ដាញ​ទូរទស្សន៍ Fuji News Network បុរស​ដែល​មិន​ត្រូវបាន​បញ្ចេញ​អត្តសញ្ញាណ បាន​លួច​ចូល​រាជវាំង Akasaka ដែលជា​រាជដំណាក់​អធិរាជ​ជប៉ុន និង​សមាជិក​រាជវង្ស​ឯទៀត​គង់នៅ តាមរយៈ​ច្រក​ផ្ទះសំណាក់​សម្រាប់​ទទួលភ្ញៀវ​បរទេស​។ ហេតុការណ៍​នេះ កើត​នៅ​យប់​ថ្ងៃទី​២ ខែមករា​។ រាជវាំង Akasaka ត្រូវបាន​ការពារ​យ៉ាង​តឹងរ៉ឹង ព្រោះ​ជា​ដំណាក់​របស់​អធិរាជ​ផ្ទាល់​។​
 
​បុរស​ខាងលើ ដែល​ត្រូវបាន​រាយការណ៍​ថា សំងំ​ក្នុង​បរិវេណ​រាជវាំង​ពីរ​ម៉ោង ត្រូវបាន​ចាប់ខ្លួន​ដោយ​ឆ្មាំ​ការពារ​នៅក្បែរ​ដំណាក់​ព្រះអង្គម្ចាស់ Yuriko ដែលជា​ត្រូវជា​ម្ចាស់​មីង​ទួត​របស់​អធិរាជ ណា​រូ​ហ៊ី​តុ ។ ទូរទស្សន៍​ខាងលើ​បញ្ជាក់ថា រូបគេ​បាន​លួច​ចូល​ពេល​មិនមាន​អ្នកការពារ​នៅ​ច្រកចូល​។ 
 
​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​មួយទៀត TBS News រាយការណ៍​ដែរ​ថា បុរស​រូបនោះ​ចង់​ជួប​សមាជិក​រាជវង្ស​ទើប​លួច​ចូល​បែបនេះ​។ មកទល់ពេលនេះ មិនមាន​របាយការណ៍​ថា រូបគេ​បាន​ជួប​សមាជិក​រាជវង្ស​អង្គ​ណាមួយ​ឬ​អត់​ឡើយ ហើយ​សារព័ត៌មាន​ជប៉ុន​ផ្សាយ​ថា មិនមាន​អ្នករងរបួស​អ្វី​ទេ​ក្នុង​ហេតុការណ៍​នេះ​។​
 
​ការ​លួច​ចូល ឬ​ប៉ុនប៉ង​ចូល​រាជវាំង​ជប៉ុន មិនមែនជា​រឿង​ថ្មី​ឡើយ ដោយ​អ្នក​ប៉ុនប៉ង​មាន​ទាំង​ជនជាតិ​ជប៉ុន និង​ជនបរទេស​ផង​។ កាលពី​ខែឧសភា ឆ្នាំ​២០២០ បុរស​ជប៉ុន​ម្នាក់​ក៏ត្រូវ​ចាប់ខ្លួន​ក្រោយ​ហែល​ឆ្លង​គូ​ទឹក ហើយ​ផ្លោះ​កំពែង​វាំង​ទីក្រុង​តូ​ក្យូ រួច​ចូលដល់​បរិវេណ​ហាមឃាត់​ទៀតផង​៕
 
 
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com