អន្តរជាតិ
លោកស្រី ផេឡូស៊ី បន្តជាប់ឆ្នោតជាប្រធានសភាតំណាងអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី លើកញញួរដែលជានិមិត្តរូបនៃអំណាចប្រធានសភា។ រូបថត AFP
× លោកស្រី ណាន់ស៊ី ផេឡូស៊ី បានបន្តជាប់ឆ្នោតជាប្រធានសភាតំណាងរបស់អាមេរិកក្នុងការបោះឆ្នោតថ្ងៃទី៣ ខែមករា។ លោកស្រី ផ្ដួលគូប្រជែងមកពីបក្សសាធារណរដ្ឋ Kevin McCarthy ដោយសំឡេងបន្តិចបន្តួចប៉ុណ្ណោះ ខណៈបក្សប្រជាធិបតេយ្យបានរបូតកៅអីច្រើនកាលពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ ជាប្រធានសភាតំណាង លោកស្រី ផេឡូស៊ី ឈរលេខរៀងទីពីរដើម្បីស្នងតំណែងប្រធានាធិបតីអាមេរិក។
ក្នុងបោះឆ្នោតប្រជែងកៅអីប្រធានសភាតំណាងនៅថ្ងៃទី៣ ខែមករា លោកស្រី ណាន់ស៊ី ផេឡូស៊ី របស់បក្សប្រជាធិបតេយ្យទទួលបានសំឡេងគាំទ្រ២១៦ ឯលោក Kevin McCarthy ទទួលបានសំឡេង២០៩ ។ លោកស្រី ផេឡូស៊ី ដឹកនាំសភាសម្រាប់អាណត្តិទីបួន ឯលោក McCarthy បន្តធ្វើជាប្រធានមតិភាគតិចដូចអាណត្តិមុន។ សម្រាប់ការបោះឆ្នោតនេះ មិនមានបេក្ខជនបក្សប្រជាធិបតេយ្យណា ឈរឈ្មោះប្រជែងលោកស្រីឡើយ។
ជ័យជម្នះនេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់មេដឹកនាំបក្សប្រជាធិបតេយ្យវ័យ៨០ឆ្នាំរូបនេះ។ បន្ថែមពីលើការត្រួតត្រាសភាតំណាងដោយសំឡេងស្ដួចស្ដើង២២២ទល់២១១ លោកស្រី ផេឡូស៊ី ត្រូវជម្នះមតិប្រឆាំងក្នុងបក្សចំពោះវ័យកាន់តែចាស់ ហើយសមាជិកបក្សខ្លះក៏ត្រូវអវត្តមានទៅទៀតដោយសារមានជំងឺកូវីដ-១៩ ។
លោក McCarthy ដែលជាមេដឹកនាំបក្សសាធារណរដ្ឋប្រចាំសភាតំណាង បានរិះគន់ជ័យជម្នះរបស់លោកស្រី ផេឡូស៊ី ពិសេសការអនុញ្ញាតឲ្យសមាជិកសភាដែលមិនមានវត្តមាន អាចបោះឆ្នោតបាន និងការពន្យារពេលផ្ដល់ជួយឲ្យប្រជាជនអាមេរិកដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ លោកបន្តថា ក្រុមប្រជាធិបតេយ្យមិនគិតគូរពីតម្រូវការរបស់ប្រជាជនអាមេរិក។
អាណត្តិនេះ ទំនងជាអាណត្តិចុងក្រោយសម្រាប់លោកស្រី ផេឡូស៊ី ក្នុងការអង្គុយកៅអីប្រធានសភាតំណាង។ កន្លងទៅ លោកស្រីធ្លាប់សន្យាចំពោះសមាជិកបក្សប្រជាធិបតេយ្យថា នឹងលែងឈរឈ្មោះទៀតហើយនៅការបោះឆ្នោតពាក់កណ្ដាលអាណត្តិឆ្នាំ២០២២។ តាមច្បាប់អាមេរិក ប្រធានសភាតំណាង ជាតំណែងទីពីរដែលមានឱកាសក្លាយជាប្រធានាធិបតីអាមេរិក បន្ទាប់ពីអនុប្រធានាធិបតី។ ប្រធានសភា ក៏ជាឥស្សរជនសំខាន់ទីបីរបស់អាមេរិកផងដែរ។
ការបន្តគ្រប់គ្រងសភាតំណាងរបស់បក្សប្រជាធិបតេយ្យ នឹងជួយលោក ចូ បៃឌិន ក្នុងការអនុវត្តគោលនយោបាយសំខាន់ៗ ទាំងកញ្ចប់ជំនួយកូវីដ-១៩ បម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចជាដើម។ បើបក្សប្រជាធិបតេយ្យអាចគ្រប់គ្រងព្រឹទ្ធសភាបានមួយទៀត លោក បៃឌិន នឹងកាន់តែងាយស្រួលដឹកនាំអាមេរិកថែមទៀត។
ការបោះឆ្នោតជុំទីពីរនៅរដ្ឋចចជីដែលមានពីរកៅអី នឹងកំណត់ថា បក្សណាត្រួតត្រាព្រឹទ្ធសភា ខណៈបច្ចុប្បន្ន បក្សប្រជាធិបតេយ្យមាន៤៨កៅអី ឯបក្សសាធារណរដ្ឋមាន៥០កៅអី។ បើបក្សប្រជាធិបតេយ្យឈ្នះបានពីរកៅអីនេះ បក្សនេះនឹងគ្រប់គ្រងព្រឹទ្ធសភា ព្រោះអនុប្រធានាធិបតី កាម៉ាឡា ហារីស ជាប្រធានព្រឹទ្ធសភាស្រាប់៕
Tag:
អាមេរិក
ណាន់ស៊ី ផេឡូស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com