អន្តរជាតិ
កិច្ចចរចា​សន្តិភាព​អា​ហ្វ​ហ្គា​នី​ស្ថាន​លើក​ទី​ពីរ​នឹងធ្វើ​នៅ​រាជធានី​ដូ​ហា​
04, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចចរចា​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​តា​លី​បង់ នៅ​រដ្ឋធានី​ដូ​ហា ប្រទេស​កាតា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ទិដ្ឋភាព​ទូទៅ​នៃ​កិច្ចចរចា​សន្តិភាពរ​វា​ង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ក្រុម​តា​លី​បង់ នៅ​រដ្ឋធានី​ដូ​ហា ប្រទេស​កាតា កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២០​។​
ដោយ: VOA
​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយថា រដ្ឋាភិបាល​បានសម្រេច​ចិត្ត​រៀបចំ​កិច្ចចរចា​សន្តិភាព​ជុំ​ទី​ពីរ ជាមួយនឹង​ពួក​តា​លី​បង់​ក្នុង​រាជធានី​ដូ​ហា ប្រទេស​កាតា កន្លែង​តែមួយ​ដែល​កិច្ចប្រជុំ​លើកទីមួយ ត្រូវបាន​រៀបចំ​។​

 
​លោក Faridoon Khawzoon អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដើម្បី​ការផ្សះផ្សា​ជាតិ (AHCNR) គឺ​ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ផ្នែក​ត្រួតពិនិត្យ​កិច្ចចរចា បាន​និយាយថា ការសម្រេចចិត្ត​នេះ​ធ្វើឡើង ដោយសារតែ​ការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ​ទាក់ទង​នឹង​ជំងឺ​កូ​វីដ​១៩​។​
 
​ប្រទេសមួយ​ចំនួន​បាន​ប្រកួតប្រជែង​ដើម្បី​ធ្វើជា​អ្នករៀបចំ​កិច្ចចរចា​សន្តិភាព រួមមាន​ន័​រ​វែ​ស និង​អាល្លឺម៉ង់​។​
 
​រាជធានី ដូ​ហា ក៏​ជាទី​តាំង​មួយ​សម្រាប់​កិច្ចចរចា​រវាង​សហរដ្ឋអាមេរិក​និង​ពួក​តា​លី​បង់ ដែល​បាន​នាំ​ឲ្យ​មានការ​ចុះ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ កាលពី​ខែកុម្ភៈ ឆ្នាំ​២០២០​។ ពួក​តា​លី​បង់​បាន​រក្សា​ការិយាល័យ​នយោបាយ​មិន​ផ្លូវការ​មួយ ក្នុង​រាជធានី​ដូ​ហា ជាច្រើន​ឆ្នាំ​មកហើយ​។​
 
​លោក Khawzoon បាន​និយាយថា ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា AHCNR បានអនុញ្ញាត​ឲ្យ​ក្រុម​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ចរចា​របៀបវារៈ​របស់​កិច្ចពិភាក្សា​ជាមួយនឹង​ពួក​តា​លី​បង់​។​
 
​កាលពី​ជុំទីមួយ​ភាគី​ទាំង​ពីរបាន​យល់ព្រម​លើ​ក្រមសីលធម៌​សម្រាប់​កិច្ចចរចា​។ មុននឹង​មានការ​សម្រាក​រយៈពេល​បី​សប្តាហ៍ ភាគី​ទាំង​ពីរបាន​ចែករំលែក​របៀបវារៈ​។ កិច្ចពិភាក្សា​ត្រូវបាន​គេ​រំពឹងថា នឹង​បន្ត​ឡើងវិញ នៅ​ថ្ងៃទី​៥ មករា ឆ្នាំ​២០២១​។​
 
​ការិយាល័យ​របស់​ប្រធានាធិបតី Ashraf Ghani ក៏បាន​បញ្ជាក់​ដែលថា​រាជធានី​ដូ​ហា គឺជា​ទីតាំង​សម្រាប់​ការចរចា​ជុំ​ទី​ពីរ ដើម្បី​ឲ្យ​កិច្ចចរចា​នោះ​ចាប់ផ្តើម​ឡើងវិញ​ទាន់ពេលវេលា​។ លោក Ghani បានផ្តល់​យោបល់​ថា​កិច្ចចរចា​ជុំ​ទី​ពីរ និង​កិច្ចចរចា​បន្តទៀត​គួរតែរៀបចំ​ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​
 
​ពួក​តា​លី​បង់​មិន​ទទួលស្គាល់ថា រដ្ឋាភិបាល​លោក Ghani ជា​រដ្ឋាភិបាល​ស្របច្បាប់​ទេ ហើយ​បាន​ច្រានចោល​សំណូមពរ​នោះ​។​
 
​អ្នកស្រី Najia Anwari អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​សន្តិភាព បាន​និយាយថា ក្រុម​អ្នកចរចា​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុង​បន្ត​ការពិគ្រោះ​យោបល់​របស់ខ្លួន ជាមួយនឹង​ផ្នែក​ផ្សេង​នៃ​សង្គម​អា​ហ្វ​ហ្គា​នី​ស្ថាន រួមមាន​អ្នកនយោបាយ​និង​សកម្មជន​សង្គម​ស៊ីវិល​។​
 
​កិច្ចចរចា​ជុំ​ទី​ពីរ​នេះ​នឹង​ចាប់ផ្តើម នៅពេលដែល​ការអំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់ ឬ​ការកាត់បន្ថយ​អំពើហិង្សា​មានការ​ជឿនលឿន​ទៅមុខ​។​
 
​អំពើហិង្សា​បង្កដោយ​ពួក​តា​លី​បង់​ប្រឆាំងនឹង​កងកម្លាំង​សន្តិសុខ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​កើនឡើង​ខ្ពស់បំផុត ក្នុង​រយៈពេល ១០ ឆ្នាំ បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​សហរដ្ឋអាមេរិក​។​
 
​កំណើន​អំពើហិង្សា​នេះ គឺជា​ឧបសគ្គ​មួយ​សម្រាប់​កិច្ចចរចា​ជាមួយនឹង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​។​សហគមន៍​អន្តរជាតិ​ក៏ដូចជា​ប្រទេស​នានា​ក្នុង​តំបន់ បាន​អំពាវនាវ​ឲ្យ​មានការ​កាត់បន្ថយ​អំពើហិង្សា​។​
 
​លោក Michael Kugelma នាយករង​នៃ​កម្មវិធី​អាស៊ី​នៅ​មជ្ឈមណ្ឌល Wilson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​និយាយថា ពួក​តា​លី​បង់​ចង់​ប្រើ​អំពើហិង្សា​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ការចរចា​។​
 
​លោក​បាន​ប្រាប់ VOA ថា​៖ «​ក្នុងន័យនេះ​ពួក​តា​លី​បង់​ចង់​បន្ត​ហិង្សា ហើយ​បាន​សម្បទាន​បន្ថែមទៀត​ពី​ភាគី​ម្ខាង​ទៀត មុននឹង​ខ្លួន​យល់ព្រម​ផ្តោតលើ​បញ្ហា​អំពើហិង្សា​»​។​
 
​អ្នកវិភាគ​ខ្លះ​ជឿថា ពួក​តា​លី​បង់​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការលះបង់​អំពើហិង្សា​ដែលជា​ឧបករណ៍​ចរចា​ដ៏​មាន​ឥទ្ធិពល​បំផុត​ដែល​ពួកគេ​ទាមទារ​។​
 
​លោក Rick Olson អតីត​អ្នកតំណាង​ពិសេស​របស់​សហរដ្ឋអាមេរិក​សម្រាប់​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ប៉ា​គី​ស្ថាន បាន​ប្រាប់ VOA ថា​៖ «​ឥទ្ធិពល​តែ​ម្យ៉ាង​ដែល​ពួកគេ​មាន គឺ​ការប្រើប្រាស់​ហិង្សា​។ ពួកគេ​មិនមាន​ប្រជាប្រិយ​សោះ​ក្នុង​នយោបាយ​»​។​
 
​ភាពស្ទាក់ស្ទើរ​របស់​ពួក​តា​លី​បង់​ក្នុង​ការលះបង់​អំពើហិង្សា ក៏​ជាប់ទាក់ទង​នឹង​រចនាសម្ព័ន្ធ​របស់​ពួកនេះ​ដែរ​។ បើ​យោងតាម​លោក Andrew Watkins អ្នកវិភាគ​ជាន់ខ្ពស់​ស​ម្រា​ប់​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ក្រុម​ដោះស្រាយ​វិបត្តិ​អន្តរជាតិ​ឈ្មោះ International Crisis Group​។​
 
​លោក​ប្រាប់ VOA ថា​៖ «​ក្រុម​តា​លី​បង់​គឺជា​ក្រុម​បះបោរ​ដូចជា​ម៉ាស៊ីន​មួយ ដែល​ដំណើរការ​ដោយសារ​ការប្រយុទ្ធ​គ្នា​។ នៅពេលដែល​ការប្រយុទ្ធ​គ្នា​ចប់ វា​ប្រហែលជា​ពិបាក​ក្នុងការ​បញ្ឆេះ​ម៉ាស៊ីន​ម្តងទៀត​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com