កីឡាអន្តរជាតិ
អន្តរជាតិ
ក្លាយជា​គ្រូ PSG ភ្លាម Pochettino ដាក់​គោលដៅ​យក Messi, Alli និង Eriksen ដើម្បី​លើក​ពាន UCL
04, Jan 2021 , 11:48 am        
រូបភាព
Paris Saint-Germain បានតែងតាំង​លោក Mauricio Pochettino ជា​អ្នកចាត់ការ​ទូទៅ​ថ្មី ដើម្បី​ជំនួស​លោក Thomas Tuchel កាលពី​ថ្ងៃទី​២ ខែមករា​។ ក្រោយ​ការ​ទៅ​ដឹកនាំ​ក្លិប​យក្ស​បារាំង អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ចង់​នាំយក Lionel Messi និង​កីឡាករ​ល្អ​មួយចំនួនទៀត​ទៅ​ជួយ​ក្រុម​។​



Pochettino បាន​ត្រឡប់​ទៅកាន់​ការងារ​ជា​អ្នកចាត់ការ​វិញ​ហើយ បន្ទាប់ពី​ចាកចេញ​ពី Tottenham Hotspur អស់​រយៈពេល​ជាង​មួយឆ្នាំ​។ គ្រូបង្វឹក​វ័យ​៤៨​ឆ្នាំ​រូបនេះ បាន​យល់ព្រម​ចុះកិច្ចសន្យា​ការងារ​ដឹក​នាំ PSG ដល់​ឆ្នាំ​២០២២ ជាមួយ​លក្ខខណ្ឌ​បន្តទៀត​ផងដែរ​។​
 
​ការតែងតាំង​លោក Pochettino ធ្វើឡើង​នៅក្រោយ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី PSG បានបញ្ចប់​តំណែង​លោក Tuchel ភ្លាមៗ​ក្រោយ​ជួយ​ក្រុម​យកឈ្នះ Strasbourg ៤-០ ក្នុងការ​ប្រកួត Ligue 1​។ នេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ​ដែល​ក្រុម​អ្នកមាន​បារាំង​ចង់​ផ្លាស់ប្តូរ​គ្រូ​ថ្មី ដ្បិត​ចង់​ឲ្យ​ក្រុម​អាច​ឈ្នះ​ពាន​ធំៗ​ដូចជា​ពាន​លំដាប់​អឺរ៉ុប UEFA Champions League បន្ថែម​លើ​ពាន​ក្នុងស្រុក​។​
 
​បើ​ទោះ PSG មាន​សមាជិក​កីឡាករ​លំដាប់​កំពូលៗ​ជាច្រើន​ដូចជា Neymar, Angel Di Maria និង Kylian Mbappé រួចហើយ​ក្តី តែ​គោលដៅ​របស់លោក Pochettino មិនមែន​ត្រឹម​ប៉ុណ្ណេះ​ឡើយ​។ អ្នកចាត់ការ​អា​ហ្ស​ង់​ទីន ចង់​នាំយក​កំពូល​កីឡាករ Lionel Messi ដែលមាន​ភាគរយ​ខ្ពស់​ចាក​ចេញពី Barcelona អំឡុង​ទីផ្សារ​ដោះដូរ​ខែមករា​នេះ ដើម្បី​ពង្រឹង​តំបន់​បម្រើ​របស់​ក្រុម​ថែម​ទៀតផង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត AS​។​
 
​បើទោះជា​មាន​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្លិប​យក្ស​បារាំង​ដែល​គេ​ដឹងថា​មាន​ម្ចាស់​ជា​មហាសេដ្ឋី​ប្រេង​នោះ ទំនងជា​មិន​ខ្វល់​ពី​ទំហំ​ទឹកប្រាក់​ចំណាយ​ដ៏​ច្រើន​បន្ថែម​នេះនោះ​ឡើយ​។​
 
​មិន​ត្រឹមតែ Messi មួយរូប​នោះទេ អតីត​គ្រូ Spurs និង Southampton រូបនេះ ក៏​ចង់បាន​អតីត​កូនក្រុម​ខ្លួន​ពីររូប​ដែល​រួមមាន Dele Alli និង Christian Eriksen ទៅកាន់​ទឹកដី Parc des Princes ផងដែរ​។ Alli និង Eriksen សុទ្ធតែ​រួមចំណែក​ជួយ​មាន់​ខ្នាយ​មាស​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Champions League កាល​លោក Pochettino នៅ​ដឹកនាំ​។​
 
Alli ខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស មិន​ស្ថិតក្នុង​ជម្រើស​ដំបូង​របស់ Spurs ទៀត​ឡើង ចាប់តាំងពី​លោក Jose Mourinho ឡើងទៅ​ដឹកនាំ ខណៈ Eriksen ក៏មាន​គម្រោង​ចាកចេញ​ពី Inter Milan ផងដែរ​ដោយសារ​មិន​ស្ថិតក្នុង​ជម្រើស​របស់លោក Antonio Conte ដូចគ្នា​។​
 
PSG សព្វថ្ងៃ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​លី​គ​កំពូល​បារាំង ដោយ​រកបាន​៣៥​ពិន្ទុ តាម​ពីក្រោយ​ក្នុង​លេខ​ពីរ Lille និង​កំពូល​តារាង Lyon តែ​១​ពិន្ទុ​ប៉ុណ្ណោះ ពី​ការប្រកួត​១៧​លើក​ដូចគ្នា​។ PSG បាន​ឈានដល់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ដោយ​ត្រូវ​ប៉ះ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona៕
 

Tag:
 Mauricio Pochettino
  Paris Saint-Germain
© រក្សាសិទ្ធិដោយ thmeythmey.com