អន្តរជាតិ
អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​១០​នាក់ ប្រាប់​កងទ័ព​កុំ​ឲ្យ​ពាក់ព័ន្ធ​ជម្លោះ​ការបោះឆ្នោត​
04, Jan 2021 , 9:39 pm        
រូបភាព
លោក ម៉ាក អេស្ពើ អតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក ដូណាល់ ត្រាំ ។ រូបថត៖ Xinhua
លោក ម៉ាក អេស្ពើ អតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក ដូណាល់ ត្រាំ ។ រូបថត៖ Xinhua
ដោយ:
​អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាម​រិ​ក​ចំនួន​១០​នាក់ បាន​ប្រាប់​យោធា​អាមេរិក​ឲ្យ​នៅ​ឆ្ងាយ​ពី​នយោបាយ និង​មិនត្រូវ​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​បោះឆ្នោត​ឡើយ​។ អតីត​ប្រមុខ​មន្ទីរ​បញ្ច​កោណ​ទាំង​១០​នាក់ ដែល​ក្នុងនោះ​មាន​ពីររូប​តែងតាំង​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ស​សេរ​បទ​វិចារណកថា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន The Washington Post នៅ​ថ្ងៃទី​៤ ខែមករា ។​

 
​ក្នុង​បទ​វិចារណកថា​រួមគ្នា អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ទាំង​១០​នាក់ សង្កត់ធ្ងន់ថា ក្រសួងការពារជាតិ​អាមេរិក ក៏ដូចជា​មន្ត្រី​យោធា​អាមេរិក ស្បថ​ការពារ និង​គាំទ្រ​រដ្ឋធម្មនុញ្ញ​ដោយ​ប្រឆាំង​ទៅនឹង​សត្រូវ​បរ​ទស និង​ក្នុងស្រុក ប៉ុន្តែ​មិនមែន​ស្បថ​ដើម្បី​បម្រើ​បក្សនយោបាយ ឬ​បុគ្គល​ណាមួយ​ឡើយ​។ លោក ជេ​ម ម៉ា​ធី​ស និង​លោក ម៉ាក អេ​ស្ពើ ដែល​បម្រើការ​ក្នុង​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​អតីត​ប្រមុខ​ការពារជាតិ​នេះដែរ​។​
 
​ក្រុម​អតីត​ប្រមុខ​ការពារជាតិ​អាមេរិក​ខាងលើ បន្ថែមថា ការបោះឆ្នោត​អាមេរិក និង​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី ជា​និមិត្តសញ្ញា​នៃ​ប្រជាធិបតេយ្យ ហើយ​បុគ្គល​គ្រប់រូប​ក្នុង​ស្ថាប័ន​យោធា ត្រូវ​ចៀសវាង​បញ្ចេញ​សកម្មភាព​ទាំងឡាយណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត ឬ​រដ្ឋាភិបាល​ថ្មី​។ អតីត​ប្រមុខ​ការពារជាតិ​អាមេរិក សង្កត់ធ្ងន់ថា យោធា​អាមេរិក​គ្មាន​តួនាទី​អ្វី​ឡើយ​ក្នុងការ​កំណត់​លទ្ធផល​បោះឆ្នោត​ឡើយ​។​
 
​ក្នុង​សំណេ​របស់ខ្លួន ក្រុមមន្ត្រី​ទាំងនោះ ប្រាប់​យោធា​អាមេរិក​ថា ការរាប់​សន្លឹកឆ្នោត​ឡើងវិញ ការពិនិត្យ​សន្លឹកឆ្នោត និង​ការដោះស្រាយ​ជម្លោះ​លទ្ធផល​បោះឆ្នោត​ក្នុង​តុលាការ​ត្រូវបាន​បញ្ចប់​រួចរាល់ ហើយ​អភិបាលរដ្ឋ​នីមួយៗ​ក៏បាន​បញ្ជាក់​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​រួចហើយ​ដែរ​។ ក្នុងន័យ ពួកគេ​ទំនង​ចង់​បានន័យថា ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន មិនអាច​កែប្រែបាន​ជាដាច់ខាត ទោះ​លោក ត្រាំ ជំទាស់​ក្ដី​។  
 
​តាមរយៈ​បទ​វិចារណកថា​ដដែល អតីតរដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​ព្រមាន​ទៀតថា កិច្ចការ​ទាំងឡាយណា​ដែល​ចង់​ពាក់ព័ន្ធ​យោធា​អាមេរិក​ទៅនឹង​ជម្លោះ​បោះឆ្នោត ជា​ទង្វើ​មិន​ស្របច្បាប់ និង​អ​ធម្មនុញ្ញ​។ ចំណែក​មន្ត្រី​ស៊ីវិល និង​យោធា​ដែល​បញ្ជា ឬ​ប្រព្រឹត្ត​សកម្មភាព​ទាំងនោះ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ផង​។ 
 
​ចំពោះ​ការផ្ទេរអំណាច​ក្នុង​មន្ទីរ​បញ្ច​កោណ​ដែលជា​ស្ថាប័ន​ដ៏​ធំ​របស់​រដ្ឋាភិបាល អតីត​ប្រមុខ​ការពារជាតិ​ទាំង​១០​រូប បាន​ទទូច​ឲ្យ​លោក Christopher Miller ដែលជា​រដ្ឋមន្ត្រី​ស្ដីទី សហការ​ជាមួយ​ក្រុមការងារ​រប​ស់​ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ឌិន ក៏ដូចជា​សម្រួល​ដល់រ​ដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក​ថ្មី​ដែល​នឹង​ចូលកាន់​តំណែង​។ លោក Lloyd Austin ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ ជា​បេក្ខជន​រដ្ឋមន្ត្រី​ថ្មី​របស់លោក បៃ​ឌិន ។​
 
​នា​សប្តាហ៍​មុន លោក បៃ​ឌិន បាន​អះអាងថា​ក្រុមការងារ​របស់លោក រង​ការរារាំង​ពី​ក្រសួងការពារជាតិ ក្នុង​ការទទួល​ព័ត៌មាន​ចាំបាច់​ស្តីពី​សន្តិសុខ​ប្រទេស​។ សម្រាប់​បញ្ហា​នេះ អតីតរដ្ឋមន្ត្រី​ទាំង​១០ ក៏​លើកឡើងថា ការផ្ទេរអំណាច​ក្នុង​ក្រសួងការពារជាតិ​ត្រូវធ្វើឡើង ដោយ​ពេញលេញ ប្រកបដោយ​កិច្ចសហប្រតិបត្តិការ និង​មាន​តម្លាភាព ដ្បិត​កងកម្លាំង​អាមេរិក​កំពុង​ចេញ​ប្រតិបត្តិការ​នៅ​ជុំវិញ​ពិភពលោក​៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com