ភ្នំពេញ៖ កម្ពុជាសម្រេចនូវផលិតផលសត្វ, ជលផល, ព្រៃឈើ និងកៅស៊ូនៃវិស័យកសិកម្មបានដល់៤,២៦៥,៤១៧,៤២០លានដុល្លារ ក្នុងឆ្នាំ២០២០ នៃវិបត្តិបកូវីដ-១៩ ។ លោកវេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងចំណោមតម្លៃទឹកប្រាក់សរុបនៃផលិតផលកសិកម្មទាំងនេះ កម្ពុជាបាន សម្រេចនូវការនាំចេញ ក្នុងទំហំថវិកាជិត៦០៥លានដុល្លារ។
ទិន្នន័យជាតម្លៃសរុប និងតម្លៃនៃការនាំចេញរបស់ផ្នែកទាំងបួនក្នុងវិស័យកសិកម្ម ដែលសម្រេចបាននូវការនាំចេញក្នុងឆ្នាំ២០២០កន្លងមក ត្រូវបានលោក វេង សាខុន បានបង្ហាញនៅលើគណនីហ្វេសហ៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី៤មករា ឆ្នាំ២០២១។ ក្នុងនោះ ផ្នែកផលិតកម្មសត្វ(គោ,ក្របី, ជ្រូក,បក្សី,ស៊ុតមាន់-ទា) មានតម្លៃសរុប ជាង១,៨ពាន់លានដុល្លារ ដោយការនាំចេញនៃផ្នែកនេះ សម្រេចបានជាង ៦១,៣លានដុល្លារ។
ផ្នែកផលិតកម្មជលផល ដែលមានទាំងផលនេសាទទឹកសាប, ផលនេសាទសមុទ្រ, ផលវារិវប្បកម្ម គឺសម្រេចបាននូវតម្លៃជិត១,៨៧០ពាន់ដុល្លារ។ ក្នុងនោះ ការនាំចេញសម្រេចបានជាង៨លានដុល្លារ ខណៈការនាំចេញផលិតផលព្រៃឈើ សត្វព្រៃ និងសំបុកត្រចៀកកាំ បានជាង៤៤ លានដុល្លារ។
ទិន្នន័យដដែលខាងលើ បានបញ្ជាក់ថា សម្រាប់ការផ្នែកផលិតផលព្រៃឈើ,សត្វព្រៃនេះ គឺមានតែផលិតផលឈើដាំ,ឈើកែច្នៃ, សត្វស្វារចិញ្ចឹម, ផលិតផលស្បែកសត្វ រួមទាំងសំបុកត្រចៀកកាំ មានតម្លៃជិត៨៧លានដុល្លារ។
រីឯ ផ្នែកផលិតកម្មកៅស៊ូវិញ(ចម្ការកៅស៊ូឧស្សាហកម្ម និងគ្រួសារ) កម្ពុជានាំចេញសម្រេចបានជាង៤៨២លានដុល្លារ។ ក្នុងនោះតម្លៃសរុបនៃការនាំចេញជ័រកៅស៊ូប្រចាំឆ្នាំ២០២០ មាន៤៥៩លានដុល្លារ និងនាំចេញឈើកៅស៊ូ មានជាង២៣លានដុល្លារ។
ក្រៅពីអនុវិស័យទាំង៤ខាងលើនេះ កម្ពុជា ក៏ទទួលបានចំណូលជាង១,២៦ពាន់លានដុល្លារ ពីនាំចេញអង្ករបានជិត៧០ម៉ឺនតោន និងស្រូវជិត២,៩លានតោន ក្នុងឆ្នាំ២០២០។ នេះបើតាមលោក វេង សាខុន៕