ប្លែកៗ
អន្តរជាតិ
យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​ប្រចាំឆ្នាំ ២០២០
05, Jan 2021 , 8:29 am        
រូបភាព
រូបភាព៖ Airforcemag.com
រូបភាព៖ Airforcemag.com
ដោយ៖ ជា យូគៀង
 
​កងទ័ពអាកាស ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៅក្នុង​ចំណោម​កងទ័ព​នានា​។ កងទ័ពអាកាស​មាន​ឧត្តមភាព​ខ្លាំងក្លា​ក្នុងការ​ការពារ​ដែនអាកាស និង​ការការពារ​សុ​វត្តិភាព​សំរាប់​កងទ័ព​នៅលើ​ដី​។  ឯ​យន្តហោះ​ចម្បាំង ជា​យុទ្ធោបករណ៍​ដ៏​សំខាន់បំផុត​សំរាប់​ប្រទេស​នីមួយៗ​ដែល​ចង់​ការពារ​ដែន​អធិបតេយ្យភាព​ដែនអាកាស​របស់ខ្លួន​។ បច្ចុប្បន្ន យន្តហោះ​ចម្បាំង​របស់ Lockheed Martin គឺជា​បច្ចេកវិទ្យា​ដែលមាន​ភាពជឿនលឿន​ជាងគេ​បង្អោះ​នៅក្នុង​ចំណាត់ថ្នាក់​យន្តហោះ​ចម្បាំង​ទាំងអស់​។

 
​ខាងក្រោម​នេះ យន្តហោះ​ចម្បាំង​១១ ដែលមាន​បច្ចេកវិទ្យា​ជឿនលឿន​នៅ​ឆ្នាំ ២០២០ ៖
 
១១. Dassault Rafale
  

រូបភាព Wikipedia

Rafale ជា​យន្តហោះ​ចម្បាំង ផលិតឡើង​និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​បារាំង​ផ្ទាល់ ហើយ​ពាក្យ Dassault គឺ​សំដៅ​ទៅលើ​ការប្រយុទ្ធ​គ្រប់​កាលៈទេសៈ​។ វា​អាច​ប្រយុទ្ធ​ទល់​យន្តហោះ​ចម្បាំង​ផ្សេងៗ​ទៀត និង​វាយប្រហារ​គោលដៅ​នៅលើ​សមុទ្រ និង​លើដី​បាន​យ៉ាង​ល្អ​។ វា​អាច​ដើរតួ​ជា​យន្តហោះ​ឈ្លបយកការណ៍ និង​អាច​បំពាកអាវុធ​នុយក្លេអ៊ែរ​ផងដែរ​។ Rafale បាន​ចូល​បំរើ​ក្នុង​កងទ័ពអាកាស​បារាំង​ក្នុង​ឆ្នាំ​២០០១ ។ ឥណ្ឌា អេ​ហ្ស៊ី​ប និង​កាតា​ជាដើម សុទ្ធតែ​បាន​ទិញ​យន្តហោះ​យកទៅ​ប្រើ​។​
 
១០. F-15 Eagle
 

F-15 Eagle Fighter Jet (U.S. Air Force photo)​

​វា​ត្រូវបាន​អភិវឌ្ឍ​ដោយ McDonnell Douglas និង​បន្ទាប់មក​ដោយ​ក្រុមហ៊ុន Boeing ហើយ​វា​ក៏​នៅតែ​បន្ត​ផលិត​។ ល្បីល្បាញ​ជាង ៣៥​ឆ្នាំ​មកហើយ F-15 នៅតែ​យន្តហោះ​ចម្បាំង​ដ៏​មាន​ប្រសិទ្ធភាព​នៅលើ​អាកាស​។ ជប៉ុន អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូឌីត និង​អាមេរិក កំពុង​ប្រើ​យន្តហោះ​នេះ​។ 
 
៩. JF-17 Thunder
  

រូបភាព Wikipedia

​យន្តហោះ​ចម្បាំង​នេះ ត្រូវបាន​អភិវឌ្ឍ​រួមគ្នា​ដោយ​ចិន និង​បា​គី​ស្ថាន សម្រាប់​ផ្តល់​កងទ័ពអាកាស​ប៉ា​គី​ស្ថាន ជាមួយនឹង​យន្តហោះ​ចម្បាំង​តម្លៃ​ទាប​។ បច្ចេកវិទ្យា​ទំនើប​របស់​វា អាច​ពង្រឹង​ការប្រយុទ្ធ ការទម្លាក់​គ្រាប់បែក និង​ការស្ទាក់ចាប់​យន្តហោះ​សត្រូវ​។​
 
៨. HAL Tejas Fighter jet
  

រូបភាព៖ HAL Tejas (Indian air force)

​ជា​យន្តហោះ​របស់​ឥណ្ឌា​ផ្ទាល់ ដែល​អភិវឌ្ឍ​ដើម្បី​ជំនួស​យន្តហោះ​ប្រភេទ MiG-21 ដែល​ត្រូវបាន​ប្រើ​តាំងពី​ឆ្នាំ ១៩៦៤ មក​។ HAL Tejas មាន​ម៉ាស៊ីន​មួយ មាន​ទម្ងន់​ស្រាល និង​មាន​ស្លាប​ដែល​អនុញ្ញាត​ឲ្យ​ពី​ឡុ​តប​ញ្ជា​បាន​យ៉ាង​ល្អ​នៅពេល​ធ្វើ​ចលនា​។​
 
៧. Eurofighter Typhoon
  

រូបភាព៖ Globaldefencecorp.com

​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ផលិត​ដោយ​ក្រុមហ៊ុន Air Bus សហការ​ដោយ BAE systems និង Leonardo នៅក្នុង​ឆ្នាំ ១៩៨៣  ហើយ​ហោះ​សាកល្បង​នៅ​ឆ្នាំ​១៩៩៤​។ យន្តហោះ​ប្រភេទ​នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រទេស​មួយចំនួន​ដូចជា​អាល្លឺម៉ង់ អង់គ្លេស កាតា កូ​វ៉ែត និង​អ៊ីតាលី​ជាដើម​។​
 
៦. F-22 Raptor
  

រូបភាព Wikipedia

​ជា​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martine  F-22 Raptor ចូល​បម្រើ​កងទ័ពអាកាស​នៅក្នុង​ឆ្នាំ ២០០៥​។ ប៉ុន្តែ​សហរដ្ឋ​អា​មេ​រិច​ឈប់​ផលិត​វា​នៅក្នុង​ឆ្នាំ ២០១១​។ វា​ជា​យន្តហោះ​ចំបាំង​ដំបូងបង្អោះ​ដែល​រួមបញ្ចូល​ទៅដោយ​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា អាច​បំបាំងកាយ អាច​គេច​ពី​ប្រព័ន្ធ​រ៉ា​ដា​បាន​យ៉ាង​រហ័ស និង​មាន​ប្រព័ន្ធ​រ៉ា​ដា​ផ្ទាល់ខ្លួន​។ 
 
៥. Mitsubishi X-2 Shinshin
  

រូបភាព Mitsubishi X-2 Shinshin (JASDF photo)

​ជា​ប្រភេទ​យន្តហោះ​ចម្បាំង​ជំនា​ន់ទី​៥ មួយ​របស់​ជប៉ុន​ដែល​កំពុងតែ​ធ្វើតេស្ត​សាកល្បង យន្តហោះ​ប្រភេទ​នេះ​ត្រូវបាន​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៦ ហើយ Mitsubishi ចាប់ផ្តើម​ផលិត​យន្តហោះ​នេះដែរ​។ យន្តហោះ​ចំបាំង​ជំនា​ន់ទី​៦ នឹង​ត្រៀម​ផលិត​នៅក្នុង​ឆ្នាំ​២០២៧​។​
 
៤. Shenyang FC-31
  

Shenyang FC-31 (wc, Wikimedia)

FC-31 ឬ J-31 ជា​យន្តហោះ​ចំបាំង​ជំនា​ន់ទី​៥ ដែល​អភិវឌ្ឍ​ដោយ​ចិន​ផ្ទាល់​។ ជារឿយៗ គេ​ប្រៀបធៀប​យន្តហោះ​នេះ នឹង​យន្តហោះ​ចម្បាំង Chengdu J-20 ។ ទោះ​មាន​អានុភាព​ក្រោម J-20 យន្តហោះ​នេះ នៅតែមាន​សមត្ថភាព​ខ្លាំង​ជាមួយ​ទម្ងន់​ស្រាល និង​ភាពរហ័សរហួន​។ នៅ​អនាគត ចិន​ក៏​នឹង​ប្រើ​យន្តហោះ​ប្រភេទ​នេះ​នៅលើ​នាវា​ដឹក​យន្តហោះ​របស់ខ្លួន ហើយ​អាច​ព្យាយាម​លក់​ឲ្យ​ប្រទេស​ផ្សេង​ផងដែរ​។​
 
៣. Chengdu J-20
  

រូបភាព  Chinese Air Force Chengdu J-20 (Alert5, Wikimedia)

J-20 ជា​យន្តហោះ​ចម្បាំង​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ចិន​។ ក្រុមហ៊ុន Chengdu Aerospace Corporation (CAC) បានដាក់​បង្ហាញ​ប្រភេទ​យន្តហោះ​នេះ​ក្នុង​ឆ្នាំ ២០១៧​។ ក្រោយ​ត្រូវបាន​អភិវឌ្ឍ​អស់​រយៈពេល ២០ ឆ្នាំ វា​ត្រូវបាន​ហោះ​សាកល្បង​លើកដំបូង​ក្នុង​ឆ្នាំ ២០១១​។ យន្តហោះ​នេះ មាន​ប្រព័ន្ធ​បំបាំងកាយ ហើយ​ហោះ​សំកាំង​ឡើង​ដោយ​មិនចាំបាច់​មាន​ផ្លូវ​រត់​ដូច F-35B ។ ថ្វីបើ​មាន​បញ្ហា​ខ្លះ​ក្រោយពេល​ផលិត យន្តហោះ​ចម្បាំង J-20 នៅតែ​ជា​យន្តហោះ​ង​ជំនា​ន់ទី​៥ ដែលមាន​ឥទ្ធិពល​ខ្លាំងក្លា​នៅក្នុង​តំបន់​អាស៊ី​។​
 
២. Sukhoi Su-57
  

រូបភាព Wikipedia

​ត្រូវបាន​ផលិត​និង​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Sukhoi របស់​រុស្ស៊ី Su-57 ជា​យន្តហោះ​ចម្បាំង​លេចធ្លោ​ជាងគេ​របស់​រុស្ស៊ី​។ Su-57 ជា​យន្តហោះ​ដំបូង​គេ​បង្អោះ​ដែល​ទទួលបាន​សញ្ញា​ធិ​កនៅ​គ្រប់​ប្រអប់​សម្រាប់​វាយតម្លៃ​ក្នុង​តារាង​យន្តហោះ​ជំនា​ន់ទី​៥ ទាំងអស់​។ ជាទូទៅ Su-57 តែង​ត្រូវ​ប្រៀបធៀប​ទៅនឹង F-35​។​
 
១. Lockheed Martin F-35 Lightning II
  

រូបភាព Wikipedia

​សហរដ្ឋ​អា​មេ​រិច​បានបង្ហាញ​យន្តហោះ​ចំបាំង​ជំនាន់​ថ្មី​បំផុត F-35 នៅក្នុង​ឆ្នាំ ២០១៥​។ F-35A ជា​យន្តហោះ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បញ្ជា​ទំនើប តែមាន​សមត្ថភាព​ទាប​ជាង F-35B​។ F-35B ជា​យន្តហោះ​ដែល​អាច​ហោះ​ឡើង​នៅ​ផ្លូវ​រត់​ខ្លី ហើយ​អាច​ហោះ​បញ្ឈរ​ឡើង​ក៏បាន និង​ចុះ​ចត់​ដោយ​មិនចាំបាច់​មាន​ផ្លូវ​រត់​ក៏បាន​។ អាមេរិក ចាយលុយ​ច្រើន​លើ​ការស្រាវជ្រាវ​យន្តហោះ​នេះ​។ F-35 ក៏​ស្ថិត​ក្នុងចំណោម​យន្តហោះ​លក់ដាច់​ជាងគេ​ដែរ​។ ជប៉ុន អង់គ្លេស អ៊ីស្រាអែល អូស្ត្រាលី សុទ្ធ​តែមាន F-35 ៕ 
 
 
 
 
 

Tag:
 ប្លែកៗ​
  យន្តហោះ​ចំបាំង
© រក្សាសិទ្ធិដោយ thmeythmey.com