ជាតិ
សុខភាព
​អភិបាលខេត្ត​ប៉ៃលិន​៖ ស្ត្រី​ពលករ​ពី​ថៃ​ភាគច្រើន​ធ្វើដំណើរ​ជា​ក្រុម​ម្តង​៥​នាក់​
04, Jan 2021 , 10:39 pm        
រូបភាព
អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
អ្នកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
​មកដល់​ថ្ងៃទី​៤​មករា មាន​ពលករ​ខ្មែរ​ដែល​មកពី​ប្រទេស​ថៃ​ចំនួន​១៧​នាក់​ហើយ បាន​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​។ អ្វីដែល​គួរកត់សម្គាល់​គឺថា ពលករ​ខ្មែរ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩​នោះ គឺ​សុទ្ធតែជា​ស្ត្រី មាន​វ័យ​ចន្លោះ​ពី​២០​ទៅ​៣០​ឆ្នាំ​។ ពាក់ព័ន្ធ​ទៅ​បញ្ហា​ដែល​ពលករ​សុទ្ធតែ​ស្ត្រី​បាន​ឆ្លង​នូវ​ជំងឺ​នេះ អ្នកស្រី បាន ស្រីមុំ អភិបាល​ប៉ៃលិន បានផ្តល់​ការសន្និដ្ឋាន ថា គឺ​បណ្តាលមកពី​ពលករ​ជា​ស្ត្រី​ទាំងនោះ ធ្វើដំណើរ​ពី​ថៃ​មក​ខ្មែរ​ជាមួយគ្នា មាន​លក្ខណៈ​ជា​ក្រុមៗ​។

 
«​ស្ត្រី​ជា​ពលករ​ដែល​បាន​ឆ្លង​កូ​វីដ​-១៩​នោះ បាន​ដំណើរ​ជាមួយគ្នា​ជា​ក្រុមៗ ដោយ​មួយក្រុម​មាន​គ្នា​៥​នាក់ៗ​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី បាន ស្រីមុំ ដោយ​បញ្ជាក់ថា ពលករ​ជា​ស្ត្រី​បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ​មកដល់​ដី​ខ្មែរ ជា​ក្រុម​គឺមាន​គ្នា​ពី​៥​នាក់​តែម្តង​។ ក្រៅពីនេះ មូលហេតុ​មួយទៀត ដែល​ពលករ​ខ្មែរ​មានតែ​ស្ត្រី​ឆ្លង​នូវ​ជំងឺ​នេះ អាចមកពី​ពួកគាត់​ធ្វើការ​ងារ​នៅ​ទីតាំង​ជាមួយគ្នា​ក្នុងប្រទេស​ថៃ ស្នាក់នៅ និង​ហូប​អាហារ​ជាមួយគ្នា​។​
 


រូបតំណាង៖ មន្រ្តីជំនាញរបស់ក្រសួងសុខាភិបាល ប្រមូលសំណាកលើស្រី្តខ្មែរម្នាក់ជាពលករ មកពីប្រទេសថៃ។ រូបថត៖ មន្ទីរសុខាភិបាល ខេត្តបាត់ដំបង

​អ្នកស្រី បាន ស្រីមុំ មាននិយាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ដូច្នេះ​៖«​ក្រុម​ស្ត្រី​ជា​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ  គឺ​ពួកគាត់​ធ្វើ​ការងារ​ជាមួយគ្នា ហើយ​ពួកគាត់​ជា​ដំណើរ​ជាមួយគ្នា​។ អ៊ីចឹង វា​អាចធ្វើឱ្យ​ប៉ះពាល់​ឬ​ឆ្លង​ទាំងអស់គ្នា ជា​ក្រុម​បែបនេះ​»​។ បើតាម​អភិបាលខេត្ត​ប៉ៃលិន​រូបនេះ ពលករ​ខ្មែរ​ដែល​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ គឺមាន​ចម្រុះ​វិស័យ ដូចជា​៖ វិស័យ​កសិកម្ម​, រោងចក្រ និង​សំណង់​ជាដើម​។​
 
​សូមជម្រាបថា ក្នុងចំណោម​ពល​រក​មកពី​ថៃ​សរុប​១៧​នាក់ ដែលជា​ស្ត្រី​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នេះ មាន​១១​នាក់​នៅក្នុង​នៅ​ខេត្ត​ប៉ៃលិន និង​៦​នាក់​ទៀត នៅ​ខេត្តបាត់ដំបង​។ បច្ចុប្បន្ន អ្នកជំងឺ​ទាំងនេះ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​រៀងៗ​ខ្លួន​។ ដោយឡែក គិត​ត្រឹម​ថ្ងៃទី​៤​មករា ឆ្នាំ​២០២០ កម្ពុជា បា​នរក​អ្នកជំងឺ​កូ​វីដ​-១៩ សរុប ៣៨២​នាក់ ដោយ​ក្នុងនោះ មាន​៣៦២​នាក់ បានជា​សះស្បើយ​៕ 

Tag:
 COVID-19
  ប៉ៃលិន​
  បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com