តម្លៃត្រីឆ្ពង់ ក្នុងខេត្តព្រះសីហនុ ធ្លាក់ថ្លៃជាងពាក់កណ្ដាល នៅអំឡុងវិបិត្តកូវីដ-១៩ ខណៈមុនវិបត្តិកូវីដ-១៩ តម្លៃត្រីឆ្ពង់ អាចលក់បាន តម្លៃ ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម។ បច្ចុប្បន្ន តម្លៃត្រីឆ្ពង់ ក្នុងខេត្តនេះ លក់បានត្រឹម១ម៉ឺន៦ពាន់រៀល ក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ។
សមាជិកបណ្ដុំអាជីវកម្ម ចិញ្ចឹមត្រីឆ្ពង់ នៃសហគមន៍នេសាទ ទំនប់រលក មានការរអ៊ូរទាំ ការធ្លាក់ថ្លៃត្រី ក្នុងអំឡុងវិបិត្តកូវីដ-១៩នេះ ខណៈពលរដ្ឋប្រមាណ ៦០ភាគរយ ទៅ ៧០ភាគរយ ក្នុងស្រុកស្ទឹងហាវ ក្នុងខេត្តព្រះសីហនុ បានប្រកបរបរនេសាទ។ នេះបើតាមលោក ណាក់ ហួរ អនុប្រធានបណ្ដុំអាជីវកម្ម ចិញ្ចឹមត្រីឆ្ពង់ នៃសហគមន៍នេសាទទំនប់រលក។
ជាអនុប្រធានបណ្ដុំអាជីវកម្ម ចិញ្ចឹមត្រី លោក ណាក់ ហួរ ក៏ជាអ្នកចិញ្ចឹមត្រីឆ្ពង់ មួយរូបក្នុងបណ្ដុំអាជីវកម្ម ផងដែរ។ លោកបានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ភាគច្រើន ពលរដ្ឋក្នុងស្រុកស្ទឹងហាវ ប្រកបរបរចិញ្ចឹមត្រីជាចម្បង ហើយតាំងពីមានវិបិត្តកូវីដ-១៩មក ទីផ្សារត្រី ហាក់មានភាពចង្អៀត។
លោក ណាក់ ហួរ ប្រាប់យ៉ាងដូច្នេះ៖«មុនកូវីដ ត្រីឆ្ពង់លក់បាន ៣ម៉ឺនរៀល ក្នុងមួយគីឡូក្រាម តែបច្ចុប្បន្នលក់បានត្រឹម ១ម៉ឺន៦ពាន់រៀល ក្នុងមួយគីឡូក្រាម ហើយពិបាកលក់ទៀត»។ លោកបានបន្ថែមថា ក្រៅពីមានបញ្ហាកូវីដ-១៩ ហើយបច្ចុប្បន្នក៏មានការនាំចូលត្រីពីខាងប្រទេសវៀតណាម ជាហេតុពលរដ្ឋមួយចំនួន ងាកទៅគាំទ្រ ត្រីខាងក្រៅព្រោះវាមានតម្លៃ ថោកជាងត្រីក្នុងស្រុក។
កន្លែងចិញ្ចឹមត្រីឆ្ពង់ ក្នុងខេត្តព្រះសីហនុ (រូបភាពពីកម្មវិធីអាស្ប៉ាយ)
«កូវីដ-១៩ ធ្វើឲ្យផ្អាកពិធីមង្គលការ និងពិធីបុណ្យផ្សេងៗ ដូច្នេះការបញ្ជាទិញ ក៏កាត់បន្ថយដែរ»។ នេះជាការបញ្ជាក់របស់លោក ណាក់ ហួរ។ ប៉ុន្តែលោក ណាក់ ហួរ បានបន្ថែមថា ក្រោយប្រមុខរដ្ឋាភិបាលសម្រេច ឲ្យរៀបចំពិធីមង្គលការ ឡើងវិញ ទីផ្សារត្រី ហាក់មានសន្ទុះបន្តិច ដែលត្រីឆ្ពង់ អាចលក់បានតម្លៃ ១ម៉ឺន៨ពាន់រៀល ក្នុងមួយគីឡូក្រាម ទៅតាមរដូវកាលរបស់ត្រី។
ដោយឡែកលោក ផេង ម៉ូវ តាមរយៈកម្មវិធីគម្រោងអាស្ប៉ាយ លោក ផេង ម៉ូវ ក៏ជាសមាជិក មួយរូបដែរ ក្នុងបណ្ដុំអាជីវកម្ម ចិញ្ចឹមត្រីឆ្ពង់ នៃសហគមន៍នេសាទ ទំនប់រលក។ លោកជាអ្នក ផ្គត់ផ្គង់ត្រីឆ្ពង់ធំ ទៅកាន់ទីផ្សារក្នុងតំបន់ ដូចជាផ្សារឃ្លាំងលើ ផ្សារទំនប់រលក និងផ្សារកងកេង ជាមធ្យមរាល់ ២ថ្ងៃម្តង គាត់អាចលក់ត្រីប្រមាណជិត ១០០គីឡូក្រាម ក្នុងតម្លៃ ១ម៉ឺន៦ពាន់រៀល ក្នុងមួយគីឡូក្រាម។
បើតាមអ្នកចិញ្ចឹមត្រី ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្នមិនទាន់មានជីវភាពប្រសើរឡើងវិញនោះទេ។ តួយ៉ាង ដូចអ្នកចិញ្ចឹមត្រី ផេង ម៉ូវ ដ្បិតជាអ្នកផ្គត់ផ្គង់ត្រីធំ ក្នុងខេត្ត តែតម្លៃត្រី ដែលលោកទទួលបាន នៅមានកម្រិត និងត្រូវចំណាយទៅវិញ ក្នុងរបរចិញ្ចឹមត្រី ដូចជាការជួលកម្លាំងពលកម្មបន្ថែមម្នាក់ ក្នុងតម្លៃ ៧០ម៉ឺនរៀល ក្នុងមួយខែ សម្រាប់មើលថែ កន្លែងចិញ្ចឹមត្រី និងត្រូវចំណាយ ថ្លៃលើចំណីត្រី មួយថ្ងៃ ៣០ម៉ឺនរៀល ក្នុងការចិញ្ចឹមត្រី ចំនួន ១០០បែរ។
ដើម្បីឆ្លើយតបនឹងបញ្ហា ដែលកើតមានក្នុងវិស័យវារីវប្បកម្ម ឲ្យបានទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចបង្កើតគណៈកម្មការ ជំរុញវារីវប្បកម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហា ដល់វារីវប្បករកម្ពុជា។ តាមរយៈការបង្កើ់តគណៈកម្មការខាងលើនេះ នឹងសំដៅបង្កើនសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ដោយពិនិត្យឲ្យបានស៊ីជម្រៅ លើដំណើរការផលិតកម្មអាជីវកម្ម បញ្ហាប្រឈមនានា និងលើកទិសដៅ អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕