COVID-19
អន្តរជាតិ
វៀតណាម សម្រេច​ទិញ​វ៉ាក់សាំង AztraZeneca ចំនួន​៣០​លាន​ដូ​ស​
04, Jan 2021 , 6:29 pm        
រូបភាព
វ៉ាក់សាំង Oxford-AstraZeneca។រូបភាព៖AFP
វ៉ាក់សាំង Oxford-AstraZeneca។រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​៤ មករា រដ្ឋាភិបាល​វៀតណាម​សម្រេច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន​អង់គ្លេស AztraZeneca ចំនួន​៣០​លាន​ដូ​ស​។ រដ្ឋាភិបាល​វៀតណាម អះអាងថា ក៏​កំពុង​ស្វែងរក​ទិញ​វ៉ាក់សាំង​បន្ថែម​ពី​ប្រភព​ផ្សេងៗ​ទៀត ដូចជា​វ៉ាក់សាំង​ពី​ក្រុមហ៊ុន Pfizer ជាដើម​។​


​មុនពេល​ទិញ​វ៉ាក់សាំង​ក្រុមហ៊ុន AztraZeneca រដ្ឋាភិបាល​វៀតណាម បានសម្រេច​ទិញ​វ៉ាក់សាំង​ពី​រុស្ស៊ី​។ ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម​អះអាងថា​ខ្លួន មិន​ប្រញាប់ប្រញាល់​ក្នុង​ការទិញ​វ៉ាក់សាំង​រុស្ស៊ី​ឡើយ ដោយសារ​វ៉ាក់សាំង​នេះ​នៅមាន​តម្លៃ​ថ្លៃ និង​ដោយសារតែ​អាជ្ញាធរ​រវល់​ក្នុងការ​ទប់ទល់​ការផ្ទុះ​ករណី​ឆ្លង​ក្នុងស្រុក​ដែល​ពេលនេះ​មានរ​ករណី​ឆ្លង​ចំនួន​ដែល​ពេលនេះ​មាន​ចំនួន​១,៤៩៤​ករណី និង​ស្លាប់​ចំនួន​៣៥​នាក់​។​
 
​រដ្ឋាភិបាល​វៀតណាម​អះអាងថា ជម្រើស​ក្នុង​ការទិញ​វ៉ាក់សាំង AztraZeneca គឺ​ដោយសារតែ​វ៉ាក់សាំង​នេះ​ថោក​ជា​វ៉ាក់សាំង​ដទៃទៀត អាច​ទុក​ក្នុង​ទូរ​ទឹកកក​ធម្មតា និង​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន ដែល​សមស្រប​ពិសេស​សម្រាប់​វៀតណាម​ដែលជា​ប្រទេស​កំពុង​អភិវឌ្ឍ​។​
 
«​យើង​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន AztraZeneca ក្នុង​ការទិញ​វ៉ាក់សាំង​សម្រាប់​មនុស្ស​១៥​លាន​នាក់ ដែល​ស្មើរ​ទៅនឹង​៣០​លាន​ដូ​ស​»​។ នេះ​ជាការ​លើកឡើង​របស់លោក Truong Quoc Cuong អនុរដ្ឋមន្ត្រី​សុខាភិបាល​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​នៅ​ថ្ងៃទី​៤ ខែមករា​។ 
 
​លោក​អនុរដ្ឋមន្ត្រី​សុខាភិបាល និយាយថា វៀតណាម ក៏​ចង់​ទិញ​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer  វ៉ាក់សាំង​រុស្ស៊ី SputnikV  និង​វ៉ាក់សាំង​របស់​ចិន​ផងដែរ​។ បន្ថែម​ពីនេះ វៀតណាម​ក៏​អាច​ទិញ​វ៉ាក់សាំង​តាមរយៈ​យន្តការ COVAX របស់​អង្គការ​សុខភាព​ពិភពលោក​(WHO) ផងដែរ​។ ក្រោម​យន្តការ​នេះ វៀតណាម​អាច​ទិញ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ចំនួន​១៥,៦​លាន​នាក់ ដែល​ស្មើរ​ទៅនឹង​១៦​ភាគរយ នៃ​ប្រជាជន​សរុប​៩៨​លាន​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Reuters​។​
 
​គិត​មកដល់ពេលនេះ វៀតណាម​មិនទាន់​ផ្តល់​អាជ្ញាប័ណ្ណ​ជា​ផ្លូវការ​ដល់​វ៉ាក់សាំង​បរទេស​ណាមួយ​ឡើយ​។ ក្រៅតែពី​ទិញ​វ៉ាក់សាំង​ពី​បរទេស វៀតណាម​ក៏​អភិវឌ្ឍ​វ៉ាក់សាំង​ក្នុងស្រុក ចំនួន​២​ផងដែរ ដែល​ទី​១​មានឈ្មោះ Nano Covax​។ វ៉ាក់សាំង​Nano Covax នេះ​ត្រូវបាន​ធ្វើតេស្ត​លើ​មនុស្ស​រួចហើយ​នា​ចុងខែ​ធ្នូ ឆ្នាំ​២០២០ ចំណែក​វ៉ាក់សាំង​ទី​២ ត្រូវបាន​រំពឹងថា នឹងធ្វើ​តេស្ត​លើ​មនុស្ស​នៅ​ចុងខែ​មករា​។​
 
​កាលពី​ខែសីហា​កន្លងទៅ វៀតណាម​អះអាងថា​ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ចំនួន​៥០ ទៅ​១៥០​លាន​ដូ​ស​ពី​រុស្ស៊ី ប៉ុន្តែ​ពុំទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ស្តីពី​ការដឹកជញ្ជូន​វ៉ាក់សាំង​នេះឡើយ​៕

Tag:
 ​វៀតណាម​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com