អន្តរជាតិ
បព្វជិត បា​សៀ ដែល​ពាក់ព័ន្ធ​ការ​បំផ្ទុះ​នៅ​កោះ​បាលី​ឆ្នាំ​២០០២ នឹងត្រូវ​ដោះលែង​សប្ដាហ៍​នេះ​
05, Jan 2021 , 10:18 am        
រូបភាព
លោក អាប៊ូ បាការ បាសៀ នឹងត្រូវដោះលែងនៅថ្ងៃទី៨ ខែមករាខាងមុខ។ រូបថត AFP
លោក អាប៊ូ បាការ បាសៀ នឹងត្រូវដោះលែងនៅថ្ងៃទី៨ ខែមករាខាងមុខ។ រូបថត AFP
​បព្វជិត​សាសនា​ឥស្លាម​ឥណ្ឌូណេស៊ី អា​ប៊ូ បា​ការ បា​សៀ ដែល​ពាក់ព័ន្ធ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​បាលី​សម្លាប់​មនុស្ស​ជាង​ពីរ​រយ​នាក់​ក្នុង​ឆ្នាំ​២០០២ នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​នៅ​ចុង​សប្ដាហ៍​នេះ​។ លោក បា​សៀ ទទួលបាន​ការលើកលែង​ទោស​ពី​ប្រធានាធិបតី ក្រោយ​អនុវត្ត​ទោស​ជិត​១០​ឆ្នាំ​រួចមក​។ 

 
​អា​ប៊ូ បា​ការ បា​សៀ ត្រូវបាន​កាត់ទោស​ឲ្យ​គុក​នៅ​ឆ្នាំ​២០១១ ចំពោះ​ការផ្ដល់​ហិរញ្ញវត្ថុ​ដល់​ក្រុម​សកម្មជន​ក្នុង​ខេត្ត​អា​ឆេ ដែលជា​ខេត្ត​អភិរក្ស​សាសនា​ឥស្លាម​ដ៏​តឹងរ៉ឹង​នៅ​ឥណ្ឌូណេស៊ី​។ មាន​វ័យ​៨២​ឆ្នាំ លោក បា​សៀ ដែលជា​មេដឹកនាំ​ក្រុម​សកម្មជន ជេ​ម៉ា អ៊ី​ស្លា​មី​យ៉ា​ហ៍ (JI) ក៏ត្រូវ​ចោទថា ជាប់​ពាក់ព័ន្ធ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​កោះ​ទេសចរណ៍​បាលី​ដ៏​មាន​ប្រជាប្រិយភាព​សម្លាប់​មនុស្ស​ជាង​២០០​នាក់ ដែល​ភាគច្រើន​ជា​អ្នកទេសចរ​បរទេស​។​
 
​ក្រោយ​ការអនុវត្ត​ទោស​១០​ឆ្នាំ បព្វជិត​រូបនេះ នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ក្រោយ​ទទួលបាន​ការលើកលែង​ទោស​។ មន្ត្រី​ទីភ្នាក់ងារ​កែប្រែ​ឥណ្ឌូណេស៊ី លោក Rika Aprianti និយាយថា លោក បា​សៀ នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី​៨ ខែមករា ដោយសារ​រយៈពេល​អនុ​វត្ត​ទោស​របស់លោក​បាន​ចប់សព្វគ្រប់​។​
 
​ការស្នើ​ដោះលែង​ឲ្យ​មេដឹកនាំ​សាសនា​រូបនេះ ត្រូវបាន​លើកឡើង​ជាច្រើន​ឆ្នាំ​មកហើយ ក្រោម​ហេតុផល​សុខភាព និង​វ័យ​ជរា​។ លោក​ក៏​ស្ថិតក្នុង​ក្រុមមនុស្ស​ប្រឈមមុខ​ហានិភ័យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ពន្ធនាគារ​ឥណ្ឌូណេស៊ី ពោរពេញ​ដោយ​អ្នក​ជាប់ឃុំ​ច្រើន​ផង​នោះ​។ 
 
​ពីរ​ឆ្នាំមុន គម្រោង​ដោះលែង​លោក បា​សៀ ត្រូវបាន​លុបចោល​វិញ​ក្រោយ​មានមតិ​ប្រឆាំង​ខ្លាំង​ទាំង​នៅ​ឥណ្ឌូណេស៊ី និង​នៅ​អូស្ត្រាលី​។ អ្នកទេសចរ​អូស្ត្រាលី​ជាច្រើន បាន​ស្លាប់​ក្នុងការ​ផ្ទុះ​នៅ​កោះ​បាលី ដែលជា​ការវាយប្រហារ​ភេរវកម្ម​ដ៏​ធំ​មិន​ធ្លាប់មាន​។ លោក បា​សៀ បាន​បដិសេធ​រហូតមក​ចំពោះ​ការចោទប្រកាន់ថា លោក​ជាប់ទាក់ទង​ការ​បំផ្ទុះ​នោះ​។ 
 
​ការ​បំផ្ទុះ​នេះ ក៏​នាំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ពង្រឹង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាមួយ​អាមេរិក និង​អូស្ត្រាលី ស្រប​ពេលដែល​ក្រុម​ជ្រុលនិយម JI បង្កើន​សកម្មភាព​រប​ស់​ខ្លួន​កាន់តែខ្លាំង​នៅ​ឥណ្ឌូណេស៊ី និង​ក្នុង​តំបន់​។ JI ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា ត្រូវបាន​បង្កើត​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​សកម្មជន​និរទេស​ខ្លួន​ឥណ្ឌូណេស៊ី​នៅ​ម៉ាឡេស៊ី​។ ក្រៅពី​ការ​បំផ្ទុះ​គ្រាប់​ឆ្នាំ​២០០២ ក្រុម​នេះ ក៏​ទទួលខុសត្រូវ​ការវាយប្រហា​រ​បំផ្ទុះ​ឡាន​នៅ​សណ្ឋាគារ JW Marriott ក្នុង​រដ្ឋធានី​ហ្សា​ការ​តា ឆ្នាំ​២០០៣ និង​ការ​បំផ្ទុះ​ឡាន​នៅក្រៅ​ស្ថានទូត​អូស្ត្រាលី​នៅ​ឆ្នាំ​បន្ទាប់​៕  

Tag:
 ឥណ្ឌូណេស៊ី​
  ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com