កីឡាជាតិ
ជាតិ
ខ្សែការពារ ទៀង ទី​នី បញ្ចប់​អាជីព​ជា​កីឡាករ ដោយសារ​រវល់​ជាមួយ​ការងារ​រដ្ឋ​
05, Jan 2021 , 7:29 pm        
រូបភាព
ខ្សែការពារ ទៀង ទីនី សម្រេចបញ្ចប់អាជីពជាកីឡាករ, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ខ្សែការពារ ទៀង ទីនី សម្រេចបញ្ចប់អាជីពជាកីឡាករ, រូបភាពពីក្លិបព្រះខ័នរាជស្វាយរៀង
ដោយ:
​កីឡាករ ទៀង ទី​នី បានសម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់ ក្រោយ​ប្រឡូក​ក្នុង​វិស័យនេះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​។ ខ្សែការពារ​វ័យ​៣៥​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ និង​ក្លិប​បាល់ទាត់​អាជីព​ជាច្រើន​នៅ​កម្ពុជា​។ ទោះបី​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ រូបគេ ទំនងជា​ទៅ​មិន​ឆ្ងាយ​ពី​វិស័យ​កីឡាបាល់ទាត់​នោះឡើយ​។

 
​ស្ថិតក្នុង​វ័យ​៣៥​ឆ្នាំ ខ្សែការពារ ដែល​ជោគជាំ​ដោយ​បទពិសោធ​បាល់ទាត់ ទៀង ទី​នី បានសម្រេច​បញ្ចប់​អាជីព​ជា​កីឡាករ​នៅត្រឹម​ដើមឆ្នាំ​២០២១​។ ក្រៅពី​ចង់​ផ្តល់ឱកាស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ការ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ដោយសារ​រវល់​ជាមួយ​ការងារ​ក្នុង​ស្ថាប័នរដ្ឋ ក៏​ជា​មូលហេតុ​មួយ​ជំរុញ​ឲ្យ​រូបគេ បញ្ចប់​អាជីព​ផងដែរ​។ ប៉ុន្តែ​កីឡាករ​រូបនេះ​មិនបាន​បញ្ចាក់​លម្អិត​ពាក់​ព័ន្ធ​ការងារ​រដ្ឋ​នោះទេ​។ 
 
​ក្រោយ​ចូលនិវត្តន៍ អតីត​កីឡា​ជួយ​ឲ្យ​ក្លិប​វិសាខា​ទទួលបាន​កៅអី​ឡើងមក​លេង​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​រូបនេះ មិន​ទៅ​ឆ្ងាយ​ពី​វិស័យ​កីឡាបាល់ទាត់​នោះទេ ដោយ​រូបគេ​អាច​នឹង​ធ្វើជា​គ្រូបង្វឹក ឬ​អ្នក​បណ្តុះបណ្តាល​យុវជន​បាល់ទាត់​នៅ​ក្លិប​ណាមួយ​។ ប៉ុន្តែ​កីឡាករ​រូបនេះ មិនទាន់​អាច​បញ្ជាក់​លម្អិត​ពី​ឈ្មោះ​ក្លិប ដែល​ខ្លួន​នឹងចូលរួម​ជាមួយ​នោះទេ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​កីឡាករ ទៀង ទី​នី បានបញ្ជាក់​ពី​មូលហេតុ និង​គោលដៅ​បន្ត​របស់ខ្លួន​យ៉ាង​ដូច្នេះ​ថា​៖«​ក្រោយ​បញ្ចប់​អាជីព ខ្ញុំ​ប្រហែលជា​ធ្វើ​គ្រូបង្វឹក ឬ​គ្រូបង្វឹក​យុវជន​ថ្នាល​នៅ​កន្លែង ឬ​ក្រុម​ណាមួយ ដើម្បី​បណ្តុះបណ្តាល​យុវជន និង​ជួយ​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ មូលហេតុ ដែល​ខ្ញុំ​បញ្ចប់​អាជីព​ជា​កីឡាករ ដោយសារ​ខ្ញុំ​រវល់​ជាមួយ​ការងារ​រដ្ឋ​មួយកន្លែង​»​។ 
 
​គិត​មកដល់​បច្ចុប្បន្ន​អតីត​ខ្សែការពារ​រូបនេះ បាន​ប្រឡូក​ក្នុង​វិស័យ​កីឡាបាល់ទាត់​អស់​រយៈពេល​ប្រមាណ​១៤​ឆ្នាំ​ហើយ​។ រូបគេ​ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០០៦​ជាមួយ​អតីត​ក្លិប​ខេមរា​កីឡា និង​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​លី​គ​កំពូល​។ នៅ​ឆ្នាំ​២០០៧ រូបគេ​បាន​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​ខ​ប​(​ណាហ្គា​វើ​លដ៍​) និង​បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​លី​គ​កំពូល​ក្នុង​ឆ្នាំ​នោះ​ផងដែរ​។ 
 
​ក្រោយ​រួមរស់​បាន​១​ឆ្នាំ ខ្សែការពារ​កម្ពស់​១.៧៧​ម៉ែត្រ​រូបនេះ បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០០៨​។ រូបគេ​បាន​ចំណាយពេល​៤​ឆ្នាំ​ជាមួយ​ភ្នំពេញ​ក្រោ​ន ដោយបាន​រួមចំណែក​ជួយ​ឲ្យ​ក្លិប​នេះ​គ្រង​ជើងឯក​លី​គ​កំពូល​ចំនួន​៣​លើ​ក​នៅ​ឆ្នាំ​២០០៨, ២០១០ និង ២០១១​។ 
 
​នៅ​ឆ្នាំ​២០១២ អតីត​កីឡាករ​មកពី​ខេត្តសៀមរាប​រូបនេះ បាន​ត្រឡប់មក​ចូលរួម​ជាមួយ​ក្លិប​ណាហ្គា​វើ​លដ៍​សាជាថ្មី ដោយបាន​ចំណាយពេល​ចំនួន​៤​ឆ្នាំ មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នៅ​ឆ្នាំ​២០១៦​។ ក្រោយ​ចែកផ្លូវ​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ រូបគេ​បានមក​ចូលរួម​ជាមួយ​ក្លិប​វិសាខា​ក្រោម​ការដឹកនាំ​របស់លោក ហុក សុចិ​ត្រា នៅ​ឆ្នាំ​២០១៧​។ ហើយ​បាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ជើងឯក​លី​គ​២ និង​ទទួលបាន​កៅអី​ឡើងមក​លេង​ក្នុង​លី​គ​កំពូល​នៅ​ឆ្នាំ​២០១៨​។ រូបគេ​លេង​ឲ្យ​ក្លិប​នេះ​រហូតដល់​ឆ្នាំ​២០១៩​។ 
 
​ក្រោយ​ចែកផ្លូវ​ជាមួយ​ក្លិប​វិសាខា ដែល​ខ្លួន​បាន​ចំណាយពេល​រួមរស់​៣​ឆ្នាំ រូបគេ បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​ឆ្នាំ​២០២០ និង​បាន​ជួយ​ឲ្យ​ក្លិប​នេះ​ទទួលបាន​ជើងឯក​រង​ពានរង្វាន់​លី​គ​កំពូល​។ ហើយ​រូបគេ​ក៏បាន​ប្រកាស​បញ្ចប់​ជា​កីឡាករ​នៅ​ដើមឆ្នាំ​២០២១ តែម្តង​៕    

Tag:
 បាល់ទាត់​
  ទៀង ទី​នី​
  ព្រះខ័ន​រាជ​ស្វាយរៀង
© រក្សាសិទ្ធិដោយ thmeythmey.com