អន្តរជាតិ
ចៅក្រម​អង់គ្លេស បដិសេធ​សំណើ​អាមេរិក​ធ្វើ​បត្យាប័ន​ស្ថាបនិក WikiLeaks ទៅ​កាត់ទោស
05, Jan 2021 , 8:29 pm        
រូបភាព
លោកJulian Assange ស្ថាបនិកគេហទំព័រWikiLeaks ។ រូបភាព៖Reuters
លោកJulian Assange ស្ថាបនិកគេហទំព័រWikiLeaks ។ រូបភាព៖Reuters
ដោយ:
 
​តុលាការ​អង់គ្លេស នៅ​ថ្ងៃទី​៤ មករា បាន​បដិសេធ​សំណើ​របស់​អាមេរិក​ក្នុង​ការធ្វើ​បត្យាប័ន លោក Julian Assange ស្ថាបនិក​គេហទំព័រ WikiLeaks ទៅ​កាត់ទោស​នៅ​អាមេរិក​។ ចៅក្រម​តុលាការ​អង់គ្លេស​អះអាងថា លោក Assange ដែល​កំពុងមាន​ជំងឺផ្លូវចិត្ត អាច​នឹងធ្វើ​អត្តឃាត​បើ​បញ្ជូនទៅ​អាមេរិក​។

 
​រដ្ឋាភិបាល​អាមេរិក​ចោទ​លោក Julian Assange ពីបទ​បំពាន​ច្បាប់​ចារកិច្ច​អាមេរិក ដោយ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​។ រដ្ឋាភិបាល​អាមេរិក ចោទ លោក Assange ចំនួន​១៨​បទល្មើស​ទាក់ទង​ទៅនឹង​ការបញ្ចេញ​ព័ត៌មាន​សម្ងាត់​ដោយ​គេហទំព័រ WikiLeaks ស្តីពី​ការណ៍​សម្ងាត់​យោធា និង​ទំនាក់ទំនង​ការទូត​។ អាមេរិក អះអាងថា ការបញ្ចេញ​ព័ត៌មាន​ដោយ​គេហទំព័រ​នេះ បណ្តាល​ឲ្យ​អ្នកការទូត និង​យោធា​របស់ខ្លួន​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត​បន្ថែមទៀត​។​
 
​តាំងពី​ឆ្នាំ​២០១២ លោក Assange បាន​ស្នាក់នៅ​ស្ថានទូត​អេក្វាទ័រ​នៅ​អង់គ្លេស ហើយ​ឆ្នាំ​២០១៩ ត្រូវបាន​បណ្តេញ​ចេញពី​ស្ថានទូត​អេក្វាទ័រ​នៅ​ខែមេសា ឆ្នាំ​២០១៩​។ នៅ​ខែមិថុនា ឆ្នាំ​២០១៩ ក្រសួងយុត្តិធម៌​អាមេរិក បានដាក់​សំណើ​ជា​ផ្លូវការ​ទៅ​អង់គ្លេស​ដើម្បី​ធ្វើ​បត្យាប័ន​លោក Assange ។ លោក Assagne បាន​តទល់​បណ្ដឹង​នេះ​។​
 
​ក្នុង​សវនាការ​ថ្ងៃទី​៤ ខែធ្នូ លោកស្រី Vanessa Baraitser ចៅក្រម​តុលាការ​ដំបូង​អង់គ្លេស អះអាងថា រដ្ឋអាជ្ញា​អាមេរិក​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ធ្វើ​បត្យាប័ន​លោក​Assange ទៅ​កាត់ក្តី​នៅ​ទីនោះ​។ ប៉ុន្តែ​លោកស្រី​បដិសេធ​ការធ្វើ​បត្យាប័ន​នេះ ដោយ​អះអាងថា អាមេរិក មិនមាន​សមត្ថភាព​ក្នុងការ​បង្ការ​លោក Assange ពី​ការធ្វើអត្តឃាត​ឡើយ​។ ក្រោម​ច្បាប់​បត្យាប័ន ចៅក្រម​អង់គ្លេស ត្រូវ​ពិចារណា​ពី​សុខភាព​របស់​ជនជាប់ចោទ មុននឹង​បញ្ជូនទៅ​កាត់ក្តី​នៅ​ប្រទេស​ផ្សេង​ដែរ​។​
 
​លោកស្រី​ចៅក្រម​លើកឡើង​ពី​ភស្តុតាង​ដែល​លោក​Assange ធ្វើបាប​ខ្លួនឯង និង​មានគំនិត​ចង់​ធ្វើអត្តឃាត​។ ជាក់ស្តែង​ក្នុង​ពន្ធនាគារ​អង់គ្លេស លោក Assange ទូរ​សព្ទ​រក​សេវា​ពិគ្រោះ​បង្ការ​ការធ្វើអត្តឃាត​ជាច្រើន​ដង និង​មាន​ឡា​ម​លាក់ទុក​នៅ​កន្លែង​ឃុំខ្លួន​ផងដែរ​។ លោកស្រី​ចៅក្រម បន្តថា លោក​Assange ជា​មនុស្ស​បាក់​ស្មារតី និង​ពេលខ្លះ​អស់សង្ឃឹម​ពី​អនាគត ដូច្នេះ​ការធ្វើ​បត្យាប័ន ជាការ​គាបសង្កត់​លើ​លោក​Assange ក្រោម​មូលហេតុ​សុខភាព​ផ្លូវចិត្ត​។​
 
​អាមេរិក បានប្រកាស​តតាំង​រឿងក្ដី​នេះ​ទៅកាន់​តុលាការ​ជាន់ខ្ពស់​អង់គ្លេស​ទៀត ដោយ​ព្យាយាម​ធ្វើ​បត្យាប័ន​លោក Assange ឲ្យ​បាន​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រសួងយុត្តិធម៌​អាមេរិក អាមេរិក នឹងដាក់​បណ្តឹងឧទ្ធរណ៍​ទៅ​តុលាការ​កំពូល​អង់គ្លេស​។ ក្រសួង​ដដែល​បន្ត​ក្នុងការ​កាត់ក្តី​នេះ អំណាះអំណាង​ផ្លូវច្បាប់​របស់ខ្លួន ត្រូវបាន​តុលាការ​អង់គ្លេស​ទទួលយក ជាពិសេស​ទាក់ទង​ទៅនឹង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​ហេតុផល​នយោបាយ​។​
 
​គេហទំព័រ​WikiLeaks ចាប់ផ្តើម​ចាប់​ល្បី​ពី​ឆ្នាំ​២០១០ មក ក្រោយពេល​គេហទំព័រ​នេះ​បង្ហាញ​វីដេអូ​ឧទ្ធម្ភាគចក្រ​អាមេរិក​បាញ់សម្លាប់​ជន​ស៊ីវិល រួមទាំង​អ្នកកាសែត Reuters ចំនួន​២​រូប​នៅ​អ៊ីរ៉ាក់ ក្នុង​ឆ្នាំ​២០០៧​។ ចាប់ពីពេលនោះ​មក ព័ត៌មាន​សម្ងាត់​ការទូត​រាប់ពាន់​ត្រូវបាន​ផ្សព្វផ្សាយ​លើ​គេហទំព័រ​នេះ​៕
 

Tag:
 អង់គ្លេស​
 ​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com