ជាតិ
យុវជនម្នាក់នៅកោះសូទិន ជោគជ័យក្នុងការចិញ្ចឹមឃ្មុំ ប៉ុន្តែមិនទាន់រកឃើញទីផ្សារ លោក ធី សំណាង អ្នកចិញ្ចឹមឃ្មុំ ក្នុងខេត្តកំពង់ចាម (រូបភាពពីហ្វេសប៊ុកលោក ធី សំណាង)
× លោក ធី សំណាង ចាប់ផ្ដើមចិញ្ចឹមឃ្មុំ នៅដើមឆ្នាំ២០១៩ ព្រោះតែសម្លឹងឃើញសក្តានុពលដើមគដែលនៅតំបន់ដែលខ្លួនរស់នៅ គឺនៅក្នុងភូមិខ្ពប់ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានវ័យ២៥ឆ្នាំ យុវជនសំណាង បានគូសបញ្ជាក់ថា ដើមគមានអំណោយផលក្នុងការចិញ្ចឹមឃ្មុំ ព្រោះសត្វឃ្មុំ នឹងក្រេបយកទឹកដមរបស់ផ្កាគដើម្បីផលិតចេញជាទឹកឃ្មុំ ដែលពលរដ្ឋខ្មែរនិយមប្រើប្រាស់ជាផលិតថែរក្សាសម្រស់ និងជាឱសថផ្សេងៗ។
នៅក្នុងឆ្នាំ២០១៩ យុវជន ធី សំណាង បានចាប់ផ្តើមស្រាវជ្រាវរបៀបចិញ្ចឹមសត្វឃ្មុំ ពីបណ្តាញយូធូប។ ក្រោយមានចំណេះដឹងខ្លះពីរបៀបចិញ្ចឹម និងចិត្តស្រឡាញ់ការងារកសិកម្មផងនោះ យុវជន ដែលមានទីលំនៅក្នុងភូមិខ្ពប់ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម។ យុវជនរូបនេះ បានសម្រេចចិត្តទិញឃ្មុំគេមួយធុង ក្នុងតម្លៃ១៧០ដុល្លារ មកចិញ្ចឹមសាកល្បង នៅក្នុងចម្ការគមួយកន្លែងនៅក្នុងភូមិរបស់ខ្លួន។ ការសាកល្បងបានជោគជ័យ យុវជន ធី សំណាង ដែលបច្ចុប្បន្ន មានេះវ័យ២៥ឆ្នាំ ក៏បានបំបែកសំបុកឃ្មុំ ជាបន្តបន្ទាប់ រហូតបាន១០សំបុក(ធុង) មកទល់នឹងបច្ចុប្បន្ន។
រូបពីហ្វេសប៊ុកលោក ធី សំណាង
អាចផលិតបានទឹកឃ្មុំ ចេញពីការសិក្សាតាមយូធូប ប៉ុន្តែយុវជនរូបនេះ ជួបប្រឈមនឹងការពិបាកស្វែងរកទីផ្សារលក់ ដោយសារតែខ្លួនទើបតែចាប់ផ្តើមចិញ្ចឹម និងមិនទាន់បណ្តាញជាមួយអ្នកចិញ្ចឹមឃ្មុំដទៃទៀត។ យុវជន ធី សំណាង ពន្យល់យ៉ាងដូច្នេះ៖«ដោយសារចិញ្ចឹមថ្មីៗ ពិបាករកទីផ្សារបន្តិច មិនដូចអ្នក ចិញ្ចឹមមុនៗ គេមានទីផ្សារស្រាប់ ពេលផលិតទឹកឃ្មុំបាន ក៏មានអ្នកទិញ»។
ទោះយ៉ាងណាក៏ដោយ យុវជនវ័យ ២៥ឆ្នាំរូបនេះ មិនមានចិត្តចង់បោះបង់ការចិញ្ចឹមដែលខ្លួនចេះនេះដោយលំបាកនោះទេ។ ផ្ទុយទៅវិញ រូបគេមានតែគម្រោងពង្រីកការចិញ្ចឹម ហើយថែមទាំងមានគម្រោងដាំដំណាំផងដែរ។
បើតាម យុវជន ធី សំណាង រដូវកាលប្រមូលផលទឹកឃ្មុំ ចាប់ផ្តើមពីពាក់កណ្ដាលខែធ្នូ រហូតដល់ចុងខែមករា។ ក្នុងមួយរដូ យុវជន ធី សំណាង អាចទទួលបានទឹកឃ្មុំ ប្រមាណ ៦០លីត្រ ជាមធ្យមពីឃ្មុំដែលខ្លួនកំពុងចិញ្ចឹមចំនួន១០ធុង។ ទឹកឃ្មុំមួយលីត្រ លោក សំណាង អាចលក់បានពី ៦ម៉ឺនរៀល ដល់៨ម៉ឺនរៀល៕
រូបពីហ្វេសប៊ុកលោក ធី សំណាង
Tag:
ចិញ្ចឹមឃ្មុំ
កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com