ជាតិ
សង្គមជាតិ
យុវតី​២​នាក់​រត់​ចម្ងាយ​១០០​គីឡូម៉ែត្រ​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​កុមារ​អូ​ទី​ហ្សឹ​ម​
05, Jan 2021 , 9:29 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ យុវតី​២​នាក់​ដែលមាន​អាយុ​១៥ និង​១៦​ឆ្នាំ សិក្សា​នៅ​ថ្នាក់​ទី​១០ និង​ទី​១១​នៅ​សាលារៀន​អន្តរជាតិ​ណត​ប្រី​ត បាន​ផ្តើមគំនិត​រត់​ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ខេត្តព្រៃវែង ដល់​ក្រុង​តាខ្មៅ រាជធានី​ភ្នំពេញ រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ ដើម្បី​ប្រមូល និង​អង្គាស​ថវិកា​មួយចំនួន​ជួយ​ដល់​សាលារៀន​ទន្សាយ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការរៀនសូត្រ​របស់​កុមារ​មាន​អូ​ទី​ស្សឹម​ជាង​៥០០​នាក់​។ 

 
​យុវតី ជី នី​កុ ដែលមាន​អាយុ​១៥​ឆ្នាំ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​បន្ទាប់ពី​បញ្ចប់​នៃ​ការរត់​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមករា​នេះ​ថា មូលហេតុ​ដែល​ពួកគេ​ផ្តើម​យុទ្ធនា​ការរត់​ចម្ងាយ​១០០​គីឡូម៉ែត្រ​នេះ គឺ​ពួកគេ​ចង់​បំផុសស្មារតី​ឲ្យ​ពលរដ្ឋ​គាំទ្រ​សកម្មភាព​ជួយ​សង្គម​តាមរយៈ​សកម្មភាព​ផ្សេងៗ ដោយ​ប្រមូល​ថវិកា​មួយចំនួន​ដើម្បី​ទៅ​ជួយ​ដល់​កុមារ​ដែលមាន​អូ​ទី​ស្សឹម និង​កុមារ​មាន​ពិការភាព​នៅ​សាលារៀន​ទន្សាយ​។ យុវ​សិស្ស​ទាំងពីរ​នាក់​នោះ​រត់​អម​ជាមួយនឹង​លោក សាយ ដែលជា​អ្នក​ផ្តួចផ្តើម​នៃ​យុទ្ធនា​ការរត់​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។ 


យុវតី២នាក់ដែល​រត់​ពី​ក្រោយ​លោក សាយ ដែល​ជាអ្នកផ្គួចផ្តើម​បង្កើតយុទ្ធនាការ​រត់ដើម្បីប្រមូល​ថវិកាជួយ​ដល់​មន្ទីរពេទ្យ​កុមារអង្គរ រូបភាពពីលោក ជី​ សិលាដែលជា​ឪពុករបស់​យុវតី​ ជី នីកូ 

«​ខ្ញុំ​មិនមែន​តែ​ចង់​ជួយ​ដល់​កុមារ​អូ​ទី​ស្សឹម​នោះទេ គឺ​ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​យើង​យល់ដឹង​ពី​ជំងឺ​អូ​ទី​ស្សឹម ដោយសារ​មនុស្ស​ភាគច្រើន​អត់​សូវ​យល់​ពី​ជំងឺ​ហ្នឹង វា​របៀប​ម៉េចៗ​នោះទេ​។ ហើយ​ខ្ញុំ​ក៏បាន​ឃើញថា​ពលរដ្ឋ​មួយចំនួន​គាត់​នៅមាន​ការរើសអើង​នូវ​អ្នកមាន​អូ​ទី​ស្សឹម​។ ចំពោះ​ឪពុកម្តាយ​ខ្លះ​គាត់​មានកូន​មាន​អូ​ទី​ស្សឹម​គាត់​ទុក​កូន​គាត់​នៅផ្ទះ​។ បើសិនជា​គាត់​ប​ញ្ចូ​ន​កូន​ទៅ​សាលា ក៏​អាចជួយ​គាត់​បាន​ច្រើន​ផងដែរ​»​។ 
 
​យុវតី ជី នី​កុ បាន​បញ្ជាក់ថា គិត​មកដល់​ថ្ងៃទី​៥ ខែមករា រយៈពេល​៣​ថ្ងៃ​មកនេះ រូបគេ​បាន​រត់​ជាមួយ​មិត្តភក្តិ​មា្ន​ក់ទៀត​បាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​មកហើយ ដែល​ប្រមូលបាន​ថវិកា​ពី​សប្បុរសជន​ដែល​បរិ​ច្ចោ​គ​តាម​គណនី​ធនាគារ​ផ្សេងៗ​បាន​ប្រមាណ​៤​ពាន់​ដុល្លារ​ហើយ ដែលជា​ថវិកា​លើសពី​ការគ្រោងទុក​ក្រោយ​បញ្ចប់​ការរត់​របស់​យុវ​សិស្ស​ទាំងពីរ​នាក់​នោះ​។ ដំបូង​ឡើយ​ពួកគេ​សង្ឃឹម​បានតែ ២ ទៅ​៣​ពាន់​ដុល្លារ​ប៉ុណ្ណោះ​។ 
 
 


 រូប​ខាង​​ឆ្វេង ជា​យុវតី​ ជី នីកុ អាយុ​​១៥ឆ្នាំ និង​រូប​នៅខាងស្តាំ ជា​យុវតី លីម ដាលែន អាយុ​១៦ឆ្នាំ។ ពួកគេទាំង​ពីរ​នេះជា​សិស្សថ្នាក់ទី១០ និងទី១១ ​នៅ​សាលារៀន​អន្តរជាតិ​ណតប្រីត រូបភាពពី​​យុវតី ជី នីកុ 
 
«​មុនដំបូង​ខ្ញុំ​សង្ឃឹមថា​បាន​ប្រហែលជា​២ ទៅ​៣​ពាន់​ដុល្លារ​។ ប៉ុន្តែ​ឥឡូវ​យើង​ប្រមូលបាន​៣ ទៅ​៤​ពាន់​ជាង​ដុល្លារ​ហើយ​។ ខ្ញុំ​មាន​គោលការណ៍​ថ្មី និង​សង្ឃឹមថា​នៅពេល​ចប់​សកម្មភាព​រត់​នឹង​ប្រមូលបាន​ពី​៥ ទៅ​៦​ពាន់​ដុល្លារ​»​។ នេះ​ជាការ​បញ្ជាក់​របស់​យុវ​សិស្ស នី​កុ ដោយ​បញ្ជាក់ថា​នៅសល់តែ​ជាង​៣០​គីឡូម៉ែត្រ​ទៀត និង​រត់​រយៈពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​យុវ​សិស្ស​ទាំងពីរ​នាក់​នោះ នឹង​ទៅដល់​គោលដៅ​កំណត់​ហើយ​។ 
 
​បើតាម​យុវតី នី​កុ  ការរត់​បាន​ចម្ងាយ​ជាង​៦០​គីឡូម៉ែត្រ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមក​របស់​យុវតី​ទាំងពីរ​នាក់​នោះ គឺ​ជួប​នូវ​បញ្ហា​សុខភាព​មួយចំនួន ប៉ុន្តែ​យុវតី​ទាំងពីរ​នាក់​នោះ​មិន​បោះបង់ចោល និង​ខិតខំ​រត់​ទៅមុខ​ជានិច្ច​ដើម្បី​សម្រេច​គោលដៅ​។ 


រូប​ខាង​​ឆ្វេង ជា​យុវតី​ ជី នីកុ អាយុ​​១៥ឆ្នាំ និង​រូប​នៅខាងស្តាំ ជា​យុវតី លីម ដាលែន អាយុ​១៦ឆ្នាំ។ ពួកគេទាំង​ពីរ​នេះជា​សិស្សថ្នាក់ទី១០ និងទី១១ ​នៅ​សាលារៀន​អន្តរជាតិ​ណតប្រីត រូបភាពពី​​យុវតី ជី នីកុ 

«​ប៉ុន្មាន​ថ្ងៃនេះ​ខ្ញុំ​បាន​ជួប​ការលំបាក​ខ្លះ ដោយ​ខ្ញុំ​រាង​ឈឺជង្គង់ ដោយសារ​ផ្លូវរ​ត់វា​អត់​សូវ​ស្មើ​។ ទាក់ទង​នឹង​ស្បែកជើង ស្បែកជើង​ខ្លះ​ពាក់​ទៅ រាង​ឈឺ​ជើង​ខ្លះ​។ ប៉ុន្តែ​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ នេះ​ជាការ​រៀបរាប់​របស់​យុវតី នី​កុ  ដែល​យុវតី​ទាំងពីរ​នាក់​នេះ​អាច​រត់​ដូច្នេះ​បាន​គឺ​ដោយសារតែ​យុវតី​ទាំងពីរ​នាក់​នេះ​ធ្លាប់មាន​បទពិសោធ​រត់​ប្រណាំង​នៅតាម​កម្មវិធី​មួយចំនួន​ផងដែរ​។ 
 
​ចំពោះ​យុវតី នី​កុ សង្ឃឹមថា​សកម្មភាព​នេះ​នឹង​ជួយ​ជំរុញ​ដល់​ពលរដ្ឋ​ផ្សេងៗ​អាចជួយ​សង្គម​ទៅតាម​លទ្ធផល​ដែល​អាចធ្វើ​ទៅបាន​។ «​មនុស្ស​ផ្សេងៗ​គ្នា​គឺ​គាត់​ចូលចិត្ត​អ្វី​ផ្សេងៗ​គ្នា ក្រៅពី​រត់ ពួកគាត់​អាចធ្វើ​អ្វី​ផ្សេងទៀត​បាន ដូចជា​ជិះ​កង់ ឬ​សកម្មភាព​អ្វី​ផ្សេងៗ​ទៀត​ជាដើម​»​។ នេះ​ជាការ​លើកឡើង​របស់​យុវតី នី​កុ ដោយ​បញ្ជាក់ថា​បន្ទាប់ពី​បញ្ចប់​យុទ្ធនា​ការរត់​នេះ ពួកគេ​នឹង​គ្រោង​រៃអង្គាស​ថវិកា​មួយចំនួនទៀត​សម្រាប់​ជួយ​ដល់​កុមារ​អូ​ទី​ស្សឹម​បន្តទៀត​នៅ​ថ្ងៃ​ខាងមុខ​។ 


សិស្សានុសិស្ស​ដែលកំពុងតែ​សិក្សានៅ​សាលារៀនទន្សាយ រូបភាពពី​សាលារៀន​ទន្សាយ​ 

​លោក ហ៊ុន តូច នាយក​ប្រតិបត្តិ​អង្គការ​សាលារៀន​ទន្សាយ បានបង្ហាញ​អារម្មណ៍​រីករាយ​នៅពេល​ដែលមាន​យុវតី​២​នាក់​ខិតខំ​ប្រឹងប្រែង​ប្រើ​កម្លាំងចិត្ត និង​កម្លាំងកាយ​សម្រាប់​ជួយ​ដល់​កុមារ​អូ​ទី​ស្សឹម​ចំនួន​៥៥៧​នាក់​។ លោក ហ៊ុន តូច​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​ពួកគាត់​ទាំងពីរ​ជា​គ្រាប់ពូជ​មួយ​ដែល​កំពុងតែ​លូតលាស់​ហើយ និង​បានធ្វើ​ឲ្យ​សង្គម​រំជើបរំជួល និង​ទទួលស្គាល់​។ ថវិកា​វា​ធំ ប៉ុន្តែ​ទឹកចិត្ត​អ្នក​ទាំងពីរ​គឺ​វា​ធំ​ជាង​ថវិកា​នោះ​ទៅទៀត​»​។  
 
​បើតាម​លោក ហ៊ុន តូច ថវិកា​ដែល​ប្រមូលបាន​ពី​យុទ្ធនា​ការរត់​ចម្ងាយ​១០០​គីឡូម៉ែត្រ​របស់​យុវតី​ទាំងពីរ​នាក់​នោះ ខាង​សាលា​របស់លោក​នឹង​យកទៅ​ផ្គត់ផ្គង់​ដល់​ការសិក្សា​របស់​កុមារ​អូ​ទី​ស្សឹម គ្រូបង្រៀន កសាង​អគារសិក្សា និង​រៀបចំ​ឲ្យ​មាន​សម្ភារ និង​បរិក្ខារ​សម្រាប់​បង្រៀន​ដល់​សិស្ស​អូ​ទី​ស្សឹម និង​កុមារ​មាន​ពិការភាព ដែល​បច្ចុប្បន្ន​សាលារៀន​របស់លោក​កំពុងតែ​មានការ​ខ្វះខាត​៕ 
 
 
 
 
 

Tag:
 យុវ​សិស្ស​
 ​អូ​ទី​ស្សឹម​
 ​កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com