អន្តរជាតិ
ពលរដ្ឋ​ហ្វីលីពីន​ទាមទារ​យុត្តិធម៌​ជូន​បាហុនិកា Dacera ដែល​ត្រូវបាន​រំលោភ​សម្លាប់​
05, Jan 2021 , 4:25 pm        
រូបភាព
ដោយ: រួបរួម
​ពលរដ្ឋ​សាមញ្ញ​រហូតដល់​តារា​ល្បីៗ​នៅ​ហ្វីលីពីន បានរួម​គ្នា​បង្កើត​ចលនា​ទាមទារ​រក​យុត្តិធម៌​ជូន​ដល់​នាង Christine Angelica Dacera អាយុ​២៣​ឆ្នាំ បាហុនិកា​តាម​យន្តហោះ​មួយរូប ដែល​រងគ្រោះ​ដោយសារ​ការរំលោភ​សម្លាប់​នៅក្នុង​បន្ទប់​សណ្ឋាគារ​មួយ​។​



Christine Angelica Dacera ជា​បាហុនិកា​តាម​យន្តហោះ និង​ជា​អតីត​បវរកញ្ញា​មួយរូប​។ នាង​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ​ជាមួយ​មិត្តភក្តិ​នៅក្នុង​ក្រុង Makati នា​ពិធី​អបអរ​ឆ្នាំ​ថ្មី​។ នា​រាត្រី​នោះ​ហើយ នាង​ត្រូវបាន​ប្រទះឃើញ​សន្លប់​ស្តូកស្តឹង​ក្នុង​អាង​ងូតទឹក​នៃ​បន្ទប់​សណ្ឋាគារ​មួយ ដែល​ក្រោយមក ត្រូវបាន​ប្រកាសថា ស្លាប់ ក្រោយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​
  


​យោងតាម​ការផ្សាយ​រប​ស់ Manilla Bulletin សព​របស់​នារី​បម្រើ​តាម​យន្តហោះ​រូបនោះ មាន​ស្នាម​ដាច់​រលាត់​ពេញ​ខ្លួន ហើយ​លទ្ធផល​កោសល្យ​វិ​ច្ឆ័​យ បាន​ប្រទះឃើញ​វត្តមាន​មេជី​វិត​ឈ្មោល​នៅក្នុង​ប្រដាប់បន្តពូជ​របស់​នាង ដែល​ត្រូវបាន​ប៉ូលិស​សន្និដ្ឋានថា ជា​ករណី​រំលោភ​សម្លាប់​។​
 
​មេ​ប៉ូលិស​ប្រចាំ​ក្រុង Makati លោក Harold Depositar បាន​អះអាង​ពី​ការចាប់ខ្លួន បុរស​៣​នាក់​ក្នុងចំណោម​ជនសង្ស័យ​១១​នាក់ ដោយ​អ្នក​ទាំងនោះ គឺជា​មិត្ត​ជិតស្និទ្ធ​របស់ Dacera ផ្ទាល់​តែម្តង​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក ម្តាយ​របស់ Dacera បាន​បញ្ជាក់ថា គាត់​អនុញ្ញាត​ឲ្យ​កូន​ទៅ​ជប់លៀង​ឆ្លង​ឆ្នាំ​ជាមួយ​មិត្តភក្តិ ពីព្រោះ​គាត់​ជឿជាក់​លើ​អ្នក​ទាំងនោះ​។ កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១ មករា ជនរងគ្រោះ​ក៏បាន​ទូរ​សព្ទ​ទៅ​គ្រួសារ​របស់ខ្លួន​ផងដែរ ហើយ​១២​ម៉ោង​ក្រោយមក ពួកគាត់​ទទួលបាន​ការរាយការណ៍​ពី​មិត្ត​ម្នាក់​របស់ Dacera ពី​ដំណឹង​មរណភាព​។​
 
​នៅលើ​បណ្តាញ​សង្គម ចលនា​ទាមទារ​រក​យុត្តិធម៌​ជូន Dacera បាន​ផុសផុល​យ៉ាងខ្លាំង តាមរយៈ Hashtag #JusticeForChristineDacera #ProtectDrunkGirls ដោយ​ពួកគេ​ឲ្យ​បញ្ឈប់​វប្បធម៌​លាមក​របស់​មនុស្ស​ប្រុស​ដែល​តែងតែ​សុំ​នារី​រួមភេទ ឬ​រំលោភ​នៅពេល នាង​ស្រវឹង​ខ្លាំង​។​
 
Kakie Pangilinan កូនស្រី​របស់​តារា​សម្តែង Sharon Cuneta និង​លោក Kiko Pangilinan ដែលជា​សមាជិក​ព្រឹទ្ធសភា បានសរសេរថា ការ​ស្លៀកពាក់ និង​ស្ថាន​ភាពស្រវឹង មិនត្រូវ​ក្លាយជា​ដើមហេតុ​នៃ​ការរំលោភ​នោះឡើយ​។​
 
Bianca Gonzales តារា​ដ៏​ល្បីល្បាញ​មួយរូប​នៅ​ហ្វីលីពីន បាន​លើកឡើងថា ការរំលោភ​គឺ​បង្កឡើង​ដោយ​អ្នករំលោភ មិនមែន​ដោយសារតែ​នរណាម្នាក់​ស្នើសុំ​នោះឡើយ​។ រីឯ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​មាន​ឥទ្ធិពល Kerwin King ទទូច​កុំ​ឲ្យ​នាំគ្នា​លើកយក​ករណី​ស្លៀកពាក់ ឬ​ស្ថាន​ភាពស្រវឹង​ធ្វើជា​ដើមហេតុ ឬ​ឱកាស​ដែល​ឈានដល់​ការរំលោភ​ឲ្យ​សោះ​។​


 
Dacera កើត​នៅ​ក្រុង General Santos​។ នៅ​ឆ្នាំ​២០១៧ នាង​បាន​សញ្ញាបត្រ​នៅ​សាកល​វិទ្យា University of the Philippines (UP) ជំនាញ​ទំនាក់ទំនង និង​សិក្សា​ព័ត៌មាន​។ 
 
​នៅ​ខែឧសភា ឆ្នាំ​២០១៩ នាង​ចាប់ផ្តើម​បម្រើការ​ជា​បាហុនិកា​នៅ Philippine Airlines​។ Dacera ក៏បាន​ឈានចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ការប្រកួត​បវរកញ្ញា Mutyang Davao ឆ្នាំ​២០១៩ ផងដែរ​៕
 

Tag:
 ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com